ប្រទេសនីហ្សេរីយ៉ា ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងនៅប្រទេសនីហ្សេរីយ៉ា បានក្រឡាប់ហៀរប្រេងនៅតាមផ្លូវ ហើយមនុស្សម្នាក៏នាំគ្នាមកប្រមូលប្រេងទាំងនេះ ។ បន្តិចក្រោយមក រថយន្តនេះក៏ផ្ទុះឡើងបណ្តាលឱ្យភ្លើងឆេះរាលដាលពេញបរិវេណនេះ និងធ្វើឱ្យមនុស្ស១៤៧នាក់ស្លា.ប់ និងរងរបួសជាច្រើននាក់ទៀត ។
សារព័ត៌មានបរទេសរាយការណ៍ថា រថយន្តដឹកប្រេងបានក្រឡាប់នៅរដ្ឋជិកាវ៉ា ស្ថិតនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី១៦ ខែតុលា កន្លងមក ដែលធ្វើឱ្យអ្នកស្រុកនាំគ្នាមកប្រមូលប្រេងយកទៅផ្ទះ ប៉ុន្តែពេលនោះ ស្រាប់តែរថយន្តផ្ទុះបណ្តាលឱ្យមានភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស ។ អ្នកស្រុកដែលកំពុងប្រមូលប្រេងរត់គេចពុំទាន់ ហើយក៏បានស្លាប់ក្នុងភ្លើង ។

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងម៉ាជៀ រដ្ឋជិកាវ៉ា ដោយសារអ្នកបើកបររថយន្តដឹកប្រេងពុំអាចបញ្ជារថយន្តបាន ហើយក៏បណ្តាលឱ្យរថយន្តក្រឡាប់នៅកន្លែងកើតហេតុ ។ រថយន្តនេះបានធ្វើដំណើរមកពីទីក្រុងខាណូ ទៅកាន់ទីក្រុងអេនគូរូ រដ្ឋយ៉ូបេ ។.png)
សមត្ថកិច្ចនីហ្សេរីយ៉ានិយាយថា ក្រោយពីរថយន្តដឹកប្រេងក្រឡាប់ សមត្ថកិច្ចក៏បានបិទរបាំងការពារកុំឱ្យពលរដ្ឋចូលមកជិត ប៉ុន្តែសមត្ថកិច្ចពុំអាចហាមឃាត់ពលរដ្ឋបានទេ ហើយពលរដ្ឋនាំគ្នាមកប្រមូលប្រេងកាន់តែច្រើនឡើងៗ ។.png)
សមត្ថកិច្ចបាននិយាយមកកាន់សារព័ត៌មាន BBC ថា ៖ «យើងបានព្យាយាមបំផុតហើយដើម្បីហាមឃាត់ពលរដ្ឋកុំឱ្យមកក្បែរកន្លែងកើតហេតុ ដោយធ្វើការបិទរបាំងការពារ ។ ប៉ុន្តែមានពលរដ្ឋមកប្រមូលប្រេងកាន់តែច្រើន រហូតដល់សមត្ថកិច្ចឃាត់ឃាំងលែងបាន ហើយពេលនោះ ស្រាប់តែភ្លើងឆេះរាលដាលតែម្តង» ។
ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤៧នាក់ និងរងរបួសជាង១០០នាក់ ហើយអាជ្ញាធរបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅទីក្រុងក្បែរៗ ។ មនុស្សភាគច្រើនរងរបួសធ្ងន់ធ្ងរ រីឯសាកសពវិញ អាជ្ញាធរនឹងរៀបចំពិធីកប់សាកសពរួមគ្នានាពេលបន្ទាប់ ។
អ្នកបើកបររថយន្តដឹកប្រេងពុំរងរបួសទេ ប៉ុន្តែសមត្ថកិច្ចបានចាប់ខ្លួនអ្នកបើកបររថយន្តដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យរថយន្តក្រឡាប់ផ្ទុះឆេះ ។ សមត្ថកិច្ចនិយាយថា នេះជាហេតុការណ៍គំរូមួយសម្រាប់មនុស្សផ្សេងទៀត ប្រសិនបើជួបហេតុការណ៍រថយន្តដឹកប្រេងក្រឡាប់បែបនេះ សូមកុំទៅក្បែរឱ្យសោះ ពីព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា ៕










