សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា វាពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញសត្វឆ្កែមានខ្លួនធំបំផុតបានជួបគ្នាជាមួយឆ្កែខ្លួនតូចបំផុតនៅលើពិភពលោកជាលើកដំបូងនៅរដ្ឋអៃដាហូ សហរដ្ឋអាមេរិក ហើយពួកវាងាកមុខរកគ្នា ដោយឆ្កែខ្លួនធំត្រូវឱនមុខចុះក្រោម រីឯឆ្កែខ្លួនតូចត្រូវងឿយមុខឡើងលើ ។ ឆ្កែទាំង២ក្បាលនេះត្រូវបាន Guinness World Records ចុះក្នុងកំណត់ត្រាពិភពលោក គឺជាឆ្កែមានទំហំខ្លួនធំបំផុត និងតូចបំផុត ។
ឆ្កែឈ្មោះ Reginald អាយុ៧ឆ្នាំ មកពីរដ្ឋអៃដាហូ សហរដ្ឋអាមេរិក ត្រូវបាន Guinness World Records ចុះក្នុងកំណត់ត្រាជាឆ្កែខ្ពស់បំផុតលើពិភពលោក ខណៈឆ្កែឈ្មោះ Pearl អាយុ៤ឆ្នាំ មកពីរដ្ឋផ្លរីដា ជាប់កំណត់ត្រាជាឆ្កែខ្លួនតូចបំផុតលើពិភពលោក ។ ទោះជាឆ្កែទាំង២ក្បាល មានទំហំខ្លួនខុសគ្នាយ៉ាងខ្លាំងក្តី ប៉ុន្តែការជួបគ្នាលើកដំបូងនេះ គឺពួកវាមានភាពស្និទ្ធស្នាលមិនគួរឱ្យជឿ ដូចជា ៖ ហិតក្លិនគ្នាទៅវិញទៅមក បក់កន្ទុយ និងរត់លេងគួរឱ្យស្រឡាញ់ ។.jpg)
ឆ្កែខ្លួនតូចបំផុតឈ្មោះ Pearl មានប្រវែងខ្លួនត្រឹមតែជាង៩សង់ទីម៉ែត្រប៉ុណ្ណោះ ហើយអ្វីគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺ Pearl ពុំមែនជាឆ្កែខ្លួនតូចដោយចៃដន្យទេ ពីព្រោះឆ្កែឈ្មោះ Millie ត្រូវជាអ៊ំរបស់វា ក៏បានជាប់កំណត់ត្រាជាឆ្កែខ្លួនតូចបំផុតលើពិភពលោកដែរកន្លងមក ប៉ុន្តែ Millie បានងាប់កាលពីឆ្នាំ២០២០ ។ ឆ្កែ Millie និង Pearl មានទម្ងន់តែជាង២៨ក្រាមប៉ុណ្ណោះ តាំងពីពួកវាកើតមក ។
.jpg)
អ្នកស្រី Vanesa Semler គឺជាម្ចាស់ឆ្កែខ្លួនតូច Millie និង Pearl បាននិយាយដោយក្តីរំភើបថា ៖ «ខ្ញុំមិនធ្លាប់គិតសោះថា ខ្ញុំបានក្លាយជាម្ចាស់ឆ្កែខ្លួនតូចបំផុតលើពិភពលោក រហូតដល់២ក្បាល ។ វាពុំគួរឱ្យជឿពិតមែន» ។
ចំណែកឆ្កែឈ្មោះ Reginald បានជាប់កំណត់ត្រាជាឆ្កែមានកម្ពស់ខ្ពស់បំផុតលើពិភពលោក ដោយសារវាមានកម្ពស់រហូតដល់ជាង១ម៉ែត្រ ។ ទោះជាឆ្កែ Reginald មានខ្លួនធំខ្លាំងក្តី ប៉ុន្តែពេលវាបានជួបឆ្កែ Pearl មានខ្លួនតូចបំផុត គឺ Reginald បែរជាបង្ហាញអាកប្បកិរិយាគួរឱ្យស្រឡាញ់ ។ លោក Sam Johnson Reiss ជាម្ចាស់ Reginald និយាយថា ៖ «មើលទៅ Reginald ហាក់មានការប្រុងប្រយ័ត្នណាស់ ហើយវាក៏រំភើបដែរ ដោយសារវាពុំចង់ឱ្យឆ្កែតូច Pearl រងរបួសឈឺចាប់ ។ វាពុំបានលេងខ្លាំងៗជាមួយឆ្កែតូចទេ» ។.jpg)
ទោះជាឆ្កែទាំង២ក្បាលការពារកន្លែងដេក និងរបស់លេងរៀងៗខ្លួន ប៉ុន្តែពួកវាអាចលេងជាមួយគ្នាយ៉ាងស្និទ្ធស្នាលអស់រយៈពេល២ថ្ងៃ ។ ការជួបគ្នាលើកដំបូងរបស់ពួកវា គឺរៀបចំឡើងដោយ Guinness World Records នៅរដ្ឋអៃដាហូ សហរដ្ឋអាមេរិក កាលពីខែមេសា ឆ្នាំ២០២៥ ៕










