ក្រូចមិឃាំង ឬក្រូចម៉េនដារិន គឺជាក្រូចដែលពលរដ្ឋជប៉ុនងាយស្រួលរកទិញមកបរិភោគក្នុងរដូវរងាដើម្បីជួយឱ្យរាងកាយរឹងមាំ ដោយសារសម្បូរវីតាមីន C ។ ប៉ុន្តែក្រូចមួយចំនួនដែលទិញមកមានរសជាតិជូរខ្លាំងរហូតលែងចង់បរិភោគ ហើយពលរដ្ឋជប៉ុនមានវិធីមួយចំនួនធ្វើឱ្យក្រូចជូរមានរសជាតិផ្អែម ។
នេះជាវិធីធ្វើឱ្យក្រូចជូរមានរសជាតិផ្អែមរបស់ពលរដ្ឋជប៉ុន ៖
១-លុញផ្លែក្រូចថ្មមៗ ៖ នេះជាវិធីងាយស្រួលដែលពលរដ្ឋជប៉ុនប្រើប្រាស់តាំងពីសម័យបុរាណមកម៉្លេះ ដោយការប្រើប្រាស់ដៃលុញផ្លែក្រូចថ្នមៗប្រមាណ៥០លើក ។ បន្ទាប់មក ទុកវាចាប់ពី២ម៉ោង ទៅ៣ម៉ោង ទើបយកមកបរិភោគ ពីព្រោះការលុញជួយឱ្យក្រូចក្តៅ និងកម្ចាត់ជាតិអាស៊ីតធ្វើឱ្យក្រូចជូរ ។.jpg)
២-ត្រាំផ្លែក្រូចក្នុងទឹកក្តៅឧណ្ឌៗ ៖ យកក្រូចមកត្រាំក្នុងទឹកមានសីតុណ្ហភាព៤០អង្សារសេ ចាប់ពី១០នាទី ទៅ១៥នាទី និងការពារកុំឱ្យក្រូចអណ្តែតលើទឹក ដោយការប្រើប្រាស់ចាន, គំរបឆ្នាំង និងកញ្ច្រែងសង្កត់ពីលើ ។ ទឹកក្តៅឧណ្ឌៗនឹងធ្វើឱ្យសារធាតុ Aconitase ក្នុងក្រូចរំលាយជាតិអាស៊ីត និងបន្ថែមរសជាតិផ្អែម ។ បើចង់ងាយស្រួលបកសំបក គឺត្រូវយកក្រូចដែលបានត្រាំទឹកក្តៅឧណ្ឌៗរួចហើយទៅក្លាសេក្នុងទូរទឹកកក ប្រមាណ៣០នាទី មុនពេលបរិភោគ ។.jpg)
៣-ដាក់ក្រូចក្នុងមីក្រូវ៉េវ ៖ យកកាំបិតចិតសំបកក្រូចផ្នែកខាងលើចេញ ហើយយកវាទៅដាក់ក្នុងមីក្រូវ៉េវ រយៈពេល៣០នាទី ។ ការចិតសំបកផ្នែកខាងលើនេះ គឺការពារកុំឱ្យក្រូចផ្ទុះក្នុងមីក្រូវ៉េវ ហើយបើចង់ឱ្យវាមានរសជាតិកាន់តែផ្អែម និងងាយស្រួលបកសំបក ត្រូវបន្ថែមចំនួននាទីក្នុងមីក្រូវ៉េវ ។ បន្ទាប់មក យកវាទៅក្លាសេក្នុងទូរទឹកកក ប្រមាណ៣០នាទី ។
៤-យកក្រូចទៅអាំង ៖ យើងអាចអាំងផ្លែក្រូចលើចង្ក្រានធ្យូង និងម៉ាស៊ីនដុតនំប៉័ង រហូតដល់សំបកក្រូចពណ៌ខ្មៅដើម្បីឱ្យវាមានរសជាតិផ្អែម ហើយសារធាតុចិញ្ចឹមក្នុងសំបកនឹងជ្រាបចូលក្នុងសាច់ក្រូច ។ វានឹងបង្កើនសារធាតុចិញ្ចឹមផង និងការពារគ្រោះថ្នាក់ដោយសារការប្រើប្រាស់ថ្នាំកម្ចាត់សត្វលម្អិតផង ប៉ុន្តែត្រូវលាងសម្អាតក្រូចឱ្យស្អាត និងជូតឱ្យស្ងួតមុនពេលអាំង ។
៥-បន្ទុំក្រូចជាមួយផ្លែប៉ោម ៖ យកក្រូចសំបកខៀវមកច្រកក្នុងថង់ផ្លាស្ទិកជាមួយផ្លែប៉ោម និងចងមាត់ថង់ឱ្យជាប់ ។ ឧស្ម័នអេថិលីនក្នុងផ្លែប៉ោមនឹងធ្វើឱ្យក្រូចមានរសជាតិផ្អែម ដោយចំណាយពេលបន្ទុំផ្លែឈើទាំង២នេះរួមគ្នា ចាប់ពី១ថ្ងៃ ទៅ២ថ្ងៃ ឬរហូតដល់ក្រូចទុំ ។ ក្រៅពីបន្ទុំជាមួយផ្លែប៉ោម យើងអាចបន្ទុំជាមួយផ្លែចេក និងផ្លែ Kiwi បាន ។.png)
ពលរដ្ឋជប៉ុនបានប្រើប្រាស់វិធីទាំង៥នេះ ដើម្បីជួយឱ្យក្រូចមិឃាំង ឬក្រូចម៉េនដារិន មានរសជាតិផ្អែមជាងមុន ។ យើងអាចប្រើប្រាស់វិធីទាំងនេះជាមួយក្រូចពោធិ៍សាត់របស់ខ្មែរដែលមានរសជាតិជូរបាន ៕










