សហរដ្ឋអាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានប្រកាសថា លោកនឹងមិនទទួលយកប្រាក់បៀវត្សរ៍ប្រធានាធិបតីក្នុងអំឡុងពេលអាណត្តិថ្មីនេះទេ ដោយនិយាយថា លោកនឹងយកប្រាក់ទាំងនេះទៅបរិច្ចាគដល់អង្គការសប្បុរសធម៌ និងភ្នាក់ងាររដ្ឋាភិបាលមួយចំនួន។
កាលពីថ្ងៃទី ៩ ខែធ្នូ លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Kristen Welker ដែលជាអ្នកកាសែតនៅ NBC News ថា ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់លោកគឺ ៤៥០,០០០ ដុល្លារអាមេរិក ប៉ុន្តែលោកនឹងមិនទទួលយកអ្វីទាំងអស់ មានន័យថា លោកនឹងលះបង់ប្រាក់ដ៏ច្រើននេះទៅឱ្យអង្គការសប្បុរសធម៌ និងភ្នាក់ងាររដ្ឋាភិបាលមួយចំនួនដូចជា នាយកដ្ឋានកិច្ចការអតីតយុទ្ធជន និងសេវាឧទ្យានជាតិ។

យោងតាម NBC News នេះគឺជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ព្រោះថាគ្មានប្រធានាធិបតីណាម្នាក់បានធ្វើដូច Trump នោះទេ។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦ លោក Trump បានសន្យាថានឹងបរិច្ចាគប្រាក់បៀវត្សរ៍ទាំងមូលរបស់លោកប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី។
លោកត្រូវបានគេនិយាយថាបានបរិច្ចាគយ៉ាងហោចណាស់ ១.៤ លានដុល្លារក្នុងចំណោម ១.៦ លានដុល្លារជាប្រាក់បៀវត្សរ៍សរុបសម្រាប់អាណត្តិ ២០១៧-២០២១ ដល់ភ្នាក់ងាររដ្ឋាភិបាលជាច្រើនដូចជានាយកដ្ឋានកិច្ចការអតីតយុទ្ធជន និងសេវាឧទ្យានជាតិ នេះបើយោងតាមទស្សនាវដ្តី Forbes ។

ដូច្នេះនៅអាណត្តិទីពីរនេះ Trump ក៏អនុវត្តដូចមុនដែរគឺលោកនឹងបរិច្ចាគប្រាក់បៀវត្សរ៍ទាំងអស់របស់លោកទីឱ្យអង្គការសប្បុរសធម៌ និងភ្នាក់ងាររដ្ឋាភិបាលមួយចំនួនផ្សេងទៀត។ ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយនោះទេ ដែលប្រធានាធីបតីអាមេរិកបរិច្ចាគប្រាក់បៀវត្សរ៍ទៅឱ្យអង្គការផ្សេងៗ។ កាលពីឆ្នាំ ១៧៨៩ ប្រធានាធិបតីអាមេរិកដំបូងលោក George Washington ក៏បានបដិសេធមិនទទួលយកប្រាក់បៀវត្សរ៍នៅពេលគាត់ចូលកាន់តំណែងផងដែរ៕










