ព្រះច័ន្ទពេញវង់នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤ ល្ងាចនេះ នឹងក្លាយជាព្រះច័ន្ទដ៏ធំបំផុតប្រចាំឆ្នាំលំដាប់ទី ៣ ដោយសារតែវារះនៅជិតផែនដីបំផុត។
យោងតាមវេជ្ជបណ្ឌិត Fred Espenak អ្នកជំនាញខាងរូបវិទ្យា និងសូរ្យគ្រាស ដែលធ្វើការនៅ NASA បាននិយាយថា នៅឆ្នាំ ២០២៤ នេះព្រះច័ន្ទដ៏ធំបំផុត ឬហៅថា Super Moons នឹងរះនៅជិតផែនដីរបស់យើងចំនួន ៤ ដងគឺក្នុងអំឡុងខែសីហា កញ្ញា តុលា និងវិច្ឆិកា។ .png)
ដូច្នេះ Super Moons ដែលរះថ្ងៃទី ១៧ ខែតុលានេះ នឹងជាព្រះច័ន្ទដ៏អស្ចារ្យបំផុតលំដាប់ទី ៣ ប្រចាំឆ្នាំ ហើយក៏ជាព្រះច័ន្ទពេញលេញជាងគេបំផុតផងដែរ។ នៅថ្ងៃនេះ ព្រះច័ន្ទនឹងពេញបូណ៌មីនៅម៉ោង ៦:៣០ នាទីល្ងាចដែលជាម៉ោងនៅក្នុងប្រទេសកម្ពុជា ដោយឥឡូវនេះវាបាននឹងទៅដល់ perigee ដែលជាចំណុចជិតបំផុតរបស់ផែនដីនៅចម្ងាយ ៣៥៧.១៧៤ គីឡូម៉ែត្រហើយ នេះបើយោងតាម Space ។ 
Super Moons កើតឡើងដោយសារតែគន្លងរាងអេលីបរបស់ព្រះច័ន្ទ នៅពេលដែលព្រះច័ន្ទស្ថិតនៅជួរជាមួយផែនដី ហើយព្រះអាទិត្យស្ថិតនៅជិតផែនដីបំផុត (perigee) ដូច្នេះព្រះច័ន្ទនឹងមានទំហំធំជាង ១៤% ក៏ដូចជាភ្លឺជាងព្រះច័ន្ទពេញវង់ធម្មតារហូតដល់ ៣០% ។ ហេតុនេះព្រះច័ន្ទដែលរះនៅថ្ងៃនេះត្រូវបានគេចាត់ទុកថា ជាព្រះច័ន្ទដ៏អស្ចារ្យបំផុតប្រចាំឆ្នាំលំដាប់ទី ៣ ដែលនឹងរះនៅជិតផែនដីបំផុត។ 
ដូច្នេះហើយកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា។ ទោះជាយ៉ាងណាប្រសិនបើអ្នកខកខានមើលព្រះដ៏អស្ចារ្យនៅថ្ងៃនេះ អ្នកក៏មានឱកាសទស្សនាវាម្តងទៀតនៅខែក្រោយ ដែលវានឹងរះនៅជិតផែនដីបំផុតនៅថ្ងៃ ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយវាក៏ជាព្រះច័ន្ទធំបំផុតចុងក្រោយនៃឆ្នាំផងដែរ៕










