សហរដ្ឋអាមេរិក ៖ មន្ត្រីជំនាញផ្នែកច្បាប់បោះឆ្នោតលើកឡើងថា ករណីលោក Elon Musk ស្វែងរកសំឡេងឆ្នោតដោយប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន១លានដុល្លារអាមេរិកដល់អ្នកគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅសហរដ្ឋអាមេរិក គឺជាទង្វើខុ.សច្បាប់យ៉ាងខ្លាំង ហើយលោកប្រឈមនឹងការជាប់ពន្ធនា.គារ និងបង់ប្រាក់ពិន័យ ។
សារព័ត៌មានបរទេសរាយការណ៍ថា ក្នុងពេលឡើងលើវេទិកាស្វែងរកសំឡេងឆ្នោតឱ្យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោក Elon Musk ជាមហាសេដ្ឋីនៃឧស្សាហកម្មបច្ចេកវិទ្យាបានប្រកាសថា លោកនឹងផ្តល់ប្រាក់ចំនួន១លានដុល្លារអាមេរិកជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត (គឺថ្ងៃទី៥ ខែវិច្ឆិកា) ដល់អ្នកមានសិទ្ធិបោះឆ្នោតនៅរដ្ឋ Battleground (ឬរដ្ឋ Swing State) ។
លោក Elon Musk បាននិយាយក្នុងពេលរកសំឡេងឆ្នោតនៅទីក្រុង Harrisburg រដ្ឋ Pennsylvania ថា ៖ «យើងកំណត់គោលដៅប្រមូលឈ្មោះអ្នកគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីផ្តល់សេរីភាពក្នុងការបញ្ចេញមតិ និងមានសិទ្ធិគ្រប់គ្រងអាវុធនៅរដ្ឋ Battleground ឱ្យបានជាង១លាននាក់ ឬ២លាននាក់ ។ អ្នកសំណាងល្អនឹងទទួលបានប្រាក់១លានដុល្លារអាមេរិក ដែលនឹងជ្រើសរើសពីបញ្ជីឈ្មោះអ្នកគាំទ្រធ្វើវិសោធនកម្មនៅអាមេរិក ចាប់ពីថ្ងៃប្រកាសនេះ រហូតដល់ថ្ងៃបោះឆ្នោត» ។
ការចាប់រង្វាន់លើកដំបូងបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ហើយអ្នកឈ្នះមុនគេបានទទួលប្រាក់ក្នុងពេលលោក Elon Musk ប្រកាសរកសំឡេងឆ្នោតនៅទីក្រុង Harrisburg រដ្ឋ Pennsylvania ។ រីឯអ្នកឈ្នះម្នាក់ទៀតបានទទួលមូលប្បទានប័ត្រ (ឬសែក) នៅថ្ងៃទី២០ ខែតុលា ក្នុងពេលប្រកាសរកសំឡេងឆ្នោតនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania ។.png)
លោក Elon Musk បានផ្តល់ប្រាក់ចំនួន៧៥លានដុល្លារអាមេរិកដល់ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ហើយលោករំពឹងថា ការផ្តល់ប្រាក់របស់លោក នឹងជួយលើកទឹកចិត្តឱ្យអ្នកគាំទ្រលោក ដូណាល់ ត្រាំ ចុះឈ្មោះបោះឆ្នោត ។
អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro ដែលជាសមាជិកគណបក្ស Democrat បានផ្តល់កិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ NBC កាលពីថ្ងៃទី២០ ខែតុលា ថា ការផ្តល់ប្រាក់របស់លោក Elon Musk គួរឱ្យបារម្ភយ៉ាងខ្លាំង ហើយមន្ត្រីអនុវត្តច្បាប់គួរត្រួតពិនិត្យករណីនេះ ។.png)
ចំណែកអតីតមន្ត្រីក្រសួងយុត្តិធម៌ ដែលទទួលខុសត្រូវផ្នែកសិទ្ធិបោះឆ្នោតនិយាយថា ការផ្តល់រង្វាន់សម្រាប់អ្នកមានសិទ្ធិបោះឆ្នោតនៅរដ្ឋ Battleground នឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត ។ វាជាភស្តុតាងបង្ហាញថា លោក Elon Musk មានចេតនាធ្វើឱ្យខ្លួនមានឥទ្ធិពលដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ហើយវាអាចមានបញ្ហាផ្នែកច្បាប់ ។
ដូចគ្នានេះ អ្នកជំនាញផ្នែកច្បាប់បោះឆ្នោតមកពីសាកលវិទ្យាល័យ California, Los Angeles និយាយថា ទង្វើរបស់លោក Elon Musk គឺជាការទិញសំឡេងឆ្នោតយ៉ាងខុសច្បាប់ ។ យោងតាមច្បាប់ចែងថា ការផ្តល់ប្រាក់ ឬគម្រោងផ្តល់ប្រាក់ និងការទទួលប្រាក់ដើម្បីចុះឈ្មោះបោះឆ្នោត ឬកាត់បន្ថយសំឡេងឆ្នោត គឺជាទង្វើខុសច្បាប់ និងត្រូវផាកពិន័យជាប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ឬជាប់ពន្ធនាគារមិនលើស៥ឆ្នាំ ៕










