ប្រទេសរុស្ស៊ី ៖ ពិភពលោកបានផ្តោតលើការរីកចម្រើនផ្នែកវេជ្ជសាស្ត្ររបស់រុស្ស៊ី ក្រោយពីក្រសួងសុខាភិបាលរុស្ស៊ីប្រកាសពីភាពជោគជ័យក្នុងការផលិតវ៉ាក់សាំងការពារជំងឺមហារីកប្រភេទថ្មី mRNA ហើយត្រៀមចែកចាយឱ្យអ្នកជំងឺពុំគិតថ្លៃ ចាប់ពីដើមឆ្នាំ២០២៥ តទៅ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។.png)
វ៉ាក់សាំងការពារជំងឺមហារីកប្រភេទថ្មី mRNA របស់ប្រទេសរុស្ស៊ី គឺផលិតដោយមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យុសកម្ម សហការជាមួយក្រសួងសុខាភិបាលរុស្ស៊ី នៅក្រោមការដឹកនាំរបស់លោក Andrey Caprin ។ ការផលិតវ៉ាក់សាំងក្នុងគោលបំណងព្យាបាលអ្នកជំងឺមហារីកឱ្យជាសះស្បើយ ខណៈចំនួនពលរដ្ឋរុស្ស៊ីកើតជំងឺនេះកើនឡើងខ្ពស់ ។.png)
ក្រោយការសាកល្បងបង្ហាញថា វ៉ាក់សាំងនេះអាចរារាំងការវិវត្តសាច់ដុំ និងការរីករាលដាលនៃកោសិកាមហារីក ។ ក្រៅពីនេះ លោក Alexander Gintsburg នាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺរាតត្បាតនិយាយថា ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងបណ្តាញសរសៃប្រសាទសិប្បនិម្មិត គឺជួយដល់ការផលិតវ៉ាក់សាំងយ៉ាងឆាប់រហ័ស ខណៈកន្លងមក ការផលិតត្រូវចំណាយពេលយូរ ។
ប៉ុន្តែគ្មានព័ត៌មានច្បាស់លាស់ពាក់ព័ន្ធនឹងប្រភេទជំងឺមហារីកដែលអាចព្យាបាល, ប្រសិទ្ធភាពវ៉ាក់សាំង និងគម្រោងច្បាស់លាស់ពីការផ្តល់វ៉ាក់សាំងនេះទៅឱ្យអ្នកជំងឺទេ ហើយឈ្មោះរបស់វ៉ាក់សាំង ក៏ពុំទាន់បង្ហាញដែរ ។
ទោះជាទិន្នន័យវ៉ាក់សាំង mRNA ការពារជំងឺមហារីករបស់រុស្ស៊ីនៅមានកំណត់ ប៉ុន្តែវាជាការរកឃើញថ្មីក្នុងការព្យាបាលជំងឺមហារីក ដែលជាបញ្ហាសុខភាពដ៏សំខាន់លើពិភពលោក ជាពិសេស ពលរដ្ឋរុស្ស៊ីបានកើតជំងឺមហារីកកើនឡើងជាបន្តបន្ទាប់ ។ រុស្ស៊ីមានអ្នកជំងឺមហារីកច្រើននៅឆ្នាំ២០២២ គឺស្មើជាង៦៣ម៉ឺន៥ពាន់នាក់ ក្នុងនោះមានមហារីកពោះវៀន, មហារីកសុដន់ និងមហារីកសួត ៕










