ប្រទេសចិន ៖ ភូមិបុរាណមួយស្ថិតនៅទីក្រុង Shangrao ខេត្ត Jiangxi ប្រទេសចិន មានអាយុកាលជាង១.០០០ឆ្នាំមកហើយ ដែលភូមិនេះត្រូវបានបង្កើតឡើងនៅចុងសម័យរាជវង្សហាន ។ ពេលភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ ពួកគេនឹងបានឃើញលំនៅឋានតូច-ធំសាងសង់នៅតាមច្រាំងថ្មភ្នំ ហើយពលរដ្ឋចិនហៅភូមិនេះថា «ជ្រលងភ្នំទេវតា វាំងឈៀនគូ» ។
ភាពល្បីល្បាញ និងភាពអស្ចារ្យរបស់ភូមិបុរាណជ្រលងភ្នំទេវតា វាំងឈៀនគូ គឺសម្បូរផ្ទះតូច-ធំសាងសង់ឡើងនៅតាមច្រាំងថ្មភ្នំ និងមានកម្ពស់ខ្ពស់ជាងកម្រិតទឹកសមុទ្រ ប្រមាណ១.០០០ម៉ែត្រ ។ លើសពីនេះ ភូមិបុរាណក៏បានបង្កប់នូវប្រវត្តិសាស្ត្រ និងវប្បធម៌បុរាណចិនដ៏យូរអង្វែងរួមបញ្ចូលគ្នាជាមួយវប្បធម៌ទំនើប ។
ភូមិបុរាណជ្រលងភ្នំទេវតា វាំងឈៀនគូ (Wangxian Valley) គឺជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ចំនួន១០កន្លែង ដែលភ្ញៀវទេសចរបានមកទស្សនាទេសភាពដ៏ស្រស់ស្អាតបំផុតនៅប្រទេសចិន កាលពីឆ្នាំ២០២២ ។ ភូមិនេះអាចទាក់ទាញភ្ញៀវទេសចររហូតដល់ជាង២សែននាក់ កាលពីអំឡុងពិធីបុណ្យឈប់សម្រាកនិទាឃរដូវ ។.png)
ក្រៅពីភាពខុសប្លែករបស់អគារ និងលំនៅឋាននៅតាមច្រាំងថ្មភ្នំ បច្ចុប្បន្ន ភូមិនេះបានផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរគ្រប់បែបយ៉ាង ដូចជា ៖ ហាងលក់ទំនិញ, ក្លិប, ហាងកាហ្វេ, អាហារតាមផ្លូវ និងសណ្ឋាគារ ដោយភ្ញៀវទេសចរអាចធ្វើដំណើរតាមយន្តហោះ, រថភ្លើង និងរថយន្តក្រុង ។ ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះនិយាយថា ពួកគេរំភើបយ៉ាងខ្លាំង និងមានអារម្មណ៍ថា ហាក់បានត្រឡប់ទៅរកអតីតកាលដ៏រុងរឿង ។

កន្លងមក ភូមិទេសចរណ៍នេះបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១១ មានក្រុមហ៊ុនទេសចរណ៍ចូលមកកែលម្អ និងរៀបចំភូមិនេះឱ្យមានលក្ខណៈស្តង់ដារ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដូចជា ៖ សាងសង់ផ្លូវ, សណ្ឋាគារ, ហាងលក់ទំនិញ និងភោជនីយដ្ឋានជាច្រើនកន្លែង ។ បច្ចុប្បន្ន ភូមិនេះក៏បានក្លាយជាតំបន់ទេសចរណ៍លំដាប់ 4A ក្នុងខេត្ត Jiangxi ។.png)
កាលពីចុងសម័យរាជវង្សហាន ពលរដ្ឋចិនបានចាប់ផ្តើមមកសង់លំនៅឋាននៅតាមច្រាំងថ្មភ្នំខ្ពស់ៗ ហើយមនុស្សទូទៅពិបាកធ្វើដំណើរមកដល់ទីនេះណាស់ ដោយសារពួកគេចង់ការពារខ្លួនពីសត្រូវ និងសត្វព្រៃ ។ ការរស់នៅទីនេះមានភាពងាយស្រួលសម្រាប់ពួកគេ ដោយសារសម្បូរធនធានធម្មជាតិ ដូចជា ៖ មានទឹកប្រើគ្រប់គ្រាន់, ព្រៃឈើ និងសត្វព្រៃ ។
បើទោះជាភូមិបុរាណបានកែលម្អបរិស្ថានឱ្យទំនើបទាន់សម័យក្តី ប៉ុន្តែភូមិនេះពុំបានបាត់បង់ធម្មជាតិពណ៌បៃតងទាំងអស់ទេ ពីព្រោះបរិយាកាសក្នុងតំបន់មួយចំនួនរបស់ភូមិនៅតែមានភាពស្ងប់ស្ងាត់ ដូចជា ៖ មានទន្លេហូរកាត់ជ្រលងភ្នំ និងតំបន់ស្រស់ស្អាតជាច្រើនសម្រាប់ភ្ញៀវទេសចរថតរូប ។ ភ្ញៀវទេសចរពុំគួរមើលរំលងភូមិបុរាណជ្រលងភ្នំទេវតា វាំងឈៀនគូ ទេ ពីព្រោះនៅទីនេះមានទេសភាពស្អាតៗ និងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ។
ភ្ញៀវទេសចរអាចមកលេងភូមិនេះពេញមួយឆ្នាំ ប៉ុន្តែបើភ្ញៀវទេសចរណាចូលចិត្តអាកាសធាតុល្មម គឺមិនក្តៅខ្លាំងពេក ឬត្រជាក់ពេក និងពុំចាំបាច់បារម្ភពីអាកាសធាតុប្រែប្រួល ពួកគេអាចមកលេងនៅនិទាឃរដូវ (ចាប់ពីខែមីនា ដល់ខែឧសភា) និងរដូវស្លឹកឈើជ្រុះ (ចាប់ពីខែកញ្ញា ដល់វិច្ឆិកា) ពីព្រោះវាជាអំឡុងពេលងាយស្រួលបំផុតសម្រាប់ការដើរកម្សាន្ត ៕










