ប្រទេសម៉ិកស៊ិក ៖ យោងតាមការស្រាវជ្រាវបញ្ជាក់ថា កាលពីប្រមាណ ៩៣លានឆ្នាំមុន ត្រីឆ្លាមរូបរាងចម្លែកមានស្លាបស្រដៀងសត្វបក្សី និងមានមាត់ធំ បានរស់នៅក្នុងទឹកសមុទ្រ ប៉ុន្តែបច្ចុប្បន្ន សមុទ្រនេះបានរីងស្ងួតក្លាយជាប្រទេសម៉ិកស៊ិក ។ ពេលត្រីឆ្លាមដុះស្លាបរស់នៅក្នុងសមុទ្រនោះ គឺជាអំឡុងពេលមានសត្វដាយណូស័រជាច្រើនក្បាលរស់នៅលើផែនដី ។
ត្រីឆ្លាមដុះស្លាបឈ្មោះថា «Aquilolamna Milarcae» ឬ «Eagle Shark» ដែលព្រុយរបស់វាវែងស្រដៀងនឹងស្លាបបក្សី ។ លោក រ៉ូប៊ិន វ៉ូឡូ ប្រធានផ្នែកស្រាវជ្រាវនិយាយថា ត្រីឆ្លាម Eagle មានរូបរាងខាងក្រៅខុសប្លែកពីត្រីឆ្លាមទូទៅ ហើយវាស៊ីចំណីអាហារដូចត្រីប្របែល និងត្រីប្របែលបីសាច ។ លោកសន្និដ្ឋានថា ត្រីឆ្លាម Eagle បានរស់នៅក្នុងសមុទ្រដែលមានបរិស្ថានដូចគ្នានឹងត្រីប្របែល និងត្រីប្របែលយក្សរស់នៅពេលបច្ចុប្បន្ន ។
កាលពីឆ្នាំ២០១២ អ្នកជំនាញបានរកឃើញស្លាកស្នាម និងគ្រោងឆ្អឹងត្រីឆ្លាម Eagle នៅទីក្រុងមួយស្ថិតនៅភាគឦសានប្រទេសម៉ិកស៊ិក ហើយអ្នកជំនាញសន្និដ្ឋានថា ត្រីឆ្លាម Eagle ធ្លាប់រស់នៅទីនេះ ពីព្រោះកាលពីប៉ុន្មានលានឆ្នាំមុន ទីក្រុងនេះ គឺជាទឹកសមុទ្រ ។ ទឹកសមុទ្របានលាតសន្ធឹងរហូតដល់មហាសមុទ្រអាកទិក ប៉ុន្តែវាបានរីងស្ងួត និងក្លាយជាប្រទេសម៉ិកស៊ិក ។
លោក រ៉ូប៊ិន វ៉ូឡូ ប្រធានផ្នែកស្រាវជ្រាវបន្តថា ត្រីឆ្លាមដុះស្លាបនេះមានលក្ខណៈខុសប្លែកពីត្រីឆ្លាមនាពេលបច្ចុប្បន្ន ហើយភាពលេចធ្លោរបស់ត្រីឆ្លាម Eagle គឺព្រុយនៅសងខាងខ្លួនរបស់វាវែងខ្លាំង ទើបធ្វើឱ្យទទឹងខ្លួនវាវែងជាងដងខ្លួន ។ ព្រុយវាមានប្រវែងរហូតដល់១.៩ម៉ែត្រ ខណៈដងខ្លួនមានប្រវែងត្រឹម១.៦៥ម៉ែត្រ ហើយវាមានក្បាលខ្លី និងមាត់ធំ ។
លោកបន្ថែមថា ត្រីឆ្លាម Eagle ពុំមែនជាសត្វប្រមាញ់ ឬស៊ីសត្វផ្សេងៗបានឆាប់រហ័ស និងកាចសាហាវនោះទេ ប៉ុន្តែវាហែលទឹកយឺតៗ ។ ព្រុយវែងដូចស្លាបបក្សីរបស់វាមានតួនាទីជួយទប់ទល់លំនឹងខ្លួន ហើយវាអាចប្រើប្រាស់ព្រុយនេះជួយឱ្យខ្លួនបម្លាស់ទីទៅខាងមុខយឺតៗផងដែរ ។
រីឯលោក ឃេនឈូឈីម៉ាន់ដា សាស្ត្រាចារ្យនៅសាកលវិទ្យាល័យស៊ីកាហ្គោ និយាយថា ការស្រាវជ្រាវពីហ្វូស៊ីលរបស់ត្រីឆ្លាម គឺអាស្រ័យលើលក្ខណៈធ្មេញរបស់វា ហើយការរកឃើញត្រីឆ្លាមលើកនេះ គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ។ ប៉ុន្តែការស្រាវជ្រាវភស្តុតាងបន្ថែមទៀត ជាពិសេស ការស្រាវជ្រាវពីធ្មេញត្រីឆ្លាម នឹងអាចបកស្រាយពីលក្ខណៈច្បាស់លាស់របស់ត្រីឆ្លាម Eagle និងដឹងថា តើវាស្វែងរកចំណីដូចម្តេច?
អ្នកជំនាញពុំអាចបកស្រាយបានថា ត្រីឆ្លាម Eagle ផុតពូជដោយសារមូលហេតុអ្វីទេ ប៉ុន្តែកត្តាមួយធ្វើឱ្យវាផុតពូជ គឺដោយសារអាចម៍ផ្កាយយក្សបុកគ្នាក្នុងសម័យ Cretaceous កាលពីប្រមាណ៦៥លានឆ្នាំមុន ស្របពេលសត្វដាយណូស័រផុតពូជ ។ បន្ទាប់មក សត្វរស់នៅបាតសមុទ្របានរងផលប៉ះពាល់ដោយសារផ្ទៃទឹកសមុទ្រ ដែលក្លាយជាជាតិអាស៊ីតខ្លាំង និងបំផ្លាញប្រភពអាហារនៅបាតសមុទ្ររហូតដល់អស់ ៕










