នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចក្រុងសៀមរាបបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជុំវិញករណីបាញ់លុយថ្លៃទិញឡានរួច តែបែរជាទៅធនាគារប្រាប់ថាខ្លួនបាញ់លុយច្រឡំ និងស្នើឱ្យបិទគណនីរបស់ខ្លួនចោលតែម្តង។
មុនកើតហេតុម្ចាស់រថយន្តឈ្មោះ Sor Boun បានធ្វើការលក់រថយន្តម៉ាក BMW ពាក់ផ្លាកលេខ2BI-8000 ឱ្យទៅបុរសម្នាក់ ដោយបានទូទាត់លុយគ្នារួចរាល់តាមធនាគារអេសុីលីដា។
តែក្រោយមក បុរសដែលទិញរថយន្តនោះបានប្រើល្បិចទៅធនាគារសុំដកលុយវិញ ដោយលើកឡើងថាខ្លួនបាញ់លុយច្រឡំ ហើយក៏បានរត់គេចខ្លួនជាមួយនឹងរថយន្តដែលបានយកទៅនោះ និងមិនអាចទាក់ទងបាន។
លុះក្រោយមក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចក្រុងសៀមរាប ក៏បានប្រទះឃើញរថយន្តនោះនៅចំណុចមុខសាលា Future Bright ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប រួចក៏បានឃាត់ខ្លួនបុរសនោះ ធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕










