ប្រទេសចិន ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានស៊ីនហួររាយការណ៍ថា ការរីកចម្រើនយ៉ាងខ្លាំងលើការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្តបានធ្វើឱ្យចិនជាប់ចំណាត់ថ្នាក់ទី៣ វ៉ាដាច់អាល្លឺម៉ង់ ផ្នែកប្រើប្រាស់មនុស្សយន្តច្រើនបំផុតក្នុងរោងចក្រឧស្សាហកម្ម កាលពីឆ្នាំ២០២៣ ។
ប្រទេសចិនបានប្រើប្រាស់មនុស្សយន្តចំនួន៤៧០គ្រឿង ក្នុងចំណោមបុគ្គលិក១ម៉ឺននាក់ នៅឆ្នាំ២០២៣ ។ ចំនួននេះកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបនឹងការប្រើប្រាស់មនុស្សយន្ត៤០២គ្រឿង កាលពីឆ្នាំ២០២២ ហើយវាកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០១៩ ។
ចិនបានវិនិយោគប្រាក់យ៉ាងច្រើនលើបច្ចេកវិទ្យាមនុស្សយន្ត ហើយបច្ចេកវិទ្យារបស់ចិនបានកើនឡើងយ៉ាងខ្លាំង ។ បើតាមរបាយការណ៍បញ្ជាក់ថា ចិនទើបតែជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោម១០ប្រទេសលើពិភពលោក ផ្នែកបច្ចេកវិទ្យាមនុស្សយន្តកាលពីឆ្នាំ២០១៩ ។
ចំនួនមនុស្សយន្តកើនឡើងក្នុងឧស្សាហកម្ម គឺបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាការផលិតមនុស្សយន្តនៅប្រទេសចិន ។ រីឯកូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់ទី១ ដែលប្រើប្រាស់មនុស្សយន្តចំនួន១,០១២គ្រឿង ក្នុងចំណោមបុគ្គលិក១ម៉ឺននាក់ កាលពីឆ្នាំ២០២៣ ខណៈសិង្ហបុរី ជាប់ចំណាត់ថ្នាក់ទី២, អាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់ទី៤ ដែលប្រើប្រាស់មនុស្សយន្ត ៤២៩គ្រឿង ក្នុងចំណោមបុគ្គលិក១ម៉ឺននាក់ ។.png)
អត្រាកំណើតធ្លាក់ចុះនៅប្រទេសចិននាពេលបច្ចុប្បន្ន បានធ្វើឱ្យចិនខ្វះខាតកម្លាំងពលកម្មក្នុងផ្នែកឧស្សាហកម្មយ៉ាងខ្លាំង ប៉ុន្តែការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្តយ៉ាងឆាប់រហ័ស គឺជាឱកាសថ្មីរបស់ចិនដើម្បីដោះស្រាយបញ្ហានេះ ។ អ្នកជំនាញរំពឹងថា រយៈពេល១០ឆ្នាំខាងមុខទៀត ចិននឹងក្លាយជាប្រទេសប្រើប្រាស់មនុស្សយន្តច្រើនបំផុត ។
មនុស្សយន្តធ្វើការ និងមនុស្សយន្តបញ្ជូនទំនិញ នឹងក្លាយជាជំនួយការដ៏សំខាន់ក្នុងរោងចក្រចិន ពីព្រោះវាមានសមត្ថភាពខ្ពស់អាចធ្វើការរួមគ្នាជាមួយមនុស្ស ។ ដូច្នេះ មនុស្សយន្តនឹងជួយបង្កើនប្រសិទ្ធភាព និងគុណភាពការផលិតទំនិញ ខណៈការចំណាយដើមទុនអភិវឌ្ឍន៍បច្ចេកវិទ្យាមនុស្សយន្តបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យក្រុមហ៊ុនចិនអាចប្រើប្រាស់មនុស្សយន្តយ៉ាងច្រើនក្នុងរោងចក្រ ។
ការប្រើប្រាស់មនុស្សយន្តយ៉ាងទូលំទូលាយនឹងជួយដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពរបស់សេដ្ឋកិច្ចជាតិ ។ ចិនបានក្លាយជាប្រទេសនាំមុខក្នុងចំណោមប្រទេសអភិវឌ្ឍន៍បច្ចេកវិទ្យាមនុស្សយន្តលើពិភពលោក ដែលធ្វើឱ្យប្រទេសនានាភ្ញាក់ផ្អើលនឹងការរីកចម្រើននេះ ៕










