(ភ្នំពេញ)៖ ជុំវិញចម្ងល់របស់ពលរដ្ឋទូទៅ ដែលចង់ដឹងអំពីមូលហេតុដែលរដ្ឋាភិបាលមិនបញ្ចេញព័ត៌មានការចាប់ខ្លួនទាហានខ្មែរពីសំណាក់ទាហានថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការបញ្ជាក់ថា អាយុជីវិតរបស់កងកម្លាំង គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ដូច្នេះការគ្រប់គ្រងព័ត៌មាននៅលើសមរភូមិ ក៏មានសារៈសំខាន់ដូចគ្នា ក្នុងការការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។
.png)
ក្រោយមានពលរដ្ឋជាច្រើនចោ.ទសួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បា.ញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយយ៉ាងដូច្នេះថា៖
ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។
នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ នេះបើយោមតាមប្រសាសន៍របស់សម្ដេច ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែកក្កដា នេះ។

សារដដែលបានឲ្យដឹងទៀតថា៖ នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។

ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានអោយបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់អោយប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។
សម្ដេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។ ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាក៏បានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឲ្យមានការដោះលែងយោធិនយើងត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុត។

បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយអន្តរាគមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើទៅអគ្គបញ្ជាការកងទ័ពថៃ អោយជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ៕










