បវរកញ្ញាល្បីឈ្មោះទាំងបីរូបរួមមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ប៊ី សុធារី ដែលនឹងមាន Title ថ្មីបន្ទាប់ពីបញ្ចប់ពី Grand និងកុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានស្លៀកពាក់យ៉ាងសមសួននិងស្រស់ស្អាតរួមដំណើរជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនាព្រឹកថ្ងៃទី១៥ ខែតុលា នេះ។
តាមរយៈរូបភាពនិងវីដេអូដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមទស្សនិកជនមានការចាប់អារម្មណ៍អ្នកទាំងបីយ៉ាងច្រើន សុទ្ធតែជាបវរកញ្ញាល្បីឈ្មោះហើយបានបញ្ចេញសម្រស់របស់ខ្លួនក្នុងសំលៀកបំពាក់បែបខ្មែរយ៉ាងស្រស់ស្អាត។ ក្នុងរូបភាពគេក៏បានឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៊ី សុធារី បង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក បង្ហាញឱ្យឃើញថាទោះបីជាប្រឈមនឹងបញ្ហាចម្រូងចម្រាសអ្នកទាំងពីរគឺបានមើលថែយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
ចំណែកឯវីដេអូផ្សេងទៀតគេក៏បានឃើញ កុយ អេនណា និង ប៊ី សុធារី មានទំនាក់ទំនងសួរនាំគ្នាផងដែរ បើទោះបីជាកន្លងមកនេះគេពុំបានឃើញ កុយ អេនណា ចេញមកបង្ហោះគាំទ្រអ្វីចំពោះបញ្ហាដែលបានកើតឡើង រួមទាំងរឿងដែលលោក ណាវ៉ាត់ បង្ហាញរូបភាពនាងនៅចំពោះមុខអ្នកកាសែតក្តី។
គួរបញ្ជាក់ផងដែរថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី និង កុយ អេនណា នឹងមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា ដែលរៀបចំឡើងជាលើកទី២ នៅថ្ងៃទី២៩-៣០ តុលា ឆ្នាំ២០២៤ លើទឹកដីសៀមរាបជាមួយនឹងសិល្បករសិល្បការិនីជាច្រើនរូបទៀតផងដែរ៕










