សហរដ្ឋអាមេរិក ៖ នាយកក្រុមហ៊ុននានានៅអាមេរិកបានតាមដានស្ថានការណ៍យ៉ាងដិតដល់ ក្រោយពីលោក Donald Trump ប្រកាសថា នឹងដំឡើងពន្ធលើទំនិញនាំចូល ពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ នៅខែមករា ឆ្នាំ២០២៥ ។ នាយកក្រុមហ៊ុនជាច្រើនបារម្ភពីវិធានការដំឡើងពន្ធនេះនឹងប៉ះពាល់អតិផរណាក្នុងប្រទេស ។
.png)
Walmart ជាក្រុមហ៊ុនលក់ទំនិញដ៏ធំបំផុតរបស់អាមេរិកបានបង្ហាញក្តីបារម្ភ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា តម្លៃទំនិញអាចកើនឡើងខ្ពស់ បើអាមេរិកដំឡើងពន្ធលើទំនិញនាំចូលពីក្រៅប្រទេស ។ វានឹងប៉ះពាល់ដល់អតិថិជនត្រូវចំណាយប្រាក់ច្រើនជាងមុន ក្នុងអំឡុងពេលពួកគេរងផលប៉ះពាល់ពីអតិផរណា ។
ពេលឃោសនារកសំឡេងឆ្នោត លោក Donald Trump បានសន្យាថា បើឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិក លោកនឹងដំឡើងពន្ធទំនិញនាំចូលពីគ្រប់ប្រទេស ស្មើនឹង២០% និងដំឡើងពន្ធទំនិញចិន ស្មើនឹង៦០% ។ លើសពីនេះ លោកនឹងដំឡើងពន្ធរថយន្តផលិតនៅប្រទេសម៉ិកស៊ិក រហូតដល់១០០% ដើម្បីដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មរបស់អាមេរិក ។.png)
ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ នាយកក្រុមហ៊ុនជិត២០០ក្រុមហ៊ុនបានពិភាក្សាគ្នាពីវិធានការដំឡើងពន្ធទំនិញនាំចូលរបស់លោក Trump ក្នុងកិច្ចប្រជុំជាមួយវិនិយោគិន ។ អាមេរិកនឹងដំឡើងពន្ធលើទំនិញនាំចូលពីក្រៅប្រទេស ជិត២ដង បើធៀបនឹងមុនពេលបោះឆ្នោត ឆ្នាំ២០២០ ។
ក្រុមហ៊ុន Oxford Economics សន្និដ្ឋានថា ការដំឡើងពន្ធទំនិញចិនក្នុងអត្រា៦០% អាចធ្វើឱ្យអតិផរណារបស់អាមេរិក កើនឡើងដល់០.៧% ។ រីឯការដំឡើងពន្ធទំនិញនាំចូលពីគ្រប់ប្រទេស ចាប់ពី១០% ឡើងទៅ នឹងធ្វើឱ្យអតិផរណាអាមេរិក កើនឡើងដល់០.៣% ។
បើតាមទិន្នន័យរបស់ការិយាល័យជំរឿនអាមេរិកបញ្ជាក់ថា អាមេរិកបាននាំចូលទំនិញពីប្រទេសចិន កើនឡើងស្មើទឹកប្រាក់៥៣៨,៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ ។ រីឯការនាំចូលទំនិញពីចិនក្នុងរយៈពេល១២ខែកន្លងមក (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤) គឺស្មើនឹង៤៣៣,៣០០លានដុល្លារអាមេរិក ៕










