ថ្មីៗនេះតារាកំប្លែងនាយពាក់ មី បានទៅប្រាសាទតាមាន់ដែលជាតំបន់ក្តៅគគុកមួយរបស់កម្ពុជានិងថៃ ហើយតារាកំប្លែងរូបនេះបានបង្ហាញថាទាហានថៃ នៅតំបន់នោះ ទាមទារឱ្យលោកលុបវីដេអូដែលលោកបានថត។

នៅយប់ថ្ងៃទី២ កក្កដា លោកចែម ចាន់រ៉ា ហៅនាយ ពាក់ មី បានបង្ហោះវីដេអូខ្លីជាមួយនឹងចំណងជើងថា «ទាហានថៃ បានឱ្យខ្ញុំលុបវីដេអូ ដែលថតរួច ចេញពីទូរសព្ទខ្ញុំ ពេលខ្ញុំថតនៅលើប្រាសាទ តាមាន់។ បងប្អូនចង់ដឹងពីបំរាមនៅទីនោះ និងចង់ទស្សនាប្រាសាទផ្ទាល់ អាចទៅលេងបាន ផ្លូវស្រួលទេ ទៅសួរសុខទុក្ខបងប្អូនកងព័ទយើងផង មានអីចង់ផ្ញើគាត់ អាចយកទៅជូនពួកគាត់បាន ជាកាលើកទឹកចិត្ត»។
.png)
ក្នុងវីដេអូប្រមាណជិត៤នាទី គេបានឃើញតារាកំប្លែងពាក់មី នាំយកអំណាចដូចជាថវិកានិងរបស់របរមួយចំនួនប្រគល់ជូនដល់មេបញ្ជាការរងកងទ័ពជើងគោក។ បន្ទាប់មកលោកបាននាំគ្រួសារឡើងមកលេងប្រាសាទតាមាន់ធំ ដោយតារាកំប្លែងរូបនេះបានបញ្ជាក់ពីបំរាមនៅទីនេះគឺហាមយើងថតវីដេអូនិយាយអត្ថាធិប្បាយឬសម្ភាសន៍ សម្តែងសិល្បៈការរាំច្រៀងគឺមិនអនុញ្ញាតនោះទេទាំងភាគីកម្ពុជានិងភាគីថៃដែលមកលេងប៉ុន្តែអនុញ្ញាតឱ្យថតរូបសន្លឹកនិងវីដេអូបានតែមិនឱ្យនិយាយរៀបរាប់។ ការហាមឃាត់នេះ តារាកំប្លែងពាក់មី បានបញ្ជាក់ថាគឺដើម្បីបង្ការកុំឱ្យមានការដុតកម្តៅខឹងសម្បារគ្នា។ ចុងក្រោយនាយ ពាក់មី ក៏មិនភ្លេចអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទៅលេងនៅប្រាសាទតាមាន់ផងដែរដោយបង្ហាញថាផ្លូវធ្វើដំណើរទៅទីនោះគឺស្រួលមិនពិបាកធ្វើដំណើរឡើយ។
គួរបញ្ជាក់ផងដែរថា ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅលើខ្នងភ្នំដងរែក នៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ តាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំត្រូវបិទការឡើងនៅវេលាម៉ោង ១៥:០០នាទីរសៀល៕
 
		 
	









