ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការឆ្លើយតប ទៅនឹងការចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជាអោយស្ថិតនៅលេខរៀងទី ១២០ នៅលើគេហទំព័រ World Population Review សម្រាប់ឆ្នាំ២០២៥ ដែលចាត់ថ្នាក់នេះ បាននាំអោយប្រទេសកម្ពុជាជាប់ឈ្មោះជាប្រទេសដែលមានកម្រិតនៃវិស័យអប់រំខ្សោយជាងគេបង្អស់ប្រចាំបណ្ដារប្រទេសនៅក្នុងអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirFB-nniUWPjQagPQRux3oEhYexqtz7_ruumVa5GqkPDjJEissmGEsIjU6XkCA28Ur2QZthDjPSwYPI8Bx_wSAWneE2TGg8lcoFVN4jxoG_GLaXRiXCytVSRdeb7MfDG0jzb9R4YVKXTjpT_bq5qacWA6NMIMEq5zbltG-XNpZWGEEy-Oe7w3oYtXlbKat/s770/image_2025-04-01_13-33-51.png

យោងតាមការបង្ហោះ នៅលើផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹក ថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញថា៖ ក្រសួងសូមធ្វើការឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលនៅក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀងទី ១២០ ក្នុងចំណោមប្រទេសនៅលើសកលលោក។ ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះ មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្រ្ត និងអាចទទួលយកបាននឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់នៃការអប់រំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkuloHNELp_ing2ZzV0gXOhtRhCHLxXniERxe18HKMfnKmFqoypMU5ealQA5yQGrJWJUWKP1E5f21AG0PE29BAow2bZMYJGJLcElhaXz1TloNXECPZfpiqzCbl_IkVVz6K-kGcdpjRF28lfpytCZsiLUMeUID33ZoQmiAk2InZzF7JBeFhqVfJhHz_wdrH/s1024/photo_2025-03-31_11-55-35.jpg

នៅក្នុងសេចក្ដីបំភ្លឺខាងលើ ក្រសួងបានលើកយកចំណុច២ធំៗមកធ្វើជាអំណះអំណាង ដើម្បីបញ្ជាក់ថា ការវាយតម្លៃនៃកម្រិតវិស័យអប់រំនៅកម្ពុជាអោយជាប់ចំណាត់ថ្នាក់លេខ ១២០ គឺជាការដែលមិនទាន់អាចទទួលយកបាននោះទេ ហើយចំណុចទាំងនោះមានអត្ថន័យដូចខាងក្រោម៖

១. ការចាត់ចំណាត់ថ្នាក់របស់ World Population Review បានធ្វើឡើងតាមរយៈការស្ទង់មតិមនុស្សរាប់ពាន់នាក់នៅទូទាំង ៧៨ប្រទេស បន្ទាប់មកដាក់ចំណាត់ថ្នាក់ប្រទេសទាំងនោះ ដោយផ្អែកលើការឆ្លើយតបនៃការស្ទង់មតិនេះ ដែលការធ្វើបែបនេះ កំពុងត្រូវបានពិនិត្យ និងច្រានចោលដោយក្រុមជំនាញរបស់ប្រទេសមួយចំនួនផងដែរ។ ជាតឹកតាង ការចាត់ចំណាត់ថ្នាក់អោយប្រទេសទីម័រខាងកើត ថាមានភាពប្រសើរជាងម៉ាឡេស៊ី គឺហាក់ផ្ទុយពីភាពជាក់ស្ដែង ព្រោះប្រទេសទីម័រខាងកើត កំពុងប្រឈមនឹងបញ្ហាជាច្រើននៅក្នុងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ ហើយប្រទេសទីម័រខាងកើត មិនទាន់បានចូលរួមអនុវត្តកម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឡើយ ខណៈប្រទេសម៉ាឡេស៊ីវិញ បានឈានមុខទាំងផ្នែកបរិមាណ និងគុណភាពលើវិស័យអប់រំ នៅក្នុងរង្វាយតម្លៃអន្តរជាតិនៃ PISA។ មួយវិញទៀត ប្រទេសឡាវ និងទីម័រខាងកើត មិនមានភាពល្អប្រសើរជាងកម្ពុជា និងថៃនៅឡើយទេ ទាំងការអប់រំចំណេះទូទៅ និងឧត្តមសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgblPCA7Shz28Q0s4rdPkm3WRFM5O-N1qUEUpK408pCK6yuIy8bFM-DwVjINFuFyA9Z7S1svhbktvibw7ISmfhJzYVeq-psMPkN-JwEJE2wKY-WXxaA0ehelKc2q8AtYJpq_Lr6yCFcX7Rl-mU2k448Gt9Qh12RLRSZDn-MUtvm1WY58kOzoiashnujJUr3/s780/photo_2025-03-31_11-55-36.jpg

២. ជាលក្ខណៈវិទ្យាសាស្រ្ត ការចំណាត់ថ្នាក់អប់រំជាលក្ខណៈអន្តរជាតិ ត្រូវធ្វើឡើងដោយពិនិត្យលើកត្តាជាច្រើនដូចជា៖ អត្រាអក្ខរកម្ម និងលទ្ធផលសិក្សា, លទ្ធភាពទទួលបានការអប់រំ, គុណភាពនៃការបង្រៀន និងកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធអប់រំ, ការវិនិយោគរបស់រដ្ឋាភិបាលក្នុងវិស័យអប់រំ, ភាពខ្លាំងនៃឧត្តមសិក្សា និងការស្រាវជ្រាវ, សមត្ថភាពប្រកួតប្រជែង និងការវាយតម្លៃពីអន្តរជាតិ ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhTrGxJRRKb-oiuHwINtcBQUKqiBsynbI1CNy9eqlljQiK4rPufLFziniut7ap9fkxzK17HZJkdXnNr4jLaTjsGfgm6HW1wrVWINTy36DoTF__zmM7jbd84_HXc5Z-VtJiqrzNqHEMwQw0ZudItNs8byKJjj-3l2ElCPdtkFc9gTsJ9Cj2k6uRCQ7HoReQ/s1144/photo_2025-03-31_11-55-34.jpg

ក្នុងន័យនេះ ក្រសួងចង់បង្ហាញថា៖ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបាននូវវឌ្ឍនភាពទាំងបរិមាណ និងគុណភាព។ ហើយទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមក៏នៅតែមាន ដែលទាមទារអោយភាគីពាក់ព័ន្ធគ្រប់រូបធ្វើការរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាបន្ថែមទៀត៕