ខណៈបញ្ហាខ្សែបន្ទាត់ព្រំដែនគោករវាងកម្ពុជា-ថៃត្រូវបានជាប់គាំង កងទ័ពថៃនៅពេលនេះបានចាប់ផ្តើមសាងសង់របងសន្តិសុខជាផ្លូវការនៅតាមព្រំដែនថៃ-កម្ពុជាត្រង់ចន្លោះបង្គោលលេខ ៥២ និង ៥៤ ក្នុងខេត្តច័ន្ទថាបុរី ជាប់ខេត្តបាត់ដំបងរបស់កម្ពុជា ដោយមានគោលបំណងពង្រឹងសន្តិសុខព្រំដែន និងបង្កើនសុវត្ថិភាពសម្រាប់ប្រជាជនក្នុងតំបន់។
.jpg)
យោងតាមការចុះផ្សាយរបស់កាសែត Khaosod នារសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ របងថ្មីកំពុងត្រូវបានសាងសង់ជាមួយគ្រឹះបេតុងអាមេ និងបន្ទះបេតុងដែលស្មិតស្រាប់ កម្ពស់ ១៥០ សង់ទីម៉ែត្រ រួមជាមួយសំណាញ់ដែក ដែលមានកម្ពស់សរុបប្រហែល ១៧០ សង់ទីម៉ែត្រ នឹងត្រូវបានដំឡើងត្រង់ចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៤ លាតសន្ធឹងប្រវែង ១,៣១០ ម៉ែត្រជាប់នឹងព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង។
.jpg)
ប្រភពដដែលបានបន្ថែមថា ទាហានកម្ពុជាមួយចំនួនបានតាមដាន និងថតរូបការងារសាងសង់ ប៉ុន្តែអាជ្ញាធរថៃបានទទូចថា គម្រោងនេះកំពុងត្រូវបានអនុវត្តទាំងស្រុងនៅក្នុងទឹកដីថៃ ហើយស្ថិតនៅក្រោមសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសថៃក្នុងការគ្រប់គ្រងតំបន់ព្រំដែនរបស់ខ្លួន។ ការសាងសង់ដំណាក់កាលទីមួយបានចាប់ផ្តើមនៅចុងខែមេសា ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៤៥ ថ្ងៃ។

សូមជម្រាបថា ចំណុចចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៤ គឺជាតំបន់ដែលភាគីទាំងពីរ (កម្ពុជា និងថៃ) បានឯកភាពគ្នាជាផ្លូវដោយគណៈកម្មការព្រំដែនចម្រុះ (JBC) កាលពីខែមីនា ឆ្នាំ២០០៨ ហើយបានបោះបង្គោលបណ្តោះអាសន្នរួចរាល់កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ ទោះជាយ៉ាងណា កម្ពុជានៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាការសាងសង់របង និងផ្លូវល្បាតស្របគ្នានោះ មិនរំកិលចូលមកក្នុងទឹកដីកម្ពុជាសូម្បីតែមួយមីលីម៉ែត្រ។
.jpg)
កន្លងមកក្រសួងការបរទេសកម្ពុជាបានផ្ញើ កំណត់ទូតតវ៉ា (https://mfaic.gov.kh/publish/files/uploads/RTTXXCX3HBAE/Updates%20on%20Border%20situation_31%20Aug%2025.pdf) ប្រឆាំងនឹងការសាងសង់ឯកតោភាគីណាមួយដែលរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា (MoU 2000) និងបានសង្កត់ធ្ងន់ថា ព្រំដែនមិនអាចកែប្រែបានដោយការប្រើកម្លាំងឡើយ។ .jpg)
បន្ថែមលើនោះ កម្ពុជាបានជំរុញឱ្យភាគីថៃបញ្ជូនក្រុមការងារបច្ចេកទេសចម្រុះ (JBC) ដើម្បី ចុះទៅពិនិត្យ និងកំណត់ទីតាំងបង្គោលព្រំដែន (https://www.facebook.com/khmertimes/posts/a-well-informed-source-has-provided-a-public-clarification-regarding-plans-repor/976295061407074/) ឱ្យបានច្បាស់លាស់មុននឹងធ្វើការសាងសង់ ដើម្បីជៀសវាងការរំលោភចូលទឹកដីគ្នាទៅវិញទៅមក៕










