តារាចម្រៀង ចេន ម្ចាស់បទ «ពងទា» បានប្រកាសជាសាធារណៈអំពីការលុបបទចម្រៀង Cover ថៃកាលពីមុនរបស់ខ្លួនចាប់តាំងពីថ្ងៃដំបូង(២៤ កក្កដា) ដែលថៃចូលមកឈ្លានពានកម្ពុជា។ លើសពីនេះតារាចម្រៀងរូបនេះក៏ប្តេជ្ញាឈប់ច្រៀងបទតទៀតព្រមទាំងផ្តាំផ្ញើដល់តារាចម្រៀងផ្សេងទៀតកុំ Cover បទប្រទេសដទៃទៀតជៀសវាងមានបញ្ហាគេយកចំណុចនេះមកវាយប្រហារ។

តារាចម្រៀង ចេន បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា«មានរឿងមួយទៀតដែលបងប្អូនអ្នកគាំទ្រសំណូមពរខ្ញុំឈប់ច្រៀងបទថៃ បងប្អូនមិនបាច់សុំទេ ខ្ញុំនឹងធ្វើជូនបងប្អូនដោយក្តីគោរពស្រលាញ់ ហើយរាល់វីដេអូបទថៃខ្ញុំបានលុបភ្លាមៗតាំងពីថ្ងៃសង្រ្គាមដំបូងម៉្លេះ ខ្ញុំរាល់ថ្ងៃនិពន្ធបទចម្រៀងគរទុកពេញស្តុកកុំបារម្ភ»។
តារាចម្រៀងប្រុសរូបនេះថាលោកនឹងមិនធ្វើឱ្យប្រទេសជាតិលក់មុខដោយសារបទចម្រៀងឡើយ។ ចេន ក៏បានអំពាវនាវដល់សិល្បករ សិល្បការិនីដទៃទៀតឈប់ច្រៀងបទចម្លងគេទៀតមិនថាប្រទេសណាក៏ដោយ ជៀសវាងមានបញ្ហាគេយកចំណុចនេះមកវាយប្រហារ។ ម្ចាស់បទ«ជូនអូនទៅរកគេ» បានឱ្យដឹងទៀតថាក្នុងប្រទេសកម្ពុជាមានអ្នកមានសមត្ថភាពនិពន្ធច្រើនគ្មានហេតុផលអ្វីត្រូវច្រៀងបទគេទៀតទេ។

ជាមួយគ្នានេះ ចេន ក៏បានស្នើដល់ទស្សនិកជនងាកមកគាំទ្រចម្រៀងស្នាដៃនិពន្ធក្នុងស្រុក កុំឱ្យតម្លៃគេខ្លាំងពេកដល់ថ្នាក់ មើលងាយសិល្បករសិល្បការនីខ្លួនឯងពេក។ ចេន បញ្ចប់សំណេររបស់ខ្លួនជាមួយនឹងពាក្យថា «យើងចាប់ផ្តើមជាថ្មីលើទឹកដីសុវណ្ណភូមិ»។

ជាមួយនឹងសំណេរខាងលើនេះតារាចម្រៀង ចេន ក៏បានបង្ហាញពីការតស៊ូលើអាជីពចម្រៀងរបស់ខ្លួនមិនខុសគ្នាពីកងទ័ពនោះទេ។ លោកសរសេរក្នុងផ្នែកបញ្ចេញមតិយោបល់ថា «តាំងពីថ្ងៃខ្ញុំចូលមកតស៊ូនៅភ្នំពេញដំបូង២០១៤ ខ្ញុំនិពន្ធបទថ្មីមករហូត ១១ឆ្នាំហើយ ហើយពីពេលនេះ២០២៥ ទៅមុខទៀតនៅតែនិពន្ធបទថ្មីរហូតព្រោះវាជាឆន្ទៈខ្ញុំ។ បទដែលសាងឈ្មោះអត់ក្រោម២០បទទេ និពន្ធបទpre-wedding ជាច្រើនជូនដល់គូស្វាមីភរិយា លូវនៅនិពន្ធ៣គូទៀត ដោយសារសង្រ្គាម ទើបអារម្មណ៍អត់មូល»។
លោកបន្ថែមទៀតថា «១១-១២ឆ្នាំមកនេះជួបរឿងរ៉ាវឆ្អែតហើយ បើមិនស៊ូណាស់មិននិពន្ធណាស់អ្នកទាំងអស់គ្នាគិតថា២០២៥នៅឈរជើងបានចឹងទេ តារាចម្រៀងមិនមែនចេះតែធ្វើទៅល្បីគ្រប់គ្នាទេ។ YouTube ខំសាងបទរាប់សិបលានviews ត្រូវគេហែកអត់មាត់មួយម៉ាត់ផង ខាំមាត់ធ្វើពីសូន្យវិញទៀត បើនិយាយរឿងស៊ូឈរជើងវិស័យសិល្បៈខ្ញុំមិនខុសពីបងៗកងទ័ពទេ ធ្វើមិនប្រាកដគេវ៉ៃបាក់ឈប់យូរហើយខ្វះ អីពួកខូចលួចហែកពួកចង់កំទេចឈ្មោះ តែភាពស្មោះត្រង់អំពើល្អជួយសព្វថ្ងៃនេះ…»៕










