ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ មានហេតុការណ៍គួរឱ្យតក់ស្លុតមួយបានកើតឡើងនៅទីក្រុង Putra Heights ប្រទេសម៉ាឡេស៊ី គឺបំពង់បង្ហូរឧស្ម័នបានផ្ទុះយ៉ាងខ្លាំងបណ្តាលឱ្យភ្លើងឆាបឆេះស្ថានីយចាក់ប្រេង Petronas ក្លាយជាអណ្តាតភ្លើងយក្សខ្ពស់ដល់អាកាស ។ អណ្តាតភ្លើងបានឆាបឆេះលំនៅឋានជាច្រើនខ្នង និងបណ្តាលឱ្យមនុស្សរងរបួសចំនួន៣៣នាក់ ខណៈអ្នកឃើញហេតុការណ៍ភ័យខ្លា.ច យ៉ាងខ្លាំង ដោយសារអាចមើលឃើញអណ្តាតភ្លើងពីចម្ងាយរាប់សិបគីឡូម៉ែត្រ ។
ភ្នាក់ងារពន្លត់ភ្លើងនៅទីក្រុងសុបាំងចាវ៉ា តំបន់ពេតាលីង ខេត្តសាឡាំងង៉ ឱ្យដឹងថា ក្រោយពីទទួលសេចក្តីរាយការណ៍បន្ទាន់ នៅព្រឹកថ្ងៃទី១ ខែមេសា នេះ មានភ្លើងឆេះយ៉ាងសន្ធោសន្ធៅតាមផ្លូវពុតត្រាហានម៉ូនី ភ្នាក់ងារពន្លត់ភ្លើងក៏ប្រញាប់បញ្ជូនកម្លាំងទៅពន្លត់ភ្លើងនៅកន្លែងកើតហេតុជាបន្ទាន់ ។ មូលហេតុបណ្តាលឱ្យភ្លើងឆេះយ៉ាងខ្លាំងនេះ គឺអាចបណ្តាលមកពីផ្ទុះបំពង់បង្ហូរឧស្ម័ន ។
.png)
អណ្តាតភ្លើងបានឆាបឆេះលំនៅឋានពលរដ្ឋជាច្រើនខ្នងដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ហើយអាជ្ញាធររាយការណ៍ថា មានពលរដ្ឋមួយចំនួនជាប់នៅក្នុងលំនៅឋានជាច្រើនខ្នង ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សរងរបួសចំនួន៣៣នាក់ ក្នុងនោះមនុស្ស៦នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
រូបភាព និងវីដេអូហេតុការណ៍ភ្លើងឆេះស្ថានីយចាក់ប្រេង ត្រូវបានចែកចាយក្នុងបណ្តាញសង្គមធ្វើឱ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង ពីព្រោះពួកគេមើលឃើញអណ្តាតភ្លើងយក្សពីចម្ងាយរាប់សិបគីឡូម៉ែត្រ ។.png)
លោក វង់ ឈឺន សមាជិកសភាតំណាងរាស្ត្រនៅទីក្រុងសុបាំងចាវ៉ា និយាយថា ភ្លើងបានឆាបឆេះស្ថានីយចាក់ប្រេងមួយកន្លែងតាមផ្លូវពុតត្រាហានម៉ូនី សូមពលរដ្ឋគ្រប់រូបប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។ យើងនឹងផ្តល់ដំណឹងទៅពលរដ្ឋពេលទទួលបានព័ត៌មានបន្ថែម ហើយនៅព្រឹកថ្ងៃទី១ ខែមេសានេះ អាជ្ញាធរបានបញ្ជូនឧទ្ធម្ភាគចក្រមកកាន់កន្លែងកើតហេតុហើយ ។
បើតាមសេចក្តីរាយការណ៍ដំបូង គឺអណ្តាតភ្លើងយក្សនេះកើតឡើងដោយសារផ្ទុះបំពង់បង្ហូរឧស្ម័នរបស់ក្រុមហ៊ុន Petronas ស្ថិតនៅក្បែរស្ថានីយចាក់ប្រេង Petronas Putra Heights នៅទីក្រុងសុបាំងចាវ៉ា ។ ភ្នាក់ងារសង្គ្រោះនៅប្រចាំការកន្លែងកើតហេតុ រីឯមូលហេតុការផ្ទុះបំពង់បង្ហូរឧស្ម័នកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ៕










