ប្រទេសវៀតណាម ៖ កសិករដាំគូលែននៅខេត្តបាក់យ៉ាង ប្រទេសវៀតណាម បានដឹកជញ្ជូនផ្លែគូលែនតាមម៉ូតូទៅលក់នៅផ្សារបោះដុំក្នុងស្រុកឡុកងិន ស្របពេលប្រទេសវៀតណាមដល់រដូវប្រមូលផលគូលែនដែលផ្តល់ទិន្នផលយ៉ាងច្រើន ។ ប៉ុន្តែទោះជាកសិករវៀតណាមទទួលបានទិន្នផលគូលែនយ៉ាងច្រើននៅឆ្នាំ២០២៥នេះ បែរជាកសិករវៀតណាមព្រួយបារម្ភពីការបាត់បង់ប្រាក់ចំណូល ដោយសារការនាំចេញផ្លែគូលែនទៅចិនធ្លាក់ចុះខ្លាំង ។

ការនាំចេញផ្លែគូលែនវៀតណាមទៅប្រទេសចិន និងអាមេរិកត្រូវបានរឹតបន្តឹងកាន់តែខ្លាំង និងឈានដល់ឈប់ទិញគូលែនវៀតណាម ដោយសារគុណភាពអន់ ហើយការដាំដុះពុំអាចបំពេញតាមលក្ខខណ្ឌកំណត់ ។ បច្ចុប្បន្ន វៀតណាមពុំអាចនាំចេញគូលែនទៅក្រៅប្រទេសបានទេ ដែលធ្វើឱ្យកសិករងាកមកស្វែងរកទីផ្សារក្នុងស្រុក ។
ពលរដ្ឋចិនពុំទិញផ្លែគូលែនផ្ទុកសារធាតុគីមីទេ ពួកគេទិញតែគូលែនដែលមានគុណភាពល្អ និងផ្លែស្រស់ៗប៉ុណ្ណោះ ទើបធ្វើឱ្យផ្លែគូលែនជាច្រើនរបស់កសិករវៀតណាមពុំអាចនាំចេញទៅប្រទេសចិនដោយសារគ្មានគុណភាព ហើយត្រូវដាក់លក់នៅទីផ្សារវៀតណាមក្នុងតម្លៃថោកៗ ។

កសិករវៀតណាមនិយាយថា ផ្លែគូលែនវៀតណាមដែលមានគុណភាពល្អជាងគេលក់បានតែតម្លៃ១ម៉ឺនដុងប៉ុណ្ណោះ (ឬជាង១ពាន់រៀល) ក្នុង១គីឡូក្រាម ខណៈផ្លែគូលែនពុំសូវល្អលក់បានក្នុងតម្លៃកាន់តែទាបជាងនេះ ។ ទោះជាកសិករវៀតណាមត្រូវការពង្រីកផ្ទៃដីដាំដុះដំណាំគូលែន ហើយរកវិធីនាំចេញគូលែនទៅប្រទេសធំៗ ដូចជា ៖ ចិន និងអាមេរិក ប៉ុន្តែនៅតែពុំអាចនាំចេញទៅប្រទេសទាំងនេះបាន ។

បញ្ហាផ្លែគូលែនមានតម្លៃថោក និងពិបាកនាំចេញទៅលក់នៅក្រៅប្រទេសបានធ្វើឱ្យកសិករវៀតណាមត្រូវកំណត់ចំនួនដាំដុះ និងដាំផ្លែឈើផ្សេងៗរួមផ្សំ ។ កសិករវៀតណាមជាច្រើនយល់ឃើញថា បើវៀតណាមពុំអាចនាំចេញគូលែនទៅក្រៅប្រទេស ជាពិសេស ចិន នឹងធ្វើឱ្យវិស័យកសិកម្មវៀតណាមជួបឧបសគ្គយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៥ កសិករវៀតណាមជួបទុក្ខធំម្តងហើយដោយសារចិនលែងទិញទុរេន ក្រោយពីចិនពិនិត្យឃើញថា ទុរេនវៀតណាមផ្ទុកសារធាតុគីមីធ្វើឱ្យប៉ះពាល់សុខភាពខ្លាំង ហើយកសិករវៀតណាមក៏សម្រេចចិត្តបោះចោលទុរេនយ៉ាងច្រើន ។ បច្ចុប្បន្ន ប្រទេសជាច្រើនលែងហ៊ានទិញបន្លែ ផ្លែឈើវៀតណាមទៀតហើយ ពីព្រោះបារម្ភពីផលប៉ះពាល់សុខភាពពលរដ្ឋ ៕










