វៀតណាម៖ អាកាសយានដ្ឋានធំៗចំនួន២ របស់វៀតណាមត្រូវបានប្រកាសថានឹងត្រូវបិទជាបណ្ដោះអាសន្នភ្លាមៗ បន្ទាប់ពីមានការវា.យប្រ.ហារខ្លាំងក្លាដោយព្យុះទីហ្វុង Wipha នៅភាគខាងជើងប្រទេសក្នុងកំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
យោងតាមសារព័ត៌មាន VN Express នាថ្ងៃពុធ ទី២២ កក្កដា បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងព្យុះទីហ្វុង Wipha ដែលបានបោកបក់មកសមុទ្រខាងកើតជាលើកទី៣ក្នុងឆ្នាំនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានសម្រេចផ្អាកការទទួល និងប្រតិបត្តិការយន្តហោះជាបណ្ដោះអាសន្ននៅអាកាសយានដ្ឋានចំនួន២ ដែលស្ថិតនៅក្នុងតំបន់រងគ្រោះនៅថ្ងៃទី ២១ និង ២២ ខែកក្កដា។
តាមប្រភពដដែលបានឲ្យដឹងទៀតថា អាកាសយានដ្ឋានទាំងពីរដែលនឹងត្រូវបិទជាបណ្ដោះអាសន្ននោះរួមមាន អាកាសយានដ្ឋានអន្តរជាតិ Van Don នៅខេត្ត Quang Ninh ភាគខាងជើង និងអាកាសយានដ្ឋានអន្តរជាតិ Cat Bi ក្នុងទីក្រុង Hai Phong ដែលនឹងបិទចាប់ពីម៉ោង ១១ យប់ ថ្ងៃទី 21 ខែកក្កដាដល់ថ្ងៃត្រង់ថ្ងៃទី 22 ខែកក្កដា។
ទន្ទឹមនឹងនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានស្នើសុំអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ និងអាកាសយានដ្ឋាន Tho Xuan ក្នុងខេត្ត Thanh Hoa បន្តតាមដានព្រឹត្តិបត្រឧតុនិយម និងស្នើការកែសម្រួលសមស្របទៅនឹងកាលវិភាគប្រតិបត្តិការរបស់ពួកគេប្រសិនបើចាំបាច់។.png)
ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ត្រូវជូនដំណឹងយ៉ាងសកម្មដល់អ្នកដំណើរអំពីការផ្លាស់ប្តូរនៃកាលវិភាគហោះហើរ ដូច្នេះអ្នកដំណើរអាចរៀបចំការធ្វើដំណើររបស់ពួកគេឲ្យបានសមស្រប។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ក៏បានព្រមានដែរថា ភ្លៀងធ្លាក់ខ្លាំងដែលត្រូវបាននាំមកដោយព្យុះនេះ អាចនឹងបង្កឱ្យមានទឹកជំនន់នៅព្រលានយន្តហោះមួយចំនួនដែលស្ថិតនៅតំបន់រងផលប៉ះពាល់ដោយផ្ទាល់ផងដែរ។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរបានកត់សម្គាល់ថា បន្ទាប់ពីព្យុះនេះរលាយបាត់ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់លើធនធានរបស់ពួកគេ ដើម្បីស្តារប្រតិបត្តិការហោះហើរធម្មតាឡើងវិញភ្លាមៗ៕










