ប្រទេសថៃ ៖ តាមការប្រកាសរបស់ក្រសួងសុខាភិបាលថៃឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ពលរដ្ឋថៃនៅទូទាំងប្រទេសបានឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង៣សែន២ម៉ឺននាក់ និងស្លា.ប់ ៦៩នាក់ ក្នុងនោះពលរដ្ឋរស់នៅ៥ខេត្ត-ក្រុងឆ្លងជំងឺកូវីដច្រើនបំផុត ។ ជំងឺកូវីដឆ្លងរាតត្បាតខ្លាំងនៅរដូវវស្សា និងពេលសាលារៀនបើកបវសនកាល ដោយក្រសួងសុខាភិបាលថៃណែនាំឱ្យពលរដ្ឋថែទាំសុខភាព ពីព្រោះកូវីដ XEC ឆាប់ឆ្លង ។

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយពីស្ថានការណ៍ជំងឺកូវីដថា លោក Somsak Thapsutin រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារម្ភពីការឆ្លងជំងឺកូវីដនៅប្រទេសថៃក្នុងរដូវវស្សា និងពេលសាលារៀនបើកបវសនកាល ។ វាជាពេលជំងឺផ្តាសាយធំឆ្លងខ្លាំងដែលមានរោគសញ្ញាស្រដៀងគ្នា ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាលណែនាំឱ្យអប់រំពលរដ្ឋពីការថែទាំសុខភាព ពីព្រោះបច្ចុប្បន្ន ពលរដ្ឋមួយចំនួនលែងថែទាំសុខភាព ។ បើពលរដ្ឋរួមគ្នាការពារខ្លួនដើម្បីកាត់បន្ថយការឆ្លងរាតត្បាតជំងឺកូវីដ វានឹងធ្វើឱ្យចំនួនអ្នកឆ្លងធ្លាក់ចុះ ។

ពលរដ្ឋថៃស្លាប់ដោយសារជំងឺកូវីដក្នុងរយៈពេលជាង៥ខែនេះ ស្មើ៦៩នាក់ ដែលភាគច្រើនជាមនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ និងអ្នករស់នៅទីក្រុងធំៗ ឬទីក្រុងទេសចរណ៍ដែលមានមនុស្សច្រើន ដូចជា ៖ ទីក្រុងបាងកក ខេត្តឈុនបុរី ចាន់បុរី និងឈៀងម៉ៃ ។.png)
ជំងឺកូវីដឆ្លងខ្លាំងនៅរដូវវស្សា និងពេលសាលារៀនបើកបវសនកាល ជាពិសេស វាឆាប់ឆ្លងលើកូនសិស្សដែលប្រមូលផ្តុំគ្នា ទើបធ្វើឱ្យបច្ចុប្បន្ន ពលរដ្ឋថៃជាច្រើនឆ្លងជំងឺកូវីដ និងផ្តាសាយធំ ។ កូវីដ XEC បានឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនៅថៃ ប៉ុន្តែអាការៈពុំធ្ងន់ធ្ងរ និងដូចគ្នាជាមួយជំងឺផ្តាសាយធំ ដោយអ្នកជំងឺកូវីដ XEC ភាគច្រើនជាសះស្បើយដោយខ្លួនឯង ពុំចាំបាច់លេបថ្នាំ ។
ប៉ុន្តែគ្រូពេទ្យណែនាំឱ្យពលរដ្ឋពាក់ម៉ាស់ជានិច្ច ជាពិសេស ពេលឆ្លងកូវីដ៥ថ្ងៃដំបូង និងលាងដៃញឹកញាប់ ចៀសវាងទៅកន្លែងមនុស្សច្រើន ដូចជា ៖ អង្គុយប្រជុំ ឬបរិភោគអាហាររួមគ្នា ។ រីឯសាលារៀន បើមានកូនសិស្សឆ្លងកូវីដច្រើន សូមអនុញ្ញាតឱ្យកូនសិស្សឆ្លងជំងឺបានឈប់សម្រាក ដោយពុំចាំបាច់បិទថ្នាក់រៀន ឬបិទសាលារៀន ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ពលរដ្ឋថៃបានឆ្លងជំងឺកូវីដរហូតដល់៣២៤.៦៩២នាក់ (ជាង៣សែន២ម៉ឺននាក់) ហើយខេត្ត-ក្រុងដែលឆ្លងជំងឺកូវីដខ្លាំងបំផុត រួមមាន ៖ ទីក្រុងបាងកក ខេត្តឈុនបុរី រ៉ាក់យ៉ង ភូកេត និងណាខនប៉ាធុម ៕










