ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ឱ្យដឹងថា ពលរដ្ឋថៃនៅតាមព្រំដែនជាប់កម្ពុជា ពុំទុកចិត្តស្ថានការណ៍ក្រោយពីកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ក៏នាំគ្នាជម្លៀសចេញពីលំនៅឋាននៅស្រុកកាន់ថាឡាក ខេត្តស៊ីសាកេត ទៅកាន់កន្លែងសុវត្ថិភាពកាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បើទោះជាអាជ្ញាធរពុំប្រាប់ឱ្យជម្លៀសចេញក្តី ។

តាំងពីល្ងាចថ្ងៃទី១២ ខែសីហា នៅបរិវេណផ្លូវលេខ២២១ ស្រុកកាន់ថាឡាក ខេត្តស៊ីសាកេត មានរថយន្តពលរដ្ឋថៃធ្វើដំណើរជម្លៀសចេញពីលំនៅឋានខុសធម្មតា ដោយសារពួកគេទទួលបានដំណឹងថា នឹងមានការប៉ះទង្គិចគ្នាម្តងទៀតនៅព្រំដែនកម្ពុជា-ថៃ ។ ដំណឹងនេះធ្វើឱ្យពលរដ្ឋថៃបារម្ភ និងសម្រេចចិត្តជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ ដោយដឹកជញ្ជូនសម្ភារៈរបស់របរប្រើប្រាស់ចាំបាច់ ជាពិសេស ពលរដ្ឋនៅឃុំសៅធុងឆ័យជម្លៀសច្រើនជាងគេ ពីព្រោះឃុំនេះធ្លាប់រងផលប៉ះពាល់ ។
ពលរដ្ឋថៃនៅខេត្តស៊ីសាកេត និយាយថា ពួកគេសម្រេចចិត្តនាំក្រុមគ្រួសារ និងដឹកជញ្ជូនសម្ភារៈជម្លៀសចេញពីលំនៅឋានដោយសារពុំទុកចិត្តស្ថានការណ៍ បើទោះជាអាជ្ញាធរពុំទាន់ចេញសេចក្តីប្រកាសឱ្យពលរដ្ឋជម្លៀសក្តី ។ ពួកគេចង់ឱ្យស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃមានសុវត្ថិភាព និងស្ងប់ស្ងាត់ ពុំចង់ជម្លៀសចេញបន្តទៀតទេ ។

បើតាមមេភូមិ និងមេឃុំសៅធុងឆ័យ គឺពុំទាន់ទទួលបានសេចក្តីប្រកាសឱ្យជម្លៀសពលរដ្ឋចេញពីលំនៅឋានទេកាលពីថ្ងៃទី១២ ខែសីហា ប៉ុន្តែអាជ្ញាធរតាមដានស្ថានការណ៍យ៉ាងដិតដល់ ។ ពលរដ្ឋសម្រេចចិត្តដឹកសម្ភារៈជម្លៀសចេញពីលំនៅឋាននោះ ដោយសារពួកគេចង់ទៅកន្លែងមានសុវត្ថិភាព ពុំចង់រស់នៅតំបន់ប្រឈម ពួកគេធ្លាប់មានបទពិសោធន៍ជម្លៀសជាច្រើនលើក ។

នាវេលាម៉ោង១០និង៣២នាទី ថ្ងៃទី១២ ខែសីហា ហ្វេសប៊ុកផេកកងទ័ពភូមិភាគ២ថៃបានសរសេរថា ៖ «ស្ថានការណ៍នៅតាមបណ្តោយព្រំដែនមានសភាពធម្មតា គ្មានការតានតឹងដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមទេ សូមពលរដ្ឋកុំភ័យស្លន់ស្លោ» ។
ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ ព្រមទាំងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ពីស្ថានការណ៍ក្នុងខេត្តចំនួន៧ នៅព្រំដែនកម្ពុជា-ថៃ ចាប់ពីល្ងាចថ្ងៃទី១២ រហូតដល់ព្រឹកថ្ងៃទី១៣ ខែសីហា គឺគ្មានការប៉ះទង្គិចគ្នាទេ ។ ប៉ុន្តែកងទ័ពថៃបានពង្រាយកម្លាំងឈរជើងនៅតាមព្រំដែនយ៉ាងតឹងរ៉ឹងក្នុង១១តំបន់ និងត្រៀមខ្លួនបើមានការល្មើសអធិបតេយ្យ ។

លោក ជិរ៉ាយុ និយាយថា ភាគីថៃនៅតែប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ហើយលោកចោទប្រកាន់ថា កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសន្ធិសញ្ញាអូតាវ៉ា ។.png)
គួរបញ្ជាក់ថា ការជម្លៀសចេញពីលំនៅឋានរបស់ពលរដ្ឋថៃ គឺបណ្តាលមកពីកងទ័ពថៃខ្លួនឯងគំរាមចង់ប្រើប្រាស់កម្លាំងទ័ពប្រឆាំងកម្ពុជា ក្រោមហេតុផលកងទ័ពថៃដើរជាន់មីនដើម្បីយកលេសឈ្លានពានកម្ពុជាម្តងហើយម្តងទៀត ។ នេះជាការយកល្បិចចាស់ដដែលៗមកចោទប្រកាន់កម្ពុជា ពីព្រោះកងទ័ពថៃធ្លាប់ប្រើប្រាស់ល្បិចនេះនាពេលកន្លងមក ។
កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់តាមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ហើយកម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាពិសេស ចំណុចទី២ ដែលចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ព រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនឈរជើងឡើយ ៕










