ពេលដែលនិស្សិតពាក់វ៉ែនតាសម្លឹងមើលក្រដាសវិញ្ញាសា វាមិនមែននិស្សិតកំពុងប្រើប្រាស់ខួរក្បាលគិតរកចម្លើយទេ ប៉ុន្តែវ៉ែនតានោះជាបច្ចេកវិទ្យា AI ជំនាន់ថ្មីអាចបញ្ជូនចម្លើយស្ងាត់ៗតាមរយៈកញ្ចក់ឆ្លាតវៃ! បញ្ហានេះបង្កក្តីបារម្ភដល់គុណភាពការអប់រំនៅចិនធ្លាក់ចុះ និងបង្ហាញថា បច្ចេកវិទ្យា AI កំពុងតែបំផ្លា.ញសមត្ថភាពយុវជន មិនអាចគិត ឬវិភាគដោយខ្លួនឯង និងពឹងលើ AI សូម្បីតែក្នុងបន្ទប់ប្រឡង។

ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាវ៉ែនឆ្លាតវៃ AI (AI Smart Glasses) កំពុងបង្កក្តីបារម្ភយ៉ាងខ្លាំងដល់គុណភាពអប់រំនៅប្រទេសចិននាពេលអនាគត ដោយសារវ៉ែនតានេះអនុញ្ញាតឱ្យយុវជនលួចបញ្ជូនវិញ្ញាសាទៅកាន់ប្រព័ន្ធ AI ដូចជា ChatGPT ដើម្បីបង្ហាញចម្លើយ លើកញ្ចក់វ៉ែនតាភ្លាមៗដោយគ្មានអ្នកដឹង។ បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Alibaba បានផលិតវ៉ែនតា AI មានតម្លៃសមរម្យ និងរូបរាងស្តើងដូចវ៉ែនតាធម្មតា ដែលធ្វើឱ្យអនុរក្សពិបាកកត់សម្គាល់។.jpg)
អ្វីគួរឱ្យបារម្ភបំផុត គឺយុវជនអាចជួលវ៉ែនតា AI ក្នុងតម្លៃទាប (ប្រហែល ៦ដុល្លារក្នុងមួយថ្ងៃ) សម្រាប់ប្រើប្រាស់ក្នុងការប្រឡង ដែលធ្វើឱ្យអ្នកជំនាញផ្នែកអប់រំបារម្ភថា យុវជននឹងបាត់បង់សមត្ថភាពវិភាគដោយខ្លួនឯង ដោយសារពឹងផ្អែកលើ AI ទាំងស្រុង។ ជុំវិញបញ្ហានេះ សាស្ត្រាចារ្យជាច្រើនយល់ថា ប្រព័ន្ធអប់រំចិនមិនអាចរត់ទាន់បច្ចេកវិទ្យាឧបករណ៍ពាក់ (Wearables) ឡើយ និងសំណូមពរឱ្យរកដំណោះស្រាយរយៈពេលវែង គឺត្រូវផ្លាស់ប្តូរការរៀបចំវិញ្ញាសា និងវាយតម្លៃសមត្ថភាពសិស្ស ដូចជា៖ កាត់បន្ថយការប្រឡងទ្រឹស្តី ជំនួសដោយការវាយតម្លៃការអនុវត្តជាក់ស្តែង។
សូមបញ្ជាក់ថា ការបារម្ភពីប្រព័ន្ធអប់រំបាត់បង់គុណភាព បន្ទាប់ពីកាលពីពេលថ្មីៗនេះ មាននិស្សិតប្រុសម្នាក់ពាក់វ៉ែនតា AI ឱ្យជួយឆ្លើយសំណួរវិញ្ញាសាក្នុងអំឡុងពេលប្រឡងឆមាសទី១ នៅសាកលវិទ្យាល័យកសិកម្មចិនខាងត្បូង ក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង រហូតដល់ក្លាយជាព័ត៌មានល្បីល្បាញទូទាំងប្រទេស។ 
និស្សិតនេះឈ្មោះ លីន បានពាក់វ៉ែនតា AI ចូលបន្ទប់ប្រឡង ដោយការស្កេនសំណួរក្នុងសន្លឹកវិញ្ញាសា ហើយស្វែងរកចម្លើយត្រឹមត្រូវគ្រប់សំណួរ ដោយចំណាយពេលមិនដល់ ១០វិនាទី ដែលវាផ្តល់ភាពងាយស្រួលដោយពុំចាំបាច់បញ្ជាជាសំឡេង ឬសរសេរឡើយ។ ប៉ុន្តែពេលនោះ អនុរក្សបានសង្កេតឃើញពន្លឺពណ៌បៃតងលើវ៉ែនតារបស់និស្សិត ក៏ដើរទៅពិនិត្យមើលនៅកន្លែងអង្គុយ។ និស្សិតនេះសារភាពថា ពាក់វ៉ែនតា AI ឱ្យជួយឆ្លើយសំណួរ បន្ទាប់ពីកុម្ម៉ង់ទិញតាមអនឡាញ ក្នុងតម្លៃប្រហែល ៦២១ដុល្លារ ខណៈវិធីប្រើប្រាស់មិនស្មុគស្មាញទេ គ្រាន់តែប៉ះផ្នែកខាងលើរបស់វា គឺវានឹងថតរូបភាពសំណួរបញ្ជូនទៅប្រព័ន្ធ AI និងផ្តល់ចម្លើយភ្លាមៗ។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ និស្សិតរូបនេះត្រូវបានសាកលវិទ្យាល័យសម្រេចផ្អាកការសិក្សាហើយ។ រីឯសមត្ថកិច្ចបានស៊ើបអង្កេតករណីនេះ ក្រោយទទួលបានសេចក្តីរាយការណ៍ថា មិនមែនមានតែនិស្សិតទេដែលលួចបន្លំ គឺកន្លងមក ក៏មានអ្នកប្រើប្រាស់វ៉ែនតា AI ដែរ ពេលប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការថ្នាក់មូលដ្ឋាន ក្នុងមណ្ឌលប្រឡងមួយកន្លែងនៅខេត្តក្វាងទុង៕










