សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរា.មនិរទេសលោក Elon Musk មហាសេដ្ឋីលំដាប់ទី១ លើពិភពលោកទៅប្រទេសអាហ្វ្រិកខាងត្បូង ក្រោយពីអតីតមិត្តភក្តិ និងសម្ព័ន្ធមិត្តផ្នែកនយោបាយនេះមានជម្លោះជាថ្មីក្នុងបណ្តាញសង្គមនាដើមខែកក្កដា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ពន្ធ ។

ជម្លោះនេះកើតឡើងដោយសារលោក Elon Musk ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្តីព្រាងច្បាប់ពន្ធពិសេសរបស់លោក Trump ដោយលោក Elon Musk បានសរសេរក្នុងបណ្តាញសង្គម X ថា សេចក្តីព្រាងច្បាប់ពន្ធមិនសមហេតុផល លោកនឹងបង្កើតគណបក្សនយោបាយថ្មី ប្រសិនបើសេចក្តីព្រាងច្បាប់នេះឆ្លងកាត់ការអនុម័ត ។ លោក Trump បានឆ្លើយតបថា លោកអាចនិរទេសលោក Elon Musk ឱ្យត្រឡប់ទៅប្រទេសអាហ្វ្រិកខាងត្បូងវិញ ដោយសារមហាសេដ្ឋីរូបនេះកើតនៅអាហ្វ្រិកខាងត្បូង ។
លោក Trump បន្តថា លោកនឹងកាត់បន្ថយការឧបត្ថម្ភធនរបស់រដ្ឋាភិបាលអាមេរិកសម្រាប់ក្រុមហ៊ុនលោក Elon Musk ឬបញ្ជាទៅក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ឱ្យចាត់ការលោក Elon Musk ដែលធ្លាប់គ្រប់គ្រងក្រសួងនេះ ។ កាលពីថ្ងៃទី១ ខែកក្កដា លោក Trump បាននិយាយជាមួយសារព័ត៌មានថា ៖ «ក្រសួង DOGE ជាសត្វចម្លែកអាចស៊ីលោក Elon Musk ហើយលោកនឹងពិបាកមិនខាន» ។
.jpg)
ការព្យាយាមរបស់លោក Elon Musk ប្រឆាំងនឹងសេចក្តីព្រាងច្បាប់ពន្ធ គឺជាមូលហេតុសំខាន់ធ្វើឱ្យលោកមានជម្លោះជាមួយប្រធានាធិបតីអាមេរិក លោក Trump កាលពីខែមិថុនា ឆ្នាំ២០២៥ ។ ការប្រឆាំងជាថ្មីរបស់លោក Elon Musk កើតឡើងពេលលោក Trump ព្យាយាមជំរុញសេចក្តីព្រាងច្បាប់ពន្ធទៅកាន់សភា ដោយលោក Elon Musk ថា ច្បាប់នេះអាចកាត់បន្ថយថវិការបស់រដ្ឋាភិបាលតាមក្រសួង DOGE និងធ្វើឱ្យបំណុលសាធារណៈកើនឡើងរាប់រយលានដុល្លារ វានឹងធ្វើឱ្យអាមេរិករលាយ ។
លោក Elon Musk ថែមទាំងនិយាយថា នឹងបង្កើតគណបក្សនយោបាយមួយជារបស់ខ្លួន និងដណ្តើមសំឡេងគាំទ្រពីសមាជិកសភាដែលគាំទ្រសេចក្តីព្រាងច្បាប់ពន្ធរបស់លោក Trump ក្នុងការបោះឆ្នោតដើមឆ្នាំ២០២៦ ។ រីឯលោក Trump ចោទប្រកាន់ថា ការរិះគន់របស់លោក Elon Musk គឺដោយសារសេចក្តីព្រាងច្បាប់ពន្ធប៉ះពាល់ដល់អ្នកទិញរថយន្តអគ្គិសនី ទើបលោកពុំពេញចិត្តខ្លាំងនឹងច្បាប់រថយន្តអគ្គិសនី ប៉ុន្តែពុំមែនគ្រប់គ្នាត្រូវការរថយន្តអគ្គិសនីទេ រួមទាំងលោក Trump ។
លោក Trump ថែមទាំងគំរាមចង់បំផ្លាញអាជីវកម្មរបស់លោក Elon Musk ដោយសារលោក Elon Musk ទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងគេ ។ លោក Trump ថា បើគ្មានប្រាក់ឧបត្ថម្ភ លោក Elon Musk អាចបិទអាជីវកម្ម និងត្រឡប់ទៅប្រទេសកំណើតនៅអាហ្វ្រិកខាងត្បូង ពេលនោះ មហាសេដ្ឋីរូបនេះនឹងពុំបង្ហោះកាំជ្រួច ផ្កាយរណប ឬផលិតរថយន្តអគ្គិសនីទៀតទេ ហើយអាមេរិកនឹងអាចសន្សំសំចៃប្រាក់យ៉ាងច្រើនមហាសាល ៕










