សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាននានារបស់បរទេសរាយការណ៍ថា លោក Sean K. O’Neill ដែលត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ជូនមកធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសថៃ ព្រមានថា ថៃធ្វើសង្គ្រាមឈ្លានពានប្រទេសជិតខាង គឺកម្ពុជា នឹងធ្វើឱ្យរង្គោះរង្គើ ឬប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងអាមេរិក និងថៃ ។

ពេលមានការចោទសួរនៅសមាជិកព្រឹទ្ធសភាអំពីថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាដែលអូសបន្លាយពេលរហូតដល់៥ថ្ងៃ លោក O’Neill និយាយថា លោកនឹងជូនដំណឹងទៅទីក្រុងបាងកកឱ្យដឹងច្បាស់ថា ការធ្វើសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ បានប៉ះពាល់ពលរដ្ឋថៃខ្លួនឯង និងប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងអាមេរិក និងថៃ ។

បន្ទាប់មក ក៏មានសំណួរថា តើលោកនឹងមានវិធានការដូចម្តេចដើម្បីផ្លាស់ប្តូរពីការឈប់បាញ់គ្នារវាងប្រទេសទាំងពីរទៅជាសន្តិភាពយូរអង្វែង? លោក O’Neill ឆ្លើយថា កិច្ចការដំបូងដែលលោកត្រូវធ្វើ គឺលោកនឹងប្រាប់ទៅប្រទេសថៃដែលជាមិត្តតាមសន្ធិសញ្ញាជាមួយអាមេរិកនៅតំបន់អាស៊ីថា ការធ្វើសង្គ្រាមបែបនេះ ជម្លោះបែបនេះ ពុំបានជួយពលរដ្ឋថៃឡើយ ថៃពុំបានធ្វើអ្វីដើម្បីជំរុញមិត្តភាពជាមួយអាមេរិក ហើយថៃពុំដោះស្រាយបញ្ហាកំពុងប្រឈមជាមួយអាមេរិក ។ ថៃបែរជាធ្វើឱ្យកងទ័ព និងពលរដ្ឋបាត់បង់ជីវិត រួមទាំងខូចខាតទ្រព្យសម្បត្តិ ។

លោក O’Neill ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសថៃ និងធ្លាប់ធ្វើជាមន្ត្រីទូតនៅថៃចំនួន២លើក បាននិយាយពីគោលជំហរច្បាស់លាស់របស់អាមេរិក និងព្រមានរដ្ឋាភិបាលថៃបែបនេះ ក្រោយពីមេដឹកនាំកម្ពុជា-ថៃបានទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ដើម្បីចរចាកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ដែលចូលជាធរមានចាប់ពីដើមថ្ងៃទី២៩ ខែកក្កដា ក្រោមការសម្របសម្រួលរបស់ប្រធានអាស៊ាន និងការអង្កេតការណ៍របស់មហាអំណាចអាមេរិក និងមហាអំណាចចិន ។

ជំនួបចរចាកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃនៅម៉ាឡេស៊ី កើតឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងមកកាន់មេដឹកនាំកម្ពុជា-ថៃថា អាមេរិកនឹងពុំចរចាពាណិជកម្មជាមួយប្រទេសទាំងពីរទេ ប្រសិនបើប្រទេសទាំងពីរនៅតែបន្តសង្គ្រាម ។

គួរបញ្ជាក់ថា បើទោះជារដ្ឋាភិបាល កងទ័ព និងពលរដ្ឋថៃព្យាយាមលាបពណ៌ចោទប្រកាន់កម្ពុជា និងប្រាប់ពិភពលោកថា កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ក្តី ប៉ុន្តែពិភពលោកដឹងការពិតអស់ហើយ គឺថៃខ្លួនឯងទេដែលបំពានកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់ ។

អ្នកសារព័ត៌មានសិង្ហបុរី Channel News Asia ដែលបានមកកម្ពុជាផ្ទាល់ និងធ្វើសេចក្តីរាយការណ៍ព័ត៌មានពីតំបន់ព្រំដែនកាលពីថ្ងៃទី៣០ ខែកក្កដា បញ្ជាក់ថា ៖ «កម្ពុជាពុំបានល្មើសបទឈប់បាញ់ដែលកម្ពុជា-ថៃព្រមព្រៀងគ្នានៅម៉ាឡេស៊ីកាលពីថ្ងៃទី២៨ កក្កដា ដូចការចោទប្រកាន់របស់រដ្ឋាភិបាលថៃទេ» ៕