រាជធានីភ្នំពេញ ៖ អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារនគរមានជ័យ) ដែលមានសភាពចាស់ទ្រុឌទ្រោម នឹងត្រូវក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញវា..យរំលំចោល បន្ទាប់ពីពលរដ្ឋចំនួន៤គ្រួសារចុងក្រោយបានរើរចេញ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការណែនាំទៅកាន់ពលរដ្ឋចំនួន ៤គ្រួសារដែលកំពុងស្នាក់ ប្រើប្រាស់ និងប្រកបអាជីវកម្ម ក្នុងអគារអង្គរមានជ័យ មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឲ្យបញ្ឈប់ការរស់នៅ និងប្រកបអាជីវកម្មជាបន្ទាន់ក្នុងរយៈពេល១៥ថ្ងៃ។ នៅក្នុងសេចក្ដីណែនាំខាងលើក្រសួងក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីពលរដ្ឋរើរចេញអស់ ក្រសួងនិងរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការវា..យផ្ដួលរំលំអគារនេះតែម្ដង។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង (ដ.ន.ស.) កាលពីថ្ងៃពុធ ទី៧ ឧសភា បានបង្ហាញថា ៖ អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារនគរមានជ័យ) ដែលបានសាងសង់ឡើង ១៩៥០ ដល់បច្ចុប្បន្នសំណង់អគារនេះមានអាយុកាល ៧៥ឆ្នាំហើយ។ អគារនេះមានផ្ទៃក្រឡាបាតទំហំសរុប ៥៩០ម.ការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ កន្លងមកមានពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ។
ផ្អែកតាមលទ្ធផលចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពគ្រឿងផ្គុំសំណង់ ក្រសួងបានពិនិត្យឃើញថា អគារនេះមានភាពចាស់ទ្រុឌទ្រោមខ្លាំង និងប្រឈមជាមួយការបាក់រលំជាយថាហេតុដោយមិនផ្ដល់សញ្ញាណជាមុនបាន ដូចនេះទើបក្រសួងផ្ដល់ដំណោះស្រាយសម្របសម្រួល និងណែនាំឲ្យពលរដ្ឋរើរចេញពីទីនេះ។ ដោយគិតមកត្រឹមខែមេសា ឆ្នាំ២០២៥ មានពលរដ្ឋចំនួន ៦១គ្រួសារ ស្មើនឹង ៩៤% បានទទួលយកដំណោះស្រាយក្រោមការសម្របសម្រួលរបស់ក្រសួង ដ.ន.គ ហើយបានចាកចេញទៅរស់នៅទីតាំងថ្មីដោយសុវត្ថិភាព។

ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋចំនួន៤គ្រួសារទៀតដែលនៅមិនទាន់ចាកចេញ ក្រសួង ដ.ន.ស បានធ្វើការណែនាំដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់នានាជាយថាហេតុដូចខាងក្រោម៖
១. សូមប្រជាពលរដ្ឋទាំង៤គ្រួសារធ្វើការចាកចេញពីអគារនេះក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងតទៅ។ ជាមួយគ្នានេះក្រសួង ក៏នឹងដោះស្រាយសំណងជូនបងប្អូនទាំង៤គ្រួសារនេះផងដែរ។
២. រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការហ៊ំព័ទ្ធហាមចេញ-ចូលអគារនេះ ដើម្បីធានារសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
៣. ក្រសួង ដ.ន.ស នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចា.យរំលំអគារចំណាស់មួយនេះ ក្រោយផុតពេលកំណត់នាំការចាកចេញរបស់ពលរដ្ឋ៤គ្រួសារចុងក្រោយខាងលើនេះ៕