នាយកក្រុមហ៊ុន Microsoft លោក Bill Gates បានដាស់តឿនទៅកាន់ពលរដ្ឋលើពិភពលោកម្តងទៀតថា បច្ចេកវិទ្យា AI កំពុងតែផ្លាស់ប្តូរការងារលើពិភពលោកទាំងស្រុង ជាពិសេស រយៈពេល១០ឆ្នាំខាងមុខ វានឹងធ្វើការសំខាន់ៗជំនួសមនុស្ស ។ លោកសន្និដ្ឋានថា AI នឹងធ្វើការងារសំខាន់ៗជាច្រើនជំនួសមនុស្ស និងពុំលើកលែង សូម្បីតែការងារជាគ្រូពេទ្យ និងគ្រូបង្រៀន ។

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសបានចុះផ្សាយពីបទសម្ភាសន៍ចុងក្រោយបង្អស់របស់លោក Bill Gates ដែលលើកឡើងពីការគិតរបស់ AI គឺវាអាចផ្តល់ប្រឹក្សាផ្នែកវេជ្ជសាស្ត្រ និងអប់រំមនុស្សដោយឥតគិតថ្លៃ ដែលមនុស្សគ្រប់រូបលើពិភពលោក នឹងអាចប្រើប្រាស់ AI បានទាំងអស់ ។.jpg)
លោក Bill Gates ទទួលស្គាល់ថា ការងារមួយចំនួនដែល AI ពុំអាចធ្វើជំនួសមនុស្ស ដូចជា ៖ លេងកីឡា ឬធ្វើការងារក្នុងសង្គមដែលត្រូវការការចូលរួម ប៉ុន្តែលោកជឿជាក់ថា ឧស្សាហកម្មផលិត ការដឹកជញ្ជូន និងការងារកសិកម្ម នឹងត្រូវជំនួសដោយបច្ចេកវិទ្យាទាំងស្រុង ពុំចាំបាច់ប្រើប្រាស់កម្លាំងមនុស្សទេ ។
ការអភិវឌ្ឍបច្ចេកវិទ្យា AI យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យភ័យខ្លាច ហើយនេះជាឱកាសសំខាន់ក្នុងការដោះស្រាយបញ្ហារបស់ពិភពលោក ដូចជា ៖ ការប្រើប្រាស់សេវាសុខភាព វិសមភាពការអប់រំ និងបម្រែបម្រួលអាកាសធាតុ ។ ជាមួយគ្នានេះ នៅតែមានសំណួរសួរថា តើ AI នឹងក្លាយជាឧបករណ៍មួយជួយពង្រឹងសក្តានុពលរបស់មនុស្ស ឬធ្វើការជំនួសយើងជារៀងរហូត?

ប៉ុន្តែលោកថា បើទោះជា AI ឆ្លាតយ៉ាងណាក្តី ប៉ុន្តែវាក៏មានកំហុសឆ្គងផងដែរ ពីព្រោះវាមិនដឹងពីរបៀបត្រួតពិនិត្យចម្លើយរបស់ខ្លួន ។ វានឹងជួយបង្កើនប្រសិទ្ធភាពផ្នែកវេជ្ជសាស្ត្រ និងការអប់រំ ប៉ុន្តែមនុស្សនៅតែអាចគ្រប់គ្រងវាបាន មុនពេលវាគ្រប់គ្រងយើង ។
ស្របពេលពិភពលោកឈានទៅរកការប្រើប្រាស់បច្ចេកវិទ្យា AI ដ៏ទំនើប គឺការដាស់តឿនរបស់លោក Bill Gates បញ្ជាក់ថា បច្ចេកវិទ្យាមិនត្រឹមតែផ្តល់ភាពងាយស្រួល ឬរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវគិតពីផលប៉ះពាល់រយៈពេលយូរ ។ លោកចង់ឱ្យពិភពលោកត្រៀមខ្លួន មុនពេល AI ផ្លាស់ប្តូរពិភពលោក ហើយយើងគ្មានឱកាសត្រៀមខ្លួន ។
តាមអ្នកជំនាញជាច្រើនរូប គឺការផ្លាស់ប្តូរនេះអាចបង្កឱ្យសេដ្ឋកិច្ចពិភពលោកចលាចល និងប៉ះពាល់ស្ទើរគ្រប់ឧស្សាហកម្មទាំងអស់ ហើយពិភពលោកត្រូវត្រៀមខ្លួនដោះស្រាយបញ្ហានាថ្ងៃអនាគត ដែលបច្ចេកវិទ្យានឹងបំពេញតួនាទីច្រើនជាងមនុស្សជាច្រើនផ្នែក ។ ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សមិនធ្លាប់កើតឡើងពីមុនមក សំណួរគឺ តើយើងបានត្រៀមខ្លួនទទួលយកបច្ចេកវិទ្យាហើយឬនៅ?










