សហរដ្ឋអាមេរិក៖ Angelina Jolie និងអតីតស្វាមីរបស់នាងគឺលោក Brad Pitt ត្រូវបានគេអញ្ជើញឱ្យសម្តែងក្នុងខ្សែភាពយន្តជាមួយគ្នាដែលមានចំណងជើងថា The Hotel Martinez។

នៅក្នុងបទសម្ភាសន៍ជាមួយ The Mirror កាលពីដើមខែធ្នូ ផលិតករ Danny Rossner បាននិយាយថា លោកកំពុងព្យាយាមទាក់ទងទៅ Angelina Jole និង Brad Pitt ឱ្យសម្តែងក្នុងខ្សែភាពយន្ត The Hotel Martinez ជាមួយគ្នាដោយពួកគេទាំងពីរសម្តែងជាតួឯក។
គម្រោងនេះត្រូវបានរៀបចំឡើងក្នុងប្រទេសបារាំង ដោយផ្អែកលើរឿងពិតនៃសមរភូមិផ្លូវច្បាប់សម្រាប់ការគ្រប់គ្រងរបស់ Hôtel Martinez ដែលជាសណ្ឋាគារដ៏ល្បីល្បាញមួយនៅទីក្រុង Cannes ដែលខ្លឹមសារនេះក៏និយាយអំពីរឿងរ៉ាវស្នេហារបស់ម្ចាស់សណ្ឋាគារផងដែរ។ យោងតាម The Mirror ជីវិតផ្ទាល់ខ្លួនរបស់ម្ចាស់សណ្ឋាគារ Martinez គឺមានភាពទាក់ទាញដូចខ្សែភាពយន្តហូលីវូដអ៊ីចឹង។

ក្រៅពីជាអ្នកជំនួញ គាត់ក៏សកម្មក្នុងចលនាតស៊ូរបស់បារាំង ជួយជ្វីហ្វ ជនភៀសខ្លួន និងអ្នកស៊ើបការណ៍ឱ្យរួចផុតពីការគំរាមកំហែងរបស់ណាស៊ីអាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ផលិតករ Danny Rossner បានបន្តថា គ្មាននរណាម្នាក់សម្តែងបានល្អជាង Angelina Jole និង Brad Pitt ទេ ប្រសិនបើអ្នកទាំងពីរយល់ព្រមសហការគ្នា ខ្សែភាពយន្តនេះនឹងល្បីកក្រើកទូទាំងពិភពលោកតែម្តង។ Rossner ជឿជាក់ថា គម្រោងនេះមិនត្រឹមតែមានសក្តានុពលក្នុងការឈ្នះពានរង្វាន់ Oscar ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្តីប្រពន្ធនេះ ជាសះស្បើយពីជម្លោះនាពេលកន្លងផងដែរ។.png)
គួររំលឹកដែរថា Angelina Jole និង Brad Pitt ធ្លាប់បានសម្តែងរឿងជាមួយគ្នាបានម្តងក្នុងឆ្នាំ ២០១៥ ដែលមានចំណងជើងថា « By The Sea» ប្រសិនបើអ្នកទាំងពីរចុះកុងត្រាសម្តែងជាមួយគ្នាពិតមែន មានន័យថា នេះជាលើកទីពីរហើយដែលអ្នកទាំងពីរបានសម្តែងជាមួយគ្នាម្តងទៀត។ ទោះជាយ៉ាងណាយោងតាម Page Six បាននិយាយថា វាជាការលំបាកក្នុងការបញ្ចុះបញ្ចូលអតីតប្តីប្រពន្ធឱ្យសហការគ្នានៅពេលដែលពួកគេស្ថិតក្នុងវិវាទជាច្រើនឆ្នាំ។

វាមិនអាចទៅរួចទេដែលមនុស្សពីរនាក់ជួបគ្នា ដូច្នេះកិច្ចសហប្រតិបត្តិការនេះទំនងជួបរឿងពិបាកច្រើន។ កាលពីខែកញ្ញា អ្នកតំណាងនៃមហោស្រពភាពយន្តទីក្រុង Venice បាននិយាយថា អ្នករៀបចំត្រូវរៀបចំ ខ្សែភាពយន្តចំនួនពីររឿងរបស់ Jolie និង Pitt មកចាក់បញ្ចាំងនៅថ្ងៃផ្សេងគ្នា ដើម្បីកុំឱ្យសិល្បករទាំងពីរជួបគ្នា។ ដូច្នេះការគ្រោងឱ្យអ្នកទាំងពីរសម្តែងជាមួយគ្នាវាជារឿងមួយដែលពិបាកបំផុត និងមិនអាចទៅរួច៕










