ប្រទេសអង់គ្លេស ៖ សារមន្ទីរមួយកន្លែងនៅប្រទេសអង់គ្លេសបានប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតជាសំឡេងសត្វស្លាបផុតពូជពីផែនដី ដើម្បីអាចជជែកជាមួយមនុស្ស ។ សំឡេងបង្កើតពី AI នេះ ពុំមែនជាសំឡេងសត្វតាមធម្មជាតិទេ ប៉ុន្តែវាជាសំឡេងដូចមនុស្សសម្រាប់ឱ្យគ្រោងឆ្អឹងសត្វស្លាបអាចទំនាក់ទំនងជាមួយអ្នកចូលសារមន្ទីរ ។.png)
ការបង្កើតសំឡេងនេះក្នុងគោលបំណងឱ្យអ្នកចូលសារមន្ទីរ Museum Of Zoology អាចសួរសំណួរផ្សេងៗ និងជាការបង្កើតបទពិសោធន៍ថ្មីក្នុងការចូលសារមន្ទីរ ។ គេបានឮសំឡេងរបស់គ្រោងឆ្អឹងសត្វស្លាបនិយាយជាមួយអ្នកចូលសារមន្ទីរម្នាក់ ដែលសំឡេងនេះបញ្ជាក់ពីលក្ខណៈរបស់សត្វស្លាបផុតពូជមួយប្រភេទឈ្មោះ Dodo ។.png)
សត្វស្លាប Dodo មានទំហំខ្លួនធំ និងពុំអាចហោះហើរបានទេ ហើយវាធ្លាប់មានជីវិតរស់នៅលើកោះម៉ូរីសៀស ក្នុងមហាសមុទ្រឥណ្ឌា ប៉ុន្តែបានផុតពូជកាលពីសតវត្សទី១៧ ។ បច្ចេកវិទ្យា AI ដែលធ្វើឱ្យគ្រោងឆ្អឹងសត្វស្លាប Dodo អាចទំនាក់ទំនងជាមួយមនុស្សនេះ គឺធ្វើឡើងដោយក្រុមហ៊ុនផ្នែកស្រាវជ្រាវបច្ចេកវិទ្យា ។ ក្រុមហ៊ុនបានប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ និងស្រាវជ្រាវពីបរិស្ថានក្នុងអំឡុងពេលសត្វស្លាបនេះមានជីវិតលើផែនដី ដើម្បីបង្កើតសំឡេងឱ្យមានលក្ខណៈដូចសត្វនេះបំផុត ។
បច្ចេកវិទ្យា AI អាចជួយឱ្យគ្រោងឆ្អឹងសត្វ Dodo ឆ្លើយតបសំណួររបស់មនុស្សយ៉ាងឆាប់រហ័ស ព្រមទាំងចេះស្តាប់ភាសាមនុស្ស រហូតដល់២០ភាសា ។ ក្នុងសារមន្ទីរនេះ មិនមែនមានត្រឹមតែគ្រោងឆ្អឹងសត្វ Dodo ប៉ុណ្ណោះទេ ដែលអាចជជែកជាមួយមនុស្សបាន ប៉ុន្តែក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា ក៏បានប្រើប្រាស់បច្ចេកវិទ្យា AI ជាមួយគ្រោងឆ្អឹងសត្វផ្សេងទៀតផងដែរ ។
ហេតុនេះ អ្នកចូលទស្សនាសារមន្ទីរនឹងអាចសាកសួរសំណួរផ្សេងៗដែលចាប់អារម្មណ៍ដោយសេរី ។ ក្រៅពីនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងសារមន្ទីរ ក៏បានទាក់ទាញចំណាប់អារម្មណ៍មនុស្សចូលសារមន្ទីរកាន់តែច្រើន ។ ប៉ុន្តែបច្ចុប្បន្ន បច្ចេកវិទ្យានេះពុំទាន់បានប្រើប្រាស់១០០% ទេ ដោយសារក្រុមហ៊ុនកំពុងសាកល្បងប្រើប្រាស់រយៈពេល១ខែ គឺចាប់ពីថ្ងៃទី១៥ ខែតុលា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្រោយការសាកល្បងបច្ចេកវិទ្យា AI បង្កើតជាសំឡេងសត្វផុតពូជ សារមន្ទីរនឹងវិភាគព័ត៌មានផ្សេងៗ ដូចជា ៖ ការឆ្លើយតប និងប្រភេទការសន្ទនារវាងគ្រោងឆ្អឹងសត្វជាមួយមនុស្ស ដើម្បីពិចារណាពីគម្រោងប្រើប្រាស់បច្ចេកវិទ្យានេះ នាថ្ងៃអនាគត ៕










