ទឹកនៅទន្លេអាម៉ាហ្សូនក្នុងប្រទេសប៉េរ៉ូ ស្រាប់តែឡើងកម្តៅខ្លាំងខុសធម្មតា រហូតដល់ ៨៦ អង្សារសេ ដែលល្មមនឹងស្ងោរវត្ថុណាមួយ ដែលធ្លាក់ចូលទៅក្នុងទឹកដោយមិនដឹងខ្លួន ហើយប្រសិនបើលោកអ្នកច្រឡំលាងដៃ លាងជើងនៅទឹកនោះ ច្បាស់ណាស់ស្បែករបស់អ្នកនឹងរលាកជាក់ជាមិនខាន។.png)
ទន្លេ Shanay-timpishka ស្ថិតក្នុងប្រទេសប៉េរ៉ូ ត្រូវបានគេស្គាល់ថាជាទន្លេមួយក្នុងចំណោមទន្លេអាម៉ាហ្សូន ធ្លាប់តែជាទឹកត្រជាក់ ស្រាប់តែឡើងកម្តៅខ្លាំងខុសធម្មតា បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកវិទ្យាសាស្ត្រកំដៅផែនដីលោក Andrés Ruzo បាននិយាយថា ទន្លេនេះលាតសន្ធឹងប្រវែង ៦.២៤ គីឡូម៉ែត្រ ជាមួយនឹងសីតុណ្ហភាពជាមធ្យម ៨៦ អង្សារសេ ដូច្នេះការនៅជិតទន្លេនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះសូម្បីតែសត្វព្រៃដើរឆ្លងកាត់ទឹកពុះនេះក៏រងរបួសដែរ។ 
លោក Andrés Ruzo បានបន្តថា ទឹកក្តៅបែបនេះទំនងជាប់ទាក់ទងនឹងប្រភពទឹកក្ដៅក្នុងផែនដី មានន័យថាវាប្រហែលទាក់ទងនឹងសកម្មភាពភ្នំភ្លើងក្រោមដី ទោះជាយ៉ាងណា ព្រៃអាម៉ាហ្សូនមិនមានទីតាំងនៅជិតភ្នំភ្លើងណាមួយឡើយ។ ទោះបីជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវផ្សេងទៀតបានប៉ាន់ស្មានថា មូលហេតុដែលទឹកទន្លេនេះឡើងកម្តៅក្តៅខ្លាំងរហូតដល់ ៨៦ អង្សារសេ គឺដោយសារទន្លេអាចមានប្រភពចេញពីផ្ទាំងទឹកកកនៅ Andes។

ទឹកកករលាយជ្រាបចូលជ្រៅនៅក្រោមដី បង្កឱ្យមានការកកកុញកំដៅក្នុងផែនដី ជាហេតុធ្វើឱ្យទន្លេ Shanay-timpishka ឡើងកម្តៅ។ លើសពីនេះតំបន់ជុំវិញទន្លេ Shanay-timpishka ក៏ត្រូវបានគំរាមកំហែងដោយការកាប់បំផ្លាញព្រៃឈើ គម្រោងអភិវឌ្ឍន៍ និងការទាញយកឥន្ធនៈហ្វូស៊ីលផងដែរ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មាននោះទេ មិនទាន់មានចម្លើយច្បាស់លាស់អំពីមូលហេតុនៃការឡើងកម្តៅទឹកទន្លេនោះឡើយ។

គួរបញ្ជាក់ដែរថា ទន្លេអាម៉ាហ្សូនគឺជាទន្លេមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង ដែលមានប្រភពនៅប្រទេសប៉េរូ និងហូរឆ្លងកាត់ប្រទេសកូឡុំប៊ី ។ បន្ទាប់មក ទឹកទន្លេក៏ហូរចូលក្នុងមហាសមុទ្រអាត្លង់ទិក និងប្រទេសប្រេស៊ីល។ ទន្លេអាម៉ាហ្សូនមានប្រវែងសរុបចំនួន៦.៥០០ គីឡូម៉ែត្រ ហើយនៅរដូវវស្សា វាក្លាយជាទន្លេមានទទឹងធំបំផុតនៅលើពិភពលោក៕










