យោងតាមការសិក្សាថ្មីរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ College London បញ្ជាក់ថា ការបាត់បង់បរិមាណដីក្នុងទន្លេ Arun ដែលស្ថិតនៅឆ្ងាយពីគ្នាប្រមាណ៧៥គីឡូម៉ែត្រ គឺជាមូលហេតុធ្វើឱ្យកំពូលភ្នំខ្ពស់បំផុតលើពិភពលោក គឺភ្នំអេវឺរេស (Everest) កើនឡើងរហូតដល់២មីល្លីម៉ែត្រក្នុង១ឆ្នាំ ។
Adam Smith អ្នកចូលរួមស្រាវជ្រាវបាននិយាយមកកាន់សារព័ត៌មាន BBC ថា ៖ «វាដូចជាការលើកទំនិញចុះពីកប៉ាល់ គឺកប៉ាល់នឹងស្រាលជាងមុន និងអណ្តែតខ្ពស់ជាងមុនបន្តិច ។ វាដូចគ្នានឹងពេលសំបកផែនដីកាន់តែស្រាល គឺវាអណ្តែតឡើងខ្ពស់» ។

កម្លាំងនៃការប៉ះទង្គិចគ្នារវាងសំបកផែនដី និងអឺរ៉ាស៊ី កាលពី៤០លាន ទៅ៥០លានឆ្នាំមុន បានបង្កើតជាជួរភ្នំហិម៉ាល័យ ។ ដូច្នេះ ការធ្វើចលនារបស់សំបកផែនដី គឺជាមូលហេតុចម្បងធ្វើឱ្យភ្នំអេវឺរេស និងភ្នំនៅក្បែរគ្នាមានកម្ពស់កាន់តែខ្ពស់ ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ College London បញ្ជាក់ទៀតថា បរិមាណទឹកក្នុងទន្លេ Arun ក៏មានចំណែកធ្វើឱ្យភ្នំអេវឺរេសខ្ពស់ជាងមុនផងដែរ គឺពេលទឹកទន្លេនេះហូរកាត់ភ្នំហិម៉ាល័យ វានឹងច្រោះដី និងអ្វីៗគ្រប់យ៉ាង ។ បន្ទាប់មក វានឹងកាត់បន្ថយសម្ពាធរបស់ស្រទាប់ជាប់សំបកផែនដី ហើយធ្វើឱ្យសំបកផែនដីកាន់តែស្តើង និងបត់បែន ។
បាតុភូតនេះហៅថា «Isostatic Rebound» ដែលធ្វើឱ្យកំពូលភ្នំអេវឺរេស និងកំពូលភ្នំនៅក្បែរៗ ដូចជា ៖ ភ្នំ Lhotse និងភ្នំ Makalu ដែលជាកំពូលភ្នំខ្ពស់លំដាប់ទី៤ និងទី៥ លើពិភពលោក មានកម្ពស់ខ្ពស់ ។ នេះបើតាមការស្រាវជ្រាវចេញផ្សាយក្នុង Nature Geoscience ។ 
អ្នកស្រាវជ្រាវបញ្ជាក់ថា ៖ «តាមការវាស់វែងដោយឧបករណ៍ GPS ឃើញថា កំពូលភ្នំអេវឺរេស និងភ្នំនៅក្បែរគ្នាមានកម្ពស់ខ្ពស់ជាងមុន ប្រមាណ២មីល្លីម៉ែត្រក្នុង១ឆ្នាំ» ។ ប៉ុន្តែមតិផ្សេងទៀតនិយាយថា ការលើកឡើងខាងលើនេះពុំទាន់ប្រាកដប្រជាទេ ។

លោកសាស្ត្រាចារ្យ Hugh Sinclair មកពីសាកលវិទ្យាល័យ Edinburgh ពុំបានចូលរួមស្រាវជ្រាវនិយាយថា ការអះអាងរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ College London គឺសមហេតុផល ប៉ុន្តែការអះអាងថា បរិមាណ និងរយៈពេលហូរច្រោះរបស់ទន្ល បានធ្វើឱ្យភ្នំមានកម្ពស់កាន់តែខ្ពស់នោះ គឺមិនប្រាកដប្រជាទេ ។ នេះជាទិន្នន័យស៊ីជម្រៅ និងគួរឱ្យរំភើប ។
គួរបញ្ជាក់ថា ភ្នំអេវឺរេសស្ថិតនៅលើព្រំដែនរវាងប្រទេសចិន និងនេប៉ាល់ ដោយផ្នែកខាងជើងនៃកំពូលភ្នំស្ថិតនៅចិន ។ រីឯទឹកទន្លេ Arun បានហូរពីទីបេមកប្រទេសនេប៉ាល់ និងរួមបញ្ចូលគ្នាជាមួយទឹកទន្លេចំនួន២ទៀត ហើយក្លាយជាទន្លេ Koshi ។ ទឹកទន្លេ Koshi បានហូរទៅកាន់ភាគខាងជើងប្រទេសឥណ្ឌា និងហូរចូលក្នុងទន្លេគង្គា ៕










