លែងខ្វល់រឿងអត់សង្សារ ឬគ្មានមិត្តភក្តិដើរលេងជាមួយទៀតហើយ! ឥឡូវនេះ សូម្បីតែ «មិត្តភក្តិរួមតុអាហារ» ក៏មានជួលដែរ! សេវាកម្មថ្មីដ៏ប្លែកនេះកំពុងតែពេញនិយមយ៉ាងខ្លាំងសម្រាប់មនុស្សសម័យថ្មីនៅរុស្ស៊ី ដែលត្រូវការភាពកក់ក្តៅ។ វាមិនមែនជាការណាត់ជួបស្នេហាទេ គឺជួលមកដើម្បីគ្រាន់តែរួមតុអាហារ ជជែកគ្នាលេងយ៉ាងរីករាយដូចមិត្តជិតស្និទ្ធរាប់អានយូរឆ្នាំ និងបំបាត់ភាពអផ្សុកប៉ុណ្ណោះ។ មនុស្សជាច្រើនសុខចិត្តចំណាយលុយរាប់សិបដុល្លារក្នុងមួយម៉ោង ដើម្បីសេវាកម្មមួយនេះ។.jpg)
ពិតជាប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់! សេវាកម្មជួល «មិត្តភក្តិរួមតុអាហារ» (Rent a Friend for Barbecue/Dinner) កំពុងតែមានការពេញនិយម និងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសរុស្ស៊ី ដើម្បីជួយដោះស្រាយបញ្ហាភាពឯកោ និងបំបាត់ការអផ្សុកសម្រាប់មនុស្សសម័យថ្មី។ អ្នកដែលត្រូវបានគេជួល គឺមានតួនាទីជួយកំដរអ្នកដែលនៅម្នាក់ឯង មិនថាអង្គុយកំដរញ៉ាំសាច់អាំង បោះតង់ ញ៉ាំអាហារពេលល្ងាច ដើរកម្សាន្ត ព្រមទាំងជួយអាំងសាច់ និយាយរឿងកំប្លែង និងស្តាប់ការរៀបរាប់ពីបញ្ហាផ្សេងៗក្នុងជីវិត។
លក្ខខណ្ឌនៃការជួល «មិត្តភក្តិរួមតុអាហារ» គឺក្នុងនាមជាមិត្តភក្តិសុទ្ធសាធ ដោយមិនមានការរាប់អានលើសពីកម្រិតមិត្តភាព និងគ្មានទំនាក់ទំនងផ្លូវភេ.ទនោះឡើយ។ រីឯតម្លៃវិញ គឺអាស្រ័យទៅតាមតំបន់ និងការនិយាយគ្នា ដូចជា៖ ចន្លោះពី ៣ ទៅ ៣០ដុល្លារក្នុងមួយម៉ោង ឬក៏ចន្លោះពី ១៣ ទៅ ៦៥ដុល្លារក្នុងមួយថ្ងៃ (សម្រាប់ការកំដររហូតដល់ចប់កម្មវិធី)។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វាជាសេវាកម្មជួលមនុស្សប្លែកមុខមកចូលរួមញ៉ាំអាហារ និងផឹកភេសជ្ជៈជាមួយគ្នា ខណៈការចំណាយលុយជួលគិតជាថ្ងៃ មិនថ្លៃនោះទេ។ មនុស្សជាច្រើនបានប្រកាសផ្តល់សេវាកម្មនេះក្នុងបណ្តាញសង្គមនានា ដោយសរសេរថា «ខ្ញុំនឹងជួយអ្នកអាំងសាច់ ជួយបោះតង់សម្រាក និងជជែក ថែមទាំងនិយាយរឿងអស់សំណើចឱ្យស្តាប់ផងដែរ»។

សូមរំឭកថា សេវាកម្មថ្មីនេះកំពុងពេញនិយមខ្លាំងនៅទីក្រុងមូស្គូ និងទីក្រុងផ្សេងៗ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើគេហទំព័រល្បីៗរបស់រុស្ស៊ី ដូចជា៖ គេហទំព័រ Avito និងនៅលើ Instagram។ វាជាការឆ្លុះបញ្ចាំងពីតម្រូវការផ្លូវចិត្តរបស់ពលរដ្ឋរុស្ស៊ី ដែលមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការងារ រហូតគ្មានពេលវេលាបង្កើតមិត្តភក្តិជិតស្និទ្ធ ឬមិនចង់មានទំនាក់ទំនងវែងឆ្ងាយនាំតែស្មុគស្មាញ ទើបសុខចិត្តចំណាយលុយជួលមិត្តភក្តិ៕
ចុះលោកអ្នកវិញ យល់យ៉ាងណាដែរចំពោះសេវាកម្មមួយនេះ? ប្រសិនបើមានសេវាកម្មបែបនេះនៅប្រទេសរបស់យើង តើអាចនឹងទទួលបានការគាំទ្រដែរឬទេ?










