ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានចោទប្រកាន់កម្ពុជាបង្កប់មីនដែលបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់ ព្រមទាំងប្រកាសប្រើប្រាស់សិទ្ធិការពារកងទ័ពថៃដោយពុំពាក់ព័ន្ធនឹងការចរចា ។ លោកថា កម្ពុជាពុំព្រមទទួលយកលក្ខខណ្ឌដែលថៃបានស្នើទេ ប៉ុន្តែថៃនឹងប្រើប្រាស់កាមេរ៉ាសម្រាប់ការល្បាតនៅតាមព្រំដែន និងគ្រឿងចក្រឈូសឆាយការពារកុំឱ្យកងទ័ពថៃជាន់មីនបន្តទៀត ។.png)
លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បាននិយាយកាលពីថ្ងៃទី១២ ខែសីហា ថា ហេតុការណ៍ទាហានឈុតខ្មៅថៃជាន់មីនពេលកំពុងល្បាតនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ដែលបណ្តាលឱ្យដាច់ជើងឆ្វេង គឺពេលនេះ មានសុវត្ថិភាពហើយ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចរបងលួសខាងលិច និងឆ្ងាយពីប្រាសាទតាមាន់ធំ ប្រមាណ១គីឡូម៉ែត្រ ។
ប្រសិនបើស្ថានការណ៍ស្ងប់ស្ងាត់ ថៃនឹងបញ្ជូនភ្នាក់ងារដោះមីនមកពីមជ្ឈមណ្ឌលដោះមីនមនុស្សធម៌ ចូលមកដោះមីននៅបរិវេណកើតហេតុនេះ ។ បើស្ថានការណ៍ពុំស្ងប់ស្ងាត់ ថៃនឹងប្រឆាំងជាមួយកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព ពីព្រោះថៃមានសិទ្ធិការពារខ្លួន និងការពារកងទ័ព ។.jpg)
ថៃកែសម្រួលផែនការល្បាតដើម្បីកុំឱ្យកងទ័ពប្រថុយនឹងគ្រាប់មីននៅព្រំដែន ដោយបង្កើនការប្រើប្រាស់កាមេរ៉ា និងគ្រឿងចក្រធំៗឈូសឆាយក្នុងតំបន់ល្បាត ជំនួសការល្បាតដោយកងទ័ពក្នុងតំបន់នីមួយៗ ។ ក្រៅពីនេះ ការប្រើប្រាស់កាមេរ៉ានឹងអាចបង្កើនការត្រួតពិនិត្យក្នុងចម្ងាយកាន់តែឆ្ងាយ ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុនស៊ីន ។
ដោយឡែក លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និយាយថា រដ្ឋាភិបាលថៃសោកស្តាយចំពោះហេតុការណ៍កងទ័ពរបួសដោយសារជាន់មីនពេលល្បាតនៅតំបន់ព្រំដែន ។ រដ្ឋាភិបាលថៃចាត់ទុកនេះជាហេតុការណ៍ល្មើសអធិបតេយ្យភាព ល្មើសអនុសញ្ញាអូតាវ៉ា និងជាទង្វើអមនុស្សធម៌ ។
លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ពីការផ្តល់ប្រាក់ឧបត្ថម្ភដល់កងទ័ពរបួសដោយសារជាន់មីន ។ ក្រសួងការពារជាតិនឹងពុំព្រងើយកន្តើយចំពោះហេតុការណ៍នេះ ហើយនឹងចាត់វិធានការដើម្បីការពារអធិបតេយ្យ និងសន្តិសុខជាតិ ។
ក្រៅពីនេះ រដ្ឋាភិបាលថៃបានអំពាវនាវដល់សហគមន៍អន្តរជាតិរួមគ្នាដាក់សម្ពាធលើកម្ពុជា ដើម្បីពន្លឿនកិច្ចសហការបោសសម្អាតមីនជាបន្ទាន់ ។ ក្រៅពីនេះ រដ្ឋាភិបាលថៃស្នើឱ្យរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាពិនិត្យមើលជំនួយឡើងវិញសម្រាប់កំណត់វិធានការចាំបាច់ផ្សេងទៀតក្នុងគោលបំណងបញ្ឈប់គ្រោះថ្នាក់ដោយសារមីន ។ នេះបើតាមការលើកឡើងរបស់លោក ជិរ៉ាយុ ៕










