ចាប់ពីចុងខែមេសា រហូតដល់ខែតុលា អាកាសធាតុនៅប្រទេសកម្ពុជាបានឈានចូលដល់វស្សា ឬហៅថា «Low Season» គឺជារដូវកាលដែលមិនសូវសម្បូរភ្ញៀវទេសចរអន្តរជាតិមកលេងច្រើនកុះករឡើយ ព្រោះវាជាពេលវេលាដែលប្រទេសជាច្រើនជាពិសេសប៉ែកអឺរ៉ុបកំពុងមមារញឹកខ្លាំងនឹងការងារ ឬការរៀនសូត្រទើបមិនមានពេលដើរកម្សាន្ត។ ប៉ុន្តែនៅក្នុងចន្លោះពេលនេះ បណ្ដារប្រទេសនៅអាស៊ីអាគ្នេហ៍ជាពិសេសប្រទេសកម្ពុជា ចាប់ផ្ដើមលេចចេញនូវទេសភាពបៃតងខៀវខ្ចីដែលបានមកពីការលាស់ត្រួយ ពន្លក ស្លឹករុក្ខជាតិថ្មីៗ បង្កើតជាទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាតគួរឲ្យទាក់ចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwaC67oh09NbG4ToZyyJqCRpsbNs8Q1FGBgBZf-MuVVxx8taWL0oRF5k95CFUnyJ2F76UMmZDzc_gTtnulRa4nSPKEsLJVILXjv7LOXfYzeOpCyt99WaOb9G9REPOK2aSEyNRniNukEl-4BfnMPqaZURVtWM1qGMc7uI-ljArkk_OnC2G36_NnKvzUoB03/s900/image_2025-05-27_09-01-23%20(2).png

តំបន់ទេសចរណ៍ធម្មជាតិជាច្រើនកាន់តែមានសម្រស់ត្រកាលនៅក្នុងរដូវនេះ។ ក្នុងនោះរួមមានទាំងភ្នំ ព្រៃឈើ ទឹកធ្លាក់ ឬសូម្បីតែតាមបណ្ដាយផ្លូវជាតិធ្វើដំណើរក៏មានទេសភាពទាក់ទាញមិនធម្មតាផងដែរ។ ពេលនេះ ជាពេលដែលស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តរយៈពេលខ្លីរបស់ភ្ញៀវទេសចរក្នុងស្រុក ក្នុងការដកឃ្លាពីភារកិច្ចដ៏មមារញឹកប្រចាំថ្ងៃដោយងាកទៅលំហែរអារម្មណ៍ជាមួយសម្រស់ធម្មជាតិវិញម្ដង ជាពិសេសគឺអ្នករស់នៅក្នុងទីក្រុងដែលពោរពេញដោយសម្លេងឡានម៉ូតូកកស្ទះឥតលោះថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjmZ2vGchDXoyojZZsRW797wD9uWQz_7it4RdYVsNn9iVJaq33lkwA8YEg7teJjfRpmHpezX1HhxX2LRDIiYbCNIG8zxxQRgDIxcJ0JPjs8ifK1oUgzRlpsK2_oPquNoHuoAfULjmcLpBlGRhez6TMESHOHf6jvKFYzNfYA_hOYU56QJalTiZAnVVBz26/s771/image_2025-05-27_09-01-23.png

ដូច្នេះតស់! មកដឹងពីទីតាំងចំនួន ៤កន្លែង នៅក្នុងខេត្តកំពតដែលមានទេសភាពស្រស់ស្អាតខ្លាំងនៅរដូវកាលនេះ ដូចខាងក្រោម៖

១. ភ្នំកំពង់ត្រាច ៖ គឺជាភ្នំថ្មដ៏ល្បីល្បាញនៃភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដ៏ពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិ។ មិនថាបរិវេណជុំវិញភ្នំ ឬនៅលើភ្នំ រុក្ខជាតិតូចធំចាប់ផ្ដើមលាស់យ៉ាងស្រស់បំប្រង។ បើអ្នកបានឡើងទៅទស្សនាទិដ្ឋភាពពីលើភ្នំចុះមកក្រោម ធានាថានឹងជាប់ចិត្តជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ប្រៀបបាននឹងគំនូរ។ ក្រៅពីនេះ នៅខាងក្រោមក៏មានល្អាងដែលមានទឹកថ្លា ត្រជាក់ អាចឲ្យអ្នកទេសចរចុះងូតផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipoSTuWSCl0E_CGJQJhPa2uf78GdEoYntSoxjqwsMiT6HQ5bEUWf2S6ZpdaIVaDaEvYTEeTEvrxRzEptH1gSGFVnBsXityCaoat0jSyfmGXQNcAsJ2Fk5vO-qtp_VVnPczg_SpKxxYUvf2Pfmkcuw96wd1W87ZXspulmSjoSGGjpKzZRwjiRIjjf53Hjgg/s1280/image_2025-05-27_09-01-23%20(3).png
២. ភ្នំបូកគោ ៖ ស្របពេលដែលមានភ្លៀងធ្លាក់ញឹកញាប់បែបនេះ ទេសភាពនៅលើកំពូលភ្នំបូកពិតជាអស្ចារ្យណាស់ ដោយសារតែភ្នំខ្ពស់ខ្លាំង ហើយរាល់ពេលដែលមេឃចង់ភ្លៀង ឬចាប់ផ្តើមរលឹមម្តងៗ ពពកចុះទាប បីដូចជាឋានសួគ៌លើដី អាចឱ្យយើងប៉ះផ្ទាល់បាន។ ទិដ្ឋភាពបែបនេះ កើតមានតែពេលអាកាសធាតុត្រជាក់ខ្លាំង និងពេលរលឹមប៉ុណ្ណោះ។ គោលដៅថតរូបដែលមានប្លង់ស្អាតៗបំផុតគឺនៅទីតាំងលោកយាយម៉ៅ, ព្រះវិហារកាតូលិក, វត្តសំពៅប្រាំ, កាស៊ីណូចាស់ និងបឹងធម្មជាតិដែលមាននៅលើនោះ។ គួរបញ្ជាក់ថា ប្រសិនបើធ្វើដំណើរឡើងភ្នំនេះដោយជិះម៉ូតូ សូមកុំភ្លេចត្រៀមអាវភ្លៀងដាក់តាមខ្លួនផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid9ZBLDoFa6aAl7uziYcEKZIiFtUUkJzVjx-b_N9rCyDvkS0OldIDLiEGIvFJrSls_PUP7fOEdUd-dJ0uBna3ZGbNOl-eRI8gRyiRVj_EubhcDf80FBujXdToS3Nos46ItiVTMf4XWkSPkOudKca9Bfoae5rIg42uB1_356QXeaa9WUkSyLycfFGXPWqSW/s900/image_2025-05-27_09-01-25.png
៣. ទំនប់ប្រទក្សក្រឡា ៖ គឺជារមណីយដ្ឋានមួយដែលមានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញ៉ាំអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ ជិះទូក ជិះទា កម្សាន្តលើផ្ទៃទឹក។ ចំពោះអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ បរិយាកាសបែបនេះពិតជាមានក្ដីសុខណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaTnEigUv3jMFk5B3wvtuJ0sQw5Qt4jTh3RVAMxSb9fjBMzeHL0gQq5zhPIgb3pnepUfFftR8QoVg65A5fVZRx1Tnx24MzbY-rOHDFel6krQeBRw1ETrw2hXVi3msQDb8BzA5WngVeI0PFgbz6Xrp4BvhvlplpsKdSLENOPIIIfnRyNwlyVb6e8XZFCufR/s512/image_2025-05-27_09-01-25%20(2).png
៤. ភ្នំទឹកធំ ៖ ដ្បិតថាមានទីតាំងដាច់ឆ្ងាយជាងគេបន្តិចធៀបទៅនឹងទីតាំងដែលបានរៀបរាប់ខាងលើ ប៉ុន្តែពេលបានទៅដល់ភ្នំនោះកាលណា ធានាថាអ្នកនឹងជាប់ចិត្តជាមួយទេសភាពធម្មជាតិដែលគយគន់យ៉ាងណាក៏មិនជិនណាយ។ ខណៈដែលមានទឹកព័ទ្ធជុំវិញភ្នំនារដូវនេះ អ្នកអាចដើរលំហែអារម្មណ៍តាមស្ពានឈើ ទស្សនាសត្វស្លាប និងធម្មជាតិជុំវិញខ្លួន ឬក៏ជិះទូកចូលទស្សនាទិដ្ឋភាពល្អាងក្រោមភ្នំក៏បានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip2dCkxWPcgWVu4wFoMYEasyAVF04JsTb69y5g_tdmV9cTZjdFK6-6lV5hIW7OhherlpzSWchJmAX9rH3STc6ZwzbFlAJa4XdFPWRkfokjnsXD6zxrW2XOCjcI5tbyzri8G4cXIVjW1Gd4xzP0npaRgjSP2T3Q-Guo1aRcI8Kmc1FtZgEIT8voGYsito6q/s2048/image_2025-05-27_09-01-25%20(3).png

ក្រៅពីតំបន់ទាំងនេះក៏មានតំបន់ផ្សេងទៀតជាច្រើនដូចជា សហគមន៍ត្រពាំងសង្កែ, ភូមិក្តាត, ទឹកធ្លាក់អន្លង់ខៀវ ឬទឹកធ្លាក់តាដា ដែលសុទ្ធសឹងតែជាទីតាំងទេសចរធម្មជាតិមានទេសភាពស្រស់ស្អាត និងគួរឲ្យទៅកម្សាន្តផងដែរ៕