បច្ចេកវិទ្យាកាន់តែទំនើបកាន់តែជួយមនុស្សបានច្រើន ថ្មីៗនេះអ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្តមកពីប្រទេសជាច្រើនបានរកឃើញរបកគំហើញថ្មីមួយដែលជាRobot មានទំហំតូច ប៉ុន្តែមានសមត្ថភាពខ្លាំង ដោយវាអាចកម្ចាត់កោសិកាមហារីកចេញពីខ្លួនមនុស្សបាន។
Robot នេះមានឈ្មោះថា Microscopic Robot រឺ Nanobots មានទំហំត្រឹមតែ 1nm (ណាណូម៉ែត្រ) តែប៉ុណ្ណោះ ដែលទំហំនេះគឺតូចជាងកោសិកាគ្រាប់ឈាមរបស់មនុស្សទៅទៀត។ ក្រុមវិទ្យាសាស្រ្តប្រទេសបារាំង អង់គ្លេស អេស្ប៉ាញ ស្កត់ឡេន សហរដ្ឋអាមេរិក ព្រមទាំងចិនបានរួមគ្នាសិក្សា និងបង្កើតវាឡើងមកដើម្បីទៅប្រឆាំងនឹងកោសិកាមហារីក។
អ្នកជំនាញនិយាយថាការសិក្សាលើRobotនេះប្រើប្រាស់ពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ១៩៩០ជាង ក្រោយមកក៏មានការចូលរួមសហការស្រាវជ្រាវបន្ថែមពីប្រទេសជាច្រើនទៀត ហើយប្រទេសបារាំងបានប្រកាសជាផ្លូវការនូវគម្រោងផលិតRobotនេះនៅឆ្នាំ២០១១ បន្ទាប់មកវាត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ដោយបណ្ដារប្រទេសនៅអឺរ៉ុប និងចិន។
ការបង្កើតនៃRobotនេះមាន២ប្រភេទ ដោយប្រភេទទី១ វាធ្វើការតាមរយៈការបញ្ជារ និងទី២ តាមរយៈស្វ័យដំណើរការ (ប្រើប្រាស់សារធាតុគីមីក្នុងការស្វែងរកនិងបំផ្លាញកោសិកាមហារីកដោយខ្លួនឯង)។ នៅពេលផលិតវាឡើងមក អ្នកវិទ្យាសាស្រ្តបានដាក់សាកល្បងវានៅក្នុងខ្លួនរបស់សត្វដែលមានដុំសាច់មហារី ហើយទទួលបានការព្យាបាលដោយជោគជ័យ។
នៅប្រទេសបារាំងកាលពីឆ្នាំ២០១៨គេធ្លាប់សាកល្បងវាលើមនុស្សរួចមកហើយ ជាលទ្ធផលគេឃើញថាមានសង្ឃឹមក្នុងការព្យាបាល ប៉ុន្តែមិនទាន់បានទាំងស្រុងនៅឡើយ ព្រោះវាអាស្រ័យតាមប្រភេទ និងដំណាក់កាលនៃជំងឺ។ ដោយឡែកកាលពីថ្មីៗនេះគេហទំព័រព័ត៌មានល្បីរបស់អង់គ្លេស The Time បានបង្ហាញថាបច្ចុប្បន្នគេកំពុងសិក្សាពីសក្តានុពល និងសុវត្ថិភាពក្នុងការប្រើប្រាស់វាបន្ថែមទៀតដើម្បីអាចដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងវិស័យសុខាភិបាលនាអនាគតប្រហែល១០ឆ្នាំខាងមុខទៀត៕










