ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Thairath Plus រាយការណ៍ថា ពលរដ្ឋថៃរស់នៅព្រំដែននិយាយដូចៗគ្នាថា ពួកគេគ្មានជម្លោះជាមួយកម្ពុជាទេ ពីព្រោះត្រូវពឹងផ្អែកគ្នាទៅវិញទៅមក និងត្រូវប្រកបមុខរបរនៅព្រំដែន ។ ការលើកឡើងរបស់ពលរដ្ឋថៃនៅព្រំដែនស្របពេលមានជម្លោះរវាងកម្ពុជា និងថៃក្នុងបណ្តាញសង្គម ហើយពលរដ្ឋថៃដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺជាអ្នករស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ។
.jpg)
ការបិទច្រកព្រំដែនអចិន្ត្រៃយ៍កម្ពុជា-ថៃ ចំនួន៦កន្លែង និងច្រកព្រំដែនបណ្តោះអាសន្ន ១០កន្លែង បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃជាច្រើន ដូចជា ៖ អាជីវករលក់ដូរ, ពលរដ្ឋថៃមានសាច់ញាតិនៅកម្ពុជា, គ្រួសារកម្ពុជា-ថៃដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា និងមានកូន ។ ពលរដ្ឋថៃទាំងនេះគិតថា សុវត្ថិភាព និងការធ្វើសង្គ្រាម គឺពុំគួរឱ្យខ្លាចដូចការស្លាប់ដោយសារពុំអាចប្រកបមុខរបរ ហើយព្រំដែនដែលមនុស្សភាគច្រើនកំពុងបារម្ភ គឺពុំសំខាន់ដូចទំនាក់ទំនងល្អ ។.jpg)
សារព័ត៌មាន Thairath Plus បានសាកសួរពីការរស់នៅរបស់ពលរដ្ឋថៃនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រំដែនកម្ពុជា-ថៃ រួមទាំងផលប៉ះពាល់ដោយសារជម្លោះរវាងប្រទេសទាំងពីរដែលពួកគេប្រឈមឃើញថា ពលរដ្ឋថៃនៅព្រំដែនគ្មានជម្លោះជាមួយកម្ពុជាទេ ពីព្រោះពលរដ្ឋប្រទេសទាំងពីរត្រូវប្រកបមុខរបរនៅព្រំដែន និងពឹងផ្អែកគ្នាទៅវិញទៅមក ។
បុរសប្រកបរបររត់ម៉ូតូកង់៣ អស់រយៈពេលជាង២០ឆ្នាំ ប្រាប់ថា លោកចេញពីផ្ទះតាំងពីម៉ោង៥ព្រឹក ហើយទើបតែមានភ្ញៀវជិអម៉ូតូកង់៣ តែម្នាក់គត់ ។ មុនពេលបិទព្រំដែន លោករកប្រាក់បានរហូតដល់៥០០បាតក្នុង១ថ្ងៃ ប៉ុន្តែពេលនេះ ប្រាក់ចំណូលធ្លាក់ចុះមកត្រឹម១០០បាត ។ ជម្លោះរវាងប្រទេសទាំងពីរធ្វើឱ្យអ្នកនៅព្រំដែនរងផលប៉ះពាល់ខ្លាំង រឿងសុវត្ថិភាព និងសង្គ្រាមពុំគួរឱ្យខ្លាចដូចការស្លាប់ដោយសារមិនអាចប្រកបរបរទេ ។ បើបិទព្រំដែនអារញ្ញប្រាថេតនឹងគ្មានអ្នកណាមក តើឱ្យខ្ញុំបានអ្វីចិញ្ចឹមជីវិត បើព្រំដែនបិទបែបនេះ ។.png)
មិនមែនមានតែអ្នកបើកម៉ូតូកង់៣ទេ ដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែនកម្ពុជា-ថៃ គឺនៅមានអាជីវករ និងពលរដ្ឋថៃដែលមានសាច់ញាតិនៅកម្ពុជា ក៏រងផលប៉ះពាល់ដែរ ដែលរដ្ឋាភិបាលថៃពុំធ្លាប់ចុះមកពិនិត្យមើលឡើយ ។ ហេតុនេះ ពលរដ្ឋថៃសូមឱ្យរដ្ឋាភិបាលគិតពីពលរដ្ឋតូចតាចផង ពួកគេត្រូវប្រកបរបរចិញ្ចឹមគ្រួសារ ។
ចំណែកម្ចាស់ហាងលក់ទូរស័ព្ទដៃនៅបរិវេណចេញ-ចូលច្រកព្រំដែនបានឃ្លងលឹក ប្រាប់ថា ប្រាក់ចំណូលស្មើសូន្យ តាំងពីថ្ងៃទី៧ ខែមិថុនា ។ មុនពេលបិទព្រំដែន ហាងរកចំណូលបានពី១ម៉ឺន ទៅ២ម៉ឺនបាតក្នុង១ថ្ងៃ ហើយហាងជួលទាំងបុគ្គលិកថៃ និងខ្មែរ ដោយសារមានអតិថិជនថៃផង ខ្មែរផង ។ ការលើកឡើងថា ខ្មែរទាំងអស់មិនល្អ គឺពុំត្រឹមត្រូវ ជម្លោះនេះជារឿងរបស់អ្នកមានអំណាច មិនមែនពលរដ្ឋខ្មែរ-ថៃឈ្លោះគ្នាទេ ។ ពលរដ្ឋខ្មែរគួរឱ្យស្រឡាញ់ ជួលឱ្យធ្វើការអ្វីធ្វើបានទាំងអស់ ពួកគេឧស្សាហ៍ធ្វើការចិញ្ចឹមគ្រួសារ ។ កុំយកការស្អប់ខ្ពើមក្នុងបណ្តាញសង្គមមកស្អប់ខ្ពើមក្នុងសង្គមពិត ពីព្រោះអ្នកលេងបណ្តាញសង្គមរីករាយនឹងបញ្ចេញមតិ ប៉ុន្តែធ្វើឱ្យអ្នកព្រំដែនជួបការលំបាក ។
ចំណែកពលរដ្ឋថៃនៅព្រំដែនផ្សេងទៀតនិយាយថា មុននេះ យើងមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយការស្អប់ខ្ពើមក្នុងបណ្តាញសង្គមពុំផ្តល់ប្រយោជន៍អ្វីឡើយក្នុងរយៈពេលយូរ ។ ហេតុនេះ ត្រូវតែមានទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ ហើយពួកគេចង់ឱ្យចែកដាច់ពីគ្នារវាងបញ្ហាព្រំដែនជាមួយវិស័យផ្សេងៗ ។ ចុងក្រោយ ពលរដ្ឋថៃនៅព្រំដែនចង់ឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីឡើងវិញដើម្បីប្រកបរបរចិញ្ចឹមជីវិត ៕










