ប្រទេសថៃ ៖ មេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង និយាយថា ប្រទេសថៃអាចនឹងបិទព្រំដែនកម្ពុជា-ថៃទាំងអស់នាថ្ងៃអនាគត ប៉ុន្តែត្រូវរង់ចាំវាយតម្លៃស្ថានការណ៍ប្រចាំថ្ងៃ ប្រសិនបើមានការប៉ះទង្គិច ឬមានការពុំយល់គ្នា ថៃនឹងអនុវត្តការបិទព្រំដែន ។ វាទាមទារឱ្យមានការត្រួតពិនិត្យវិធានការយ៉ាងតឹងរ៉ឹង និងសូមឱ្យពលរដ្ឋថៃរួបរួមគ្នានៅពេលប្រទេសមានវិបត្តិ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។
លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ ឱ្យដឹងថា លោករង់ចាំស្តាប់ការសម្រេចរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ក្នុងការបង្កើនវិធានការព្រំដែនកម្ពុជា-ថៃ ហើយថ្ងៃអនាគត ប្រសិនបើមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ គឺថៃនឹងបិទព្រំដែនទាំងអស់ ។ ហេតុនេះ សូមឱ្យពលរដ្ឋថៃសាមគ្គីគ្នាជាធ្លុងមួយពេលប្រទេសមានវិបត្តិ ។
នៅថ្ងៃទី២៣ ខែមិថុនា នៅទីបញ្ជាការកងទ័ពជើងគោក លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ បាននិយាយក្រោយកិច្ចប្រជុំកងទ័ពពីបញ្ហាព្រំដែនកម្ពុជា-ថៃថា លោកជឿជាក់លើការបំពេញតួនាទីរបស់កងទ័ព សាមគ្គីភាព និងការពារពលរដ្ឋនៅតាមព្រំដែនឱ្យល្អបំផុត ។
ថ្ងៃនេះដែរ (ថ្ងៃទី២៣ ខែមិថុនា) នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានកោះហៅមន្ត្រីផ្នែកសន្តិសុខចាត់វិធានការបន្ថែមតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺលោក ប៊ុនស៊ីន ផាកក្លាង និយាយថា នឹងរង់ចាំការសម្រេចពីនាយករដ្ឋមន្ត្រី ពីព្រោះពុំដឹងថា លោកស្រីនឹងសម្រេចបែបណា ។ ពេលនេះ លោកតាមដានស្ថានការណ៍ បើមានការប៉ះទង្គិច ឬពុំយល់គ្នារវាងកម្ពុជា និងថៃ គឺថៃនឹងបិទព្រំដែនទាំងអស់ ។
លោកបន្តថា ថៃនឹងបង្កើនការគ្រប់គ្រង និងអនុវត្តវិធានការតឹងរ៉ឹង ហើយអាស្រ័យលើស្ថានការណ៍ពេលនោះ ប៉ុន្តែថៃនឹងព្យាយាមជជែកដើម្បីឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីវិញយ៉ាងឆាប់រហ័ស ហើយលោកមើលឃើញថា រដ្ឋាភិបាលថៃនឹងមានវិធីជជែកជាមួយរដ្ឋាភិបាលកម្ពុជា ។ ទោះយ៉ាងណា ថៃនឹងមានវិធានការបិទព្រំដែនកម្ពុជា-ថៃទាំងអស់នាថ្ងៃអនាគត ប៉ុន្តែនឹងតាមដានស្ថានការណ៍ជារៀងរាល់ថ្ងៃ ។
ចំណែកកម្ពុជាពុំទិញប្រេងឥន្ធនៈ និងឧស្ម័នពីថៃ គឺជាតួនាទីរបស់មន្ត្រីធ្វើការនៅច្រកព្រំដែនដែលគ្រប់គ្រងការនាំចេញ-នាំចូលប្រេង ប៉ុន្តែថៃនឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរបើចង់មកចាក់ប្រេងនៅថៃ ។ ថៃផ្តល់ភាពសំខាន់ក្នុងរឿងនេះទាំងអ្នកជំងឺ សិស្សសាលា រួមទាំងការទិញទំនិញប្រើប្រាស់ ករណីពលរដ្ឋខ្មែរទិញទំនិញយកទៅលក់ក្នុងបរិមាណច្រើន គឺជាតួនាទីរបស់មន្ត្រីប្រចាំច្រកព្រំដែននីមួយៗ ។
នៅថ្ងៃទី២៣ ខែមិថុនានេះ លោក ប៊ុនស៊ីន ផាកក្លាង នឹងទៅផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅប្រាសាទតាមាន់ធំ ហើយលោកសន្យាថា កងទ័ពនឹងនៅក្បែរពលរដ្ឋ និងការពារព្រំដែនឱ្យមានសុវត្ថិភាព ។.jpg)
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ពលរដ្ឋប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា ។ វាជារឿងចម្លែកមួយដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំចរចាបើកច្រកព្រំដែនឲ្យមានភាពប្រក្រតីភាពឡើងវិញ ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពថៃនៅតែបន្តបិទបើកច្រក ឬកែសម្រួលម៉ោងបិទ-បើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ ៕










