ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Better News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា ដោយសារការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃខ្លាំងក្លា មេបញ្ជាការកងទ័ពថៃបានបញ្ជាឱ្យកងទ័ពប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន៦គ្រឿង សម្រាប់ប្រតិបត្តិការនៅព្រំដែនអានម៉ា ខេត្តឧប៊ុនរ៉ាជថានី (នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ។ នាវេលាម៉ោង១០និង៥៨នាទី ហ្វេសប៊ុកផេករបស់កងទ័ពថៃភូមិភាគ២ បានបង្ហោះថា យន្តហោះចម្បាំងថៃ F-16 បានបំផ្លា.ញទីតាំងកងទ័ពកម្ពុជា ហើយយន្តហោះចម្បាំងទាំងអស់ពុំត្រូវបានកងទ័ពកម្ពុជាបា.ញ់ធ្លាក់ទេ ។
ចំពោះការផ្សព្វផ្សាយព័ត៌មានថា មានការបាញ់ធ្លាក់យន្តហោះចម្បាំងថៃ F-16 នោះ កងទ័ពថៃបានបដិសេធថា វាជាព័ត៌មានក្លែងក្លាយ ពីព្រោះយន្តហោះចម្បាំង F-16 ទាំងអស់មានសុវត្ថិភាព និងកំពុងត្រៀមបំពេញភារកិច្ចជំហ៊ានទី២ ។ នាវេលាម៉ោង១២និង២២នាទី យន្តហោះចម្បាំង F-16 ចំនួន៦គ្រឿងរបស់កងទ័ពអាកាសថៃបានបញ្ចប់ការទម្លាក់គ្រាប់បែកលើទីតាំងកងទ័ពកម្ពុជានៅច្រកអនសេះ និងធ្វើដំណើរត្រឡប់មកមូលដ្ឋានវិញ ។
មេបញ្ជាការកងទ័ពអាកាសថៃ លោក ផាន់ភក្តី ផាត់ណាគុន បានបញ្ជាឱ្យកងទ័ពថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន៦គ្រឿង ការពារអធិបតេយ្យនៅព្រំដែនកម្ពុជា-ថៃ ក្រោយពីកងទ័ពប្រទេសទាំងពីរបានផ្ទុះអាវុធជាបន្តបន្ទាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ។ ពេលនេះ កងទ័ពថៃកំពុងរង់ចាំបញ្ជាពីមេបញ្ជាការកងទ័ពដើម្បីបាញ់នៅទីតាំងកងទ័ពកម្ពុជា ។ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃឱ្យដឹងថា យន្តហោះចម្បាំងថៃ F-16 ទាំង៦គ្រឿងនេះ ពុំត្រូវបានកងទ័ពកម្ពុជាបាញ់ធ្លាក់ទេ ។
ដោយឡែក ស្ថានទូតថៃនៅរាជធានីភ្នំពេញ បានប្រកាសឱ្យជនជាតិថៃទាំងអស់ដែលគ្មានការងារចាំបាច់ ប្រញាប់ធ្វើដំណើរចាកចេញពីកម្ពុជាឱ្យបានឆាប់រហ័សបំផុត ។ ហ្វេសប៊ុកផេកស្ថានទូតថៃ «Royal Thai Embassy, Phnom Penh» បានសរសេរថា ស្ថានទូតបានតាមដានស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃយ៉ាងដិតដល់ និងសូមប្រកាសថា ពេលនេះ ស្ថានការណ៍កាន់តែឈានទៅធ្ងន់ធ្ងរជាបន្តបន្ទាប់ និងមានការប៉ះទង្គិចនៅតំបន់ព្រំដែនជាច្រើន ។
ហេតុនេះ ស្ថានការណ៍អាចនឹងអូសបន្លាយយូរ និងកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។ ស្ថានទូតថៃសូមណែនាំឱ្យជនជាតិថៃដែលស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា និងគ្មានភាពចាំបាច់ ប្រញាប់ធ្វើដំណើរចាកចេញពីកម្ពុជាឱ្យបានឆាប់បំផុតដើម្បីសុវត្ថិភាព ។ ក្រៅពីនេះ សូមជនជាតិថៃគ្មានភាពចាំបាច់ផ្អាកការធ្វើដំណើរមកកម្ពុជាពេលនេះ រហូតដល់ស្ថានការណ៍ធូរស្រាលវិញ ៕










