ប្រទេសថៃ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ News In Thailand រាយការណ៍ថា មន្ទីរពេទ្យថៃឈ្មោះ «Sunpasitthiprasong Hospital» នៅខេត្តឧប៊ុនរ៉ាជថានី បានចេញសេចក្តីប្រកាសបន្ទាន់ផ្អាកទទួលព្យាបាលអ្នកជំងឺកម្ពុជា និងផ្អាកការងារបណ្តោះអាសន្នរបស់ជំនួយការទំនាក់ទំនងជ.នជាតិកម្ពុជា ដោយសារស្ថានការណ៍អសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពប្រទេសថៃ ។

មន្ទីរពេទ្យនេះបញ្ជាក់ថា កន្លងមក មន្ទីរពេទ្យបានទទួលព្យាបាលអ្នកជំងឺជនជាតិថៃ អ្នកជំងឺបរទេស និងអ្នកជំងឺកម្ពុជាដែលបានធ្វើដំណើរមកព្យាបាលនៅមន្ទីរពេទ្យថៃ ប៉ុន្តែដោយសារស្ថានការណ៍អសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យមន្ទីរពេទ្យសម្រេចចិត្តផ្អាកព្យាបាលអ្នកជំងឺកម្ពុជាមួយរយៈ ។ បន្ទាប់ពីប្រជុំគណៈកម្មការគ្លីនិក មន្ទីរពេទ្យ Sunpasitthiprasong បានឯកភាពកំណត់ការផ្អាកសេវាកម្មដូចខាងក្រោមនេះ ៖

១-ផ្អាកការងារបណ្តោះអាសន្នរបស់ជំនួយការទំនាក់ទំនងជនជាតិកម្ពុជា និងអ្នកស្ម័គ្រចិត្តបរទេស
២-បិទការផ្តល់សេវាកម្ម SMC Ptemium ជាបណ្តោះអាសន្ន
៣-លុបចោលការទទួលថ្នាំពេទ្យជំនួស និងផ្អាកទទួលអ្នកជំងឺកម្ពុជា
៤-អ្នកជំងឺកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ត្រូវតែកំណត់ទីកន្លែងច្បាស់លាស់ ។
ការប្រកាសបន្ទាន់របស់មន្ទីរពេទ្យ Sunpasitthiprasong នៅខេត្តឧប៊ុនរ៉ាជថានី ផ្អាកព្យាបាលអ្នកជំងឺកម្ពុជាទាំងអស់ គឺអនុវត្តចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។ ប៉ុន្តែពុំទាន់មានព័ត៌មានច្បាស់លាស់ថា តើមន្ទីរពេទ្យនេះនឹងផ្អាកព្យាបាលអ្នកជំងឺកម្ពុជាជាបណ្តោះអាសន្ន ឬក៏យ៉ាងណា ។
គួរបញ្ជាក់ថា តាំងពីកងទ័ពថៃឈ្លានពាន និងបាញ់ប្រហារមុនមកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា សារព័ត៌មានថៃផ្សាយបំភ្លៃថា កងទ័ពកម្ពុជាជាអ្នកបាញ់ប្រហារមុនមកលើថៃ ហើយចោទប្រកាន់ថា កងទ័ពកម្ពុជាបាញ់មកលើតំបន់ស៊ីវិល និងបាញ់ទីតាំងមន្ទីរពេទ្យថៃនៅព្រំដែន ។ ហេតុនេះ មន្ទីរពេទ្យថៃតាមព្រំដែនមួយចំនួនបានទម្លាក់ស្លាកអក្សរខ្មែរចេញដើម្បីប្រឆាំងវិញ ខណៈពលរដ្ឋថៃថា មន្ទីរពេទ្យថៃតាមព្រំដែនតែងតែព្យាបាលអ្នកជំងឺកម្ពុជារហូតមក ប៉ុន្តែបែរជាខូចខាតដោយសារសង្គ្រាម ៕










