អ្នកបង្កើតមាតិកា Rick Kh បានបង្ហាញពីកំណើនភ្ញៀវទេសចរដែលសម្រុកទៅលេងនៅខេត្តសៀមរាបច្រើនហើយតំបន់នេះគ្មានការព្រួយបារម្ភច្រើនពីកត្តាគ្រោះធម្មជាតិខណៈមានការហាមឃាត់មិនឱ្យសាងសង់អាគារខ្ពស់ៗឡើយ។ ស្របពេលមានទេសចរទៅកម្សាន្តច្រើន Rick Kh ក៏សុំចិត្តអាជីវករកុំលក់ដូរថ្លៃពេក។
នៅថ្ងៃទី១ មេសា Rick Kh បានបង្ហោះនៅលើបណ្តាញសង្គមថា «មិនឱ្យភ្ញៀវទេសចរបុកទៅលេងសៀមរាបយ៉ាងមិច បើគ្មានអាគារខ្ពស់មួយផង ដីរាបស្មើរ ផ្ទះពីរបីជាន់ហ្នឹង តំបន់ខ្ពង់រាប ហើយជុំវិញប្រាសាទ មានសួនច្បាររាបស្មើរ គ្មានសមុទ្រ គ្មានអីត្រូវបារម្ភបន្តិចសោះ ។ ម្យ៉ាងព្រះបាទជ័យវរ្ម័នទី២រៀបចំប្រព័ន្ធទឹកយ៉ាងឡូយកប់សារី មើលតែលូនឹងស្រះតាមប្រាសាទទៅ ឱ្យលិចយ៉ាងមិចកើត ឧ.បើមានរញ្ជួយដីទៀត ក៏អត់មានបញ្ហាធ្ងន់ដែរ ព្រោះជាតំបន់ហាមការសាងសង់អាគារខ្ពស់»។
អ្នកបង្កើតមាតិកាល្បីឈ្មោះរូបនេះបានបន្តទៀតថា «ភ្ញៀវបរទេសណាមិនចង់មក គេឆ្លាតសឹងអី សុខៗកម្ពុជាល្បីដោយមិនចាំបាច់ផ្សព្វផ្សាយ នេះគេហៅថា “… អំពើល្អតបមកវិញ ដោយមិនចាំបាច់បកស្រាយ” សុំត្រឹមកុំលក់ដូរថ្លៃពេក»។ មុននឹងមានការបង្ហោះនេះ Rick Kh ក៏បានបង្ហោះសំណេរវែងមួយនិងមានមោទនភាពចំពោះប្រទេសកម្ពុជា សំណាងជាងគេលើលោក រាងបាតខ្ទះ មិនជួបគ្រោះរញ្ជួយដីស្របពេលប្រទេសជិតខាងរងគ្រោះដោយសារគ្រោះធម្មជាតិនេះ។
លោកបានរៀបរាប់យ៉ាងដូច្នេះ «ចង់ប្រាប់ថាខ្ញុំនៅវៀតណាម ភ្លៀងរាំង ភ្លៀងរាំង ចង់ដប់ដង កាលពីថ្ងៃគេរញ្ជួយដីនៅថៃហ្នឹង នៅវៀតណាមក៏រញ្ជួយដែរតែមធ្យម ខ្ញុំស្រមៃអត់ចេញទេបើមានម្តងទៀត ព្រោះផ្ទះនៅនេះតូចៗតែខ្ពស់ដូចចុងត្នោត ហើយផ្ទះខ្លះស្នាមប្រះនៅមានជាប់នៅឡើយ។ នៅថៃឯណោះវិញយ៉ាងមិចហើយអាកាសធាតុ?? ឮថាមានសត្វស្លាបហោះហើរពេញហ្នឹង មិនដឹងមិចម៉ាទេ តែចេះតែប្រុងប្រយត្ន័ទៅ ដ្បិតគេថារហូតដល់ថ្ងៃទី១២បើសិនជានៅក្រៅស្រុកដូចខ្ញុំ»។
Rick Kh ថា ចម្លែកតែកម្ពុជាទេ សំណាងជាងគេលើលោក រាងបាតខ្ទះដែល សម្បូរទៅ ដោយដីល្បប់ មានជីជាតិហើយនិងមានជួរភ្នំដងរែក ដែលខណ្ឌដែនប្រទេសកម្ពុជា ហើយខែក្តៅទឹកស្ទឹងហូរចាក់ចូលមកក្នុងបឹងទន្លេសាប ដោយឆ្លងតំបន់ភ្នំគូលែន ជាតំបន់មួយដែលព្រះបាទជ័យវរ្ម័នទី២ ធ្លាប់បានរៀបចំកសាងជារាជធានីមួយរយៈ។ ចឹងហើយបានសៀមរាប សុវត្ថិភាពរាបរយឆ្នាំ ខ្ញុំជឿម៉ងម្តងនេះ។ យ៉ាងណាសុវត្ថិភាព យល់ដឹងបន្ថែមពីគ្រោះធម្មជាតិជាកត្តាចម្បង ។ ខ្ញុំនិយាយពីប្រទេសដែលនៅជាប់កម្ពុជាប៉ុណ្ណោះ (ជាចម្បង) មីយ៉ាន់ម៉ា រងការខូចខាតខ្លាំង កំពុងជួយសង្គ្រោះដោយជប៉ុននិងអាម៉េរិក និងប្រទេសនានាព័ត៌មានកាលពីយប់មិញ»។
គួរបញ្ជាក់ផងដែរថា អ្នកបង្កើតមាតិកា Rick Kh គឺតែងតែឧស្សាហ៍ធ្វើដំណើរចេញចូលទៅក្រៅប្រទេសជាញឹកញាប់។ ក្រៅពីបង្កើតមាតិកាលោកក៏បានជួយទៅដល់និស្សិតដែលខ្វះខាតមួយចំនួនផងដែរ៕










