ប្រទេសថៃ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង គំរា.មបិទប្រាសាទតាមាន់ធំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ រយៈពេល១សប្តាហ៍ ក្រោមហេតុផលពលរដ្ឋខ្មែរបង្កបញ្ហា ។ លោកចាត់ទុកកម្ពុជាពុំអាចគ្រប់គ្រងពលរដ្ឋរបស់ខ្លួន ប្រសិនបើពលរដ្ឋខ្មែរមកលេងប្រាសាទតាមាន់ធំ ហើយបង្ហាញអត្តសញ្ញាណខ្មែរ ឬធ្វើអ្វីមួយដែលថៃចាត់ទុកជាទង្វើគួរឱ្យស្អប់ខ្ពើ.ម ។
នាវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា នៅទីបញ្ជាការកងទ័ពជើងគោក លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បាននិយាយពីការរៀបចំសណ្តាប់ធ្នាប់នៅប្រាសាទតាមាន់ធំថា ភ្ញៀវទេសចរគ្រប់ជាតិសាសន៍អាចមកលេងប្រាសាទនេះបាន ប៉ុន្តែត្រូវតែគោរពច្បាប់ថៃ ។ ប្រសិនបើភ្ញៀវទេសចរបង្កបញ្ហា ឬមានជម្លោះវាយតប់គ្នា លោកនឹងបញ្ជាឱ្យបិទប្រាសាទរយៈពេល១សប្តាហ៍ ដើម្បីរៀបចំគោលការណ៍ថ្មី ។
រដ្ឋាភិបាលថៃបានបញ្ជូនប៉ូលិសសណ្តាប់ធ្នាប់មកគ្រប់គ្រងក្រុមភ្ញៀវទេសចរមកលេងប្រាសាទតាមាន់ធំ ថែមទាំងបញ្ជូនទាហានឈុតខ្មៅផងដែរ ។ លោក ប៊ុនស៊ីន មានគម្រោងទប់ស្កាត់ការបង្កបញ្ហារបស់ភ្ញៀវទេសចររួចហើយ ប៉ុន្តែលោកសង្កេតឃើញថា ពេលនេះ ពុំទាន់មានបញ្ហាអ្វីកើតឡើងនៅប្រាសាទតាមាន់ធំទេ ។
លោកបន្តថា ខាងកម្ពុជាពុំអនុញ្ញាតឱ្យថៃបិទប្រាសាទតាមាន់ធំ ហើយលោកបានជជែកជាមួយកងទ័ពកម្ពុជាដោយសង្កត់ធ្ងន់ឱ្យកម្ពុជាគ្រប់គ្រងពលរដ្ឋរបស់ខ្លួន បើគ្រប់គ្រងពលរដ្ឋមិនបានទេ លោកនឹងបិទប្រាសាទតាមាន់ធំភ្លាម ។ បើពលរដ្ឋខ្មែរបង្ហាញអត្តសញ្ញាណជាតិ ឬធ្វើអ្វីមួយដែលថៃចាត់ទុកថា ជាទង្វើគួរឱ្យស្អប់ខ្ពើម លោកនឹងបិទប្រាសាទដើម្បីឱ្យស្ថានការណ៍ធូរស្រាល ។
លោកបានជជែកជាមួយកងទ័ពកម្ពុជាឱ្យពិនិត្យមើលភ្ញៀវទេសចរខ្មែរដែលចង់បង្កបញ្ហានៅប្រាសាទតាមាន់ធំ ពីព្រោះថៃពុំចង់ឱ្យពួកគេឡើងប្រាសាទ ដោយការកំណត់ចំនួនភ្ញៀវទេសចរមិនលើសពី១០០នាក់ក្នុង១ថ្ងៃ ។
លោកបាននិយាយពីករណីកងទ័ពថៃ៣នាក់ដើរល្បាតជាន់មីនដាច់ជើង និងរងរបួសថា ថៃនឹងដោះស្រាយបញ្ហា បើទោះកម្ពុជាបញ្ជាក់ពុំបានបង្កប់មីន ប៉ុន្តែថៃដឹងច្បាស់ពីប្រទេសជិតខាង ។ វាជាតួនាទីរបស់ក្រសួងការបរទេសថៃដែលត្រូវចាត់វិធានការ ខណៈកងទ័ពក៏បានតវ៉ារួចហើយ ចាប់ពីពេលនេះ នឹងគ្មានការដើរល្បាតនៅកន្លែងចាស់ កុំឱ្យកងទ័ពថៃប្រឈមគ្រោះថ្នាក់ ។ ថៃនឹងប្រើប្រាស់ត្រាក់ទ័របើកបរនៅតំបន់មានមីន ហើយនឹងពិនិត្យមើលតំបន់ផ្សេងៗ តើមានមីនឬអត់ ។.jpg)
ក្រៅពីនេះ ថៃនឹងតវ៉ាទៅសហគមន៍អន្តរជាតិឱ្យរិះគន់កម្ពុជាដែលល្មើសអនុសញ្ញាអូតាវ៉ា និងល្មើសកិច្ចព្រមព្រៀងដែលធ្វើរួមគ្នា ។ រីឯការសហការជាមួយឡាវឱ្យចូលរួមដាក់សម្ពាធកម្ពុជា ដូចជា ៖ កាត់ផ្តាច់ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់សំខាន់ៗផ្នែកកងទ័ព គឺជាការងាររបស់រដ្ឋាភិបាលថៃ ។
ចុងក្រោយ លោកបានផ្តាំផ្ញើទៅអ្នកនឹងកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២បន្តពីលោក ត្រូវតែមានភាពជាមេដឹកនាំ បំពេញតួនាទីល្អ និងជាបង្អែករបស់ប្រទេសជាតិ ពលរដ្ឋ និងកូនទាហាន ។ លោកជឿថា មេបញ្ជាការកងទ័ពជើងគោកនឹងជ្រើសរើសមនុស្សល្អមកធ្វើការដើម្បីប្រយោជន៍ជាតិ ខណៈលោកនឹងនៅពីក្រោយខ្នងជួយការងារក្នុងនាមជាពលរដ្ឋល្អ ៕










