នាមួយរយៈចុងក្រោយ ជាពិសេសនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ខេត្តកែប ហាក់ទទួលបានរិះគន់ជាខ្លាំងលើតម្លៃម្ហូបថ្លៃហួសហេតុ ដែលបរិមាណម្ហូប និងតម្លៃមិនសមាមាត្រគ្នា។
ជុំវិញករណីនេះ អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានបន្លំខ្លួនចូលទៅកាន់ផ្សារក្តាមខេត្តកែប ដោយបានធ្វើការសួរតម្លៃពីអាជីវករ។ ជាលិទ្ធផល ឯកឧត្តម ថាតម្លៃសមរម្យអាចទទួលយកបាន។
តែយ៉ាងណាមិញ អភិបាលខេត្តកែបរូបនេះ ក៏យល់ព្រមទទួលការរិះគន់ពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារ ដែលភ្ញៀវទេសចរបានជួបប្រទះបញ្ហាមុន និងក្រោយពិធីបុណ្យភ្ជុំ ដោយប្តេជ្ញាដោះស្រាយចំណុចខ្វះខាត និងបានដាក់លេខទំនាក់ទំនងក្នុងករណីមានភាពមិនប្រក្រតី ជាពិសេស បញ្ហាតម្លៃម្ហូបអាហារ មកកាន់រដ្ឋបាលខេត្តផងដែរ – 012 821 411 – 088 432 0034 – 099 549 789។
ខេត្តកែបហាក់ទទួលបានការរិះគន់ជារឿយៗពីតម្លៃម្ហូប ជាពិសេសតម្លៃបាយឆា៦មុឺនរៀល ដែលអាជីវករអះអាងថាហូបបានពី៦-៨នាក់ ខណៈមហាជនវាយតម្លៃថាបរិមាណម្ហូប មិនសមនឹងតម្លៃ។
គួរបញ្ជាក់ផងដែរ ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខេត្តកែប មានចំនួនភ្ញៀវទេសចរមកកម្សាន្តជិត៨ម៉ឺននាក់ កើនឡើង ២៦,១១%បេីប្រៀបធៀបនឹងឆ្នាំ២០២៣៕










