ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលជប៉ុននឹងលក់នាវាពិ.ឃាត Abukuma ចំនួន៦គ្រឿងឱ្យហ្វីលីពីន ដែលនាវានេះបានប្រចាំការនៅកងកម្លាំងការពារដែនសមុទ្ររបស់ជប៉ុនអស់រយៈពេលជាង៣០ឆ្នាំហើយ ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលដែនសមុទ្ររបស់ចិន ។ ការលក់នាវាបង្ហាញពីការព្យាយាមរបស់ប្រទេសទាំងពីរជាមិត្តជាមួយអាមេរិករួមគ្នាទប់ស្កាត់ការគំរា.មកំហែងពីចិននៅដែនសមុទ្រនានា ។

លោក Gen Nakatani រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន និងលោក Gilbert Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានធ្វើកិច្ចព្រមព្រៀងបញ្ជូននាវាពិឃាត ពេលរដ្ឋមន្ត្រីទាំង២រូប ជួបគ្នានៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០២៥ ។ ទាហានជើងទឹកហ្វីលីពីននឹងពិនិត្យមើលសភាពនាវាក្នុងរដូវក្តៅឆ្នាំនេះដើម្បីត្រៀមប្រើប្រាស់ ។.png)
កាលពីថ្ងៃទី៦ ខែកក្កដា ទាហានជើងទឹកហ្វីលីពីនឱ្យដឹងថា ក្រុមអ្នកជំនាញផ្នែកនាវាហ្វីលីពីននឹងពិនិត្យមើល រួមទាំងវាយតម្លៃស៊ីជម្រៅពីស្ថានភាពនាវា ក្រោយទទួលបានការអញ្ជើញជាផ្លូវការពីក្រសួងការពារជាតិជប៉ុន ។ លទ្ធផលការពិនិត្យនឹងយកទៅពិចារណាបន្ថែមទៀតពាក់ព័ន្ធនឹងការទិញ ព្រមទាំងស្របតាមផែនការទាហានជើងទឹកហ្វីលីពីន ។ ការទិញនាវាបង្ហាញពីកិច្ចសហការជាយុទ្ធសាស្ត្រស៊ីជម្រៅកាន់តែខ្លាំងរវាងហ្វីលីពីន និងជប៉ុន ។

ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនបានបដិសេធរឿងជប៉ុនលក់នាវាឱ្យហ្វីលីពីន ខណៈមន្ត្រីក្រសួងការបរទេសចិនក៏ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងការលក់នាវា ។ ប៉ុន្តែជប៉ុន និងហ្វីលីពីននិយាយដូចគ្នាថា ពួកគេកំពុងប្រឈមនឹងការឈ្លានពានកាន់តែខ្លាំងពីចិនក្នុងដែនទឹក គឺហ្វីលីពីនរងការឈ្លានពាននៅសមុទ្រចិនខាងត្បូង ខណៈជប៉ុនរងការឈ្លានពាននៅសមុទ្រចិនខាងកើត ។

ជប៉ុនបង្កើនទំនាក់ទំនងទ្វេភាគីជាមួយហ្វីលីពីនទាំងផ្នែកកងទ័ព ការធ្វើសមយុទ្ធ និងការចរចាយុទ្ធសាស្ត្រកម្រិតខ្ពស់ ។ កាលពីឆ្នាំ២០២៤ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងកងទ័ព វាជាកិច្ចព្រមព្រៀងដំបូងសម្រាប់ជប៉ុនក្នុងតំបន់អាស៊ីដែលអនុញ្ញាតឱ្យជប៉ុន និងហ្វីលីពីនបញ្ជូនកងទ័ពឱ្យគ្នាទៅវិញទៅមក ។
តាមគេហទំព័រកងកម្លាំងការពារដែនសមុទ្រជប៉ុន គឺនាវាពិឃាត Abukuma មានទំហំតូចសម្រាប់នាវិកប្រមាណ១២០នាក់ និងបំពាក់ដោយកាំជ្រួចប្រឆាំងនាវាមុជទឹក កាំជ្រួចប្រឆាំងនាវា បំពង់ Torpedo និងកាំភ្លើង ។ ទាហានជើងទឹកហ្វីលីពីនពុំទាន់មាននាវាពិឃាតប្រចាំការទេ គឺមានត្រឹមនាវា Frigates និង Corvettes ទំហំតូច និងបំពាក់អាវុធធុនស្រាលប៉ុណ្ណោះ ៕










