ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បេក្ខភាពលេចធ្លោរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥បានបង្ហាញវីដេអូខ្លីមួយនៅលើបណ្តាញសង្គមទិកតុកពីវីដេអូខលរបស់ខ្លួនជាមួយនឹង ទេព បូព្រឹក្ស និង អ៊ិន លក្ខិណា។

ហ្វីយ៉ាតា បានបង្ហោះវីដេអូខ្លីជាមួយនឹងប្រយោគថា My ENERGY ។ ទោះយ៉ាងណា ហ្វីយ៉ាតា បង្ហោះវីដេអូខ្លីនេះតែនៅលើបណ្តាញសង្គមទិកតុកប៉ុណ្ណោះ ហើយក៏មិនបាន បង្ហាញខ្លឹមសារការនិយាយគ្នារបស់អ្នកទាំង៣ប្រាប់ទៅទស្សនិកជនឱ្យបានដឹងដែរ។ 
ទោះបីជាការគាំទ្រនេះបែបស្ងាត់ៗពីសំណាកតារាចម្រៀង ទេព បូព្រឹក្ស និង អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ក៏បានធ្វើឱ្យអ្នកគាំទ្រផ្សេងទៀតបញ្ចេញមតិថា ហ្វីយ៉ាតា នឹងទទួលបានជម្នះក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ បេក្ខភាពរូបនេះគឺមានចំណេះជំនាញច្រើនក្នុងអាជីពសិល្បៈរួមទាំងមានមុខជំនួញផ្ទាល់ខ្លួន។ នាងក៏បេក្ខនារីម្នាក់ដែលមានកូនចូលរួមប្រកួតក្នុងកម្មវិធីនេះផងដែរ។

កាលកន្លងមកនេះ ហ្វីយ៉ាតា MUC07 បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការពេញចិត្តចំពោះសម្តីនាងបន្ទាប់ពីនាងនិយាយថាមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន។ នេះនាងមានន័យថារាល់បេក្ខភាពដែលចូលរួមប្រកួតទាំងអស់មិនថាបេក្ខភាពជំនាន់ថ្មីឬចាស់ ហ្វីយ៉ាតា មិនមើលស្រាលដៃគូប្រកួតឡើយ។
គួរបញ្ជាក់ផងដែរថា ការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥មានបេក្ខនារីទាំងអស់ ចំនួន២០រូបដែលត្រូវប្រជែងគ្នាដើម្បីមានឱកាសតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសថៃ។ វគ្គប្រកួតបឋម Miss Universe Cambodia 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដែលមានទីតាំងនៅសាលវិមាន ពហុកីឡាដ្ឋានជាតិអូឡាំពិក៕










