ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកអ្នកវិនិយោគបរទេសដើម្បីគាំទ្រផែនការរបស់ខ្លួនក្នុងការសាងសង់ផ្ទះចំនួន ១៥ លានខ្នងរយៈពេល ៥ ឆ្នាំ ឬ ៣ លានខ្នងក្នុងមួយឆ្នាំសម្រាប់ប្រជាជនក្រីក្រនៅទូទាំងប្រទេស។
ថ្មីៗនេះលោក Hashim Djojohadikusumo ប្រធានក្រុមការងារលំនៅឋាន និងជាទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី បាននិយាយថា នេះគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយដែលត្រូវបានប្រកាសដោយប្រធានាធិបតីថ្មី Prabowo Subianto និងដៃគូរបស់គាត់ Gibran Rakabuming Raka ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។
លោក Hashim Djojohadikusumo បានប្រកាសថា “អ្នកវិនិយោគបរទេសនឹងត្រូវបានបែងចែកសម្រាប់សាងសង់ផ្ទះចំនួន ១ លានខ្នង ខណៈដែលអចលនទ្រព្យដែលនៅសល់ចំនួន ២ លានខ្នងទៀតនឹងត្រូវបានបម្រុងទុកសម្រាប់អ្នកវិនិយោគក្នុងស្រុក”។ ផែនការសាងសង់ផ្ទះចំនួន ៣ លានខ្នងក្នុងមួយឆ្នាំរួមមានផ្ទះល្វែងចំនួន ១ លានខ្នងនៅក្នុងទីក្រុង និង ២ លានខ្នងទៀតនៅតំបន់ជនបទ។ លោក Hashim បានបន្តទៀតថា ការសាងសង់ផ្ទះចំនួន ២ លានខ្នងនៅក្នុងភូមិជារៀងរាល់ឆ្នាំ ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារជាច្រើននៅក្នុងតំបន់ទាំងនោះ។.png)
ដូច្នេះកម្មវិធីនេះត្រូវបានគេរំពឹងថានឹងក្លាយជាដំណោះស្រាយដំធំមួយដើម្បីបំពេញតម្រូវការលំនៅដ្ឋាននាពេលបច្ចុប្បន្នរបស់ប្រជាជនក្នុងបរិបទនៃការខ្វះខាតផ្ទះរបស់ប្រទេសឥណ្ឌូនេស៊ីប្រហែល ១២.៧ លានខ្នងនៅទូទាំងប្រទេស។ យោងតាមស្ថិតិ ប្រជាជនក្រីក្ររាប់ពាន់នាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងរស់នៅក្នុងតំបន់ដែលមិនមានលក្ខខណ្ឌអប្បបរមាគ្រប់គ្រាន់ ដូចជាកង្វះទឹកស្អាត អគ្គិសនី និងអ៊ីនធឺណិត។ 
ហេតុនេះហើយកម្មវិធីសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រដ្ឋាភិបាលថ្មីក្នុងការជួយដល់ប្រជាពលរដ្ឋដើម្បីរក្សាលំនឹងជីវិត។ គួរបញ្ជាក់ដែរថាលោក Prabowo Subianto បានចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅថ្ងៃទី ២០ ខែតុលា បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ៕










