ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា អគ្គនាយកនៃនាយកដ្ឋានគយថៃ និងមន្ត្រីពាក់ព័ន្ធបានចុះទៅជួបពលរដ្ឋដើម្បីស្តាប់ផលប៉ះពាល់ដោយសារការបិទព្រំដែនកម្ពុជា-ថៃអស់រយៈពេលជាង១ខែ ហើយឃើញថា បើគិតត្រឹមតែ១៤ថ្ងៃ គឺថៃបានបាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ច រហូតដល់ជាង១ម៉ឺនលានបាត ។ មុនពេលបិទព្រំដែន ប្រទេសថៃបាននាំចេញទំនិញមកកម្ពុជា ស្មើទឹកប្រាក់ចំនួន២ម៉ឺនលានបាតក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrp_H8qhYYoA5wmjEEjiUhiD-cw5tTFqRVBpjB2ASDVeuR5i-wVm8z-nXel-taCiIjfUMwMPws76Kb5UL0RmNjHQRXRuAD2NOAHsEzLd9pGT2zPV2yGxfScl73HPJBEUSIMKHkP5q1SbiSURse3bUoLdnLGlWD_ImdGZdkPTlrXsCuaYmn9pmsoKdxPdBp/s960/image_2025-07-09_10-25-12%20(2).png

កាលពីថ្ងៃទី៨ ខែកក្កដា នៅច្រកព្រំដែនបានហាតឡិក ស្ថិតក្នុងឃុំហាតឡិក ស្រុកឃ្លងយ៉ៃ ខេត្តត្រាត (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង) លោក ធីរ៉ាត់ អាត់តាណាវ៉ានិត អគ្គនាយកនៃនាយកដ្ឋានគយ និងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរមកពិនិត្យស្ថានការណ៍ព្រំដែនបានហាតឡិក ដែលមានមន្ត្រីនាយកដ្ឋានគយស្រុកឃ្លងយ៉ៃ មកទទួលស្វាគមន៍ និងនាំដើរពិនិត្យមើលនៅបរិវេណព្រំដែន ។ ព្រំដែនបានហាតឡិក ត្រូវបានបិទការឆ្លងដែនចេញ-ចូល និងត្រូវហាមនាំចេញទំនិញថៃទៅកម្ពុជា ហើយក្រុមមន្ត្រីគយក៏បានដើរពិនិត្យមើលហាងលក់ទំនិញក្នុងផ្សារហាតឡិក ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2nUCNwVzIVZH7kD-FTRs-ZvXiVYiEvJw_YeGIEXuGU8FPfFi8xEBWvy8T7FPczW-x498jW14d7QP6E0w16RsMn8HuB-pDTcZYepGMCtlo94hWvS-Lxyj1XfPAhSj5DLfbbVr0vljnfsHVdmMhoYAHBMGzDR6WQy0hfWWUazwmRbK_7uurn8yICMjRWhw/s1500/image_2025-07-09_10-25-12.png
ក្រោយការពិនិត្យមើលស្ថានការណ៍ឃើញថា ហាងលក់ទំនិញជាង៩០% បានបិទទ្វារ ដោយសារគ្មានការឆ្លងដែនរវាងកម្ពុជា និងថៃ ខណៈនៅតំបន់ទំនប់ឆ្នេរតូចដែលជាផ្លូវទឹកតភ្ជាប់ការនាំចូលអាហារសមុទ្រមកឃុំបានហាតឡិក ដែលអ្នកនាំចូលភាគច្រើនជាពលរដ្ឋខ្មែរ គឺបច្ចុប្បន្ន ពុំអាចនាំចូលអាហារសមុទ្រមកថៃបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ5k8k2XWh70cQRPVvlDnNbWvRQI0Wl2WI4paMxFdBDGcbB-FBNa_1Ey33vnfG3fKnaMzTtIxIWi4S-yG-bfs_CvVw8knBVH3KAkdYDt-DSeOOk97zcvYEM1iQzUpvh7V5YwophgCebDalbpjwRs6_k47QN7AM8xCx02bS6xbtzdmpE1qBIEs6qsDKww6f/s980/image_2025-07-09_10-25-13%20(2).png

លោកស្រី វិផា សុណេត ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត និយាយថា អាជីវកម្មផ្សេងៗ ក៏ដូចជាឈ្មួញថៃបានរងផលប៉ះពាល់ដោយសារពុំអាចនាំចេញទំនិញទៅកម្ពុជា ។ បើថៃនៅតែពុំអាចនាំចេញទំនិញទៅកម្ពុជាលើសពី១ខែ គឺរថយន្តកុងតឺន័ររបស់ឈ្មួញនឹងត្រូវបានរឹបអូស ហើយខាតបង់យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipWuXHFwzYkQ4oU8qzLN-BkPmaeHppinULI3MovOuz-h6P-wQYoV5-CrVqo8qFDRn-gk4F_CL41A1gKDhK6ijECkQfPuBZ-3qIo2H5Ie3WK2hD7bL5N__sI3pxacQAAcKBJNOCdbvttbg4E6NMyh1z6iMEf23KILk8hSS9j482lxMC9fJx6s9tf1LIdDQa/s1148/image_2025-07-09_10-25-13.png

ក្រោយការចុះពិនិត្យមើលស្ថានការណ៍នៅព្រំដែនបានហាតឡិក លោក ធីរ៉ាត់ អាត់តាណាវ៉ានិត អគ្គនាយកនៃនាយកដ្ឋានគយបាននិយាយជាមួយអ្នកសារព័ត៌មានថា លោកធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តត្រាត ខេត្តចាន់បុរី និងខេត្តផ្សេងៗនៅជាប់ព្រំដែនកម្ពុជា ដើម្បីស្តាប់ផលប៉ះពាល់ និងសរុបលទ្ធផលបញ្ជូនទៅឱ្យរដ្ឋាភិបាល និងភ្នាក់ងារសន្តិសុខពិចារណាពីផលប៉ះពាល់ដែលកើតឡើងដោយសារការបិទព្រំដែនរយៈពេល១៤ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIpBFRedYoD43jRS0wBEt3JqnfTPlHuZKZW-SwLaYYEHro5BxJW-fxr-MtNOpy2EegRDRxQHd5h97HhiSW1-uMggC577PGZa13Q5X9MAOa73mJtMe2fnJ3qcl6oFqR8jFFvyoG19qkqM9Dtl4EnQ86XKrFNyNOHTocf3BH-cL_LXA0oQ9xH8aeXE_pltwL/s1280/image_2025-07-09_10-25-14.png
កងទ័ពថៃបានបិទព្រំដែនជាមួយកម្ពុជាជាង១ខែ ប៉ុន្តែបើគិតការបិទព្រំដែនត្រឹម១៤ថ្ងៃ គឺថៃបានបាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ចរហូតដល់ជាង១ម៉ឺនលានបាត ។ មុនពេលបិទព្រំដែន ប្រទេសថៃបាននាំចេញទំនិញមកកម្ពុជា ស្មើទឹកប្រាក់ចំនួន២ម៉ឺនលានបាតក្នុង១ខែ ។ នាយកដ្ឋានគយជ្រាបពីផលប៉ះពាល់ផ្សេងៗ ប៉ុន្តែនាយកដ្ឋានគយត្រូវអនុវត្តតាមគោលនយោបាយរបស់ភ្នាក់ងារសន្តិសុខ ហើយនាយកដ្ឋានគយបានស្នើឱ្យមានការដោះស្រាយបញ្ហាបន្ត ពីព្រោះបើថៃបិទព្រំដែនបន្តទៀតនឹងធ្វើឱ្យថៃកាន់តែរងផលប៉ះពាល់ខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEMx5_SX8lLeP_5QHf8U8v-cg2F4Yyu28q9srKd4izV4TTOcGW-tKpc-11oxZi2UwRQBJ4r5TtVibUtsNNc0TgA12RiKdhMi0jphuo5R3xzQoq7LZaEbfCC0dV9b2RwPF4Ve5ExqHNz91KQFQ40CDjRyagAbBbeoV4KT96zBNwaSSGLxe_-2NuruTHD3jx/s1280/image_2025-07-09_10-25-15.png

គួរបញ្ជាក់ថា ភ្នាក់ងារសន្តិសុខដែលទទួលខុសត្រូវការងារព្រំដែន រួមមាន ៖ កងទ័ពជើងគោក កងទ័ពជើងទឹក ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ កងកម្លាំងរក្សាសន្តិសុខប្រទេសថៃ និងការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិ ៕