ស្ថាប័ន Miss Grand Cambodia ក្រោមការដឹកនាំរបស់លោកស្រី អ៊ឹម សុគន្ធា បានចេញសេចក្តីប្រកាសថាកម្ពុជាលែងមានអាជ្ញាប័ណ្ណជាមួយ Miss Grand International ដោយសារតែមិនគោរពម្ចាស់ផ្ទះមិនសហការជាមួយភាគីកម្ពុជា។ នៅក្នុងការ Live វិញអ្នករៀបចំខាងកម្ពុជាបានឱ្យដឹងថាភាគីថៃមើលងាយខាងកម្ពុជាមិនឱ្យតម្លៃ ទាមទារហួសពីគោលការណ៍ មិនយោគយល់គិតតែពីចង់បានលើសពីការកំណត់។
ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ស្ថាប័ន Miss Grand International បានចេញសេចក្តីប្រកាសជាផ្លូវការថាលុបចោលការរៀបចំនៅប្រទេសកម្ពុជាជាសហម្ចាស់ផ្ទះជាមួយភាគីថៃដោយសារតែមិនអាចបំពេញតម្រូវការដូចមានចែងនៅក្នុងកិច្ចសន្យាមិនអាចផ្តល់សេវាកម្មស្របតាមស្តង់ដាររបស់ស្ថាប័នបាន។ កម្មវិធីនឹងរៀបចំនៅប្រទេសថៃវិញចាប់ពីថ្ងៃទី៧ ខែតុលា ទៅ។ 
ងាកមកខាងកម្ពុជាវិញ បានចេញសេចក្តីប្រកាសជាផ្លូវការជាមួយនឹងការសោកស្ដាយក្នុងការជូនដំណឹងថា Miss Grand Cambodia លែងមានអាជ្ញាប័ណ្ណជាមួយ Miss Grand International ទៀតហើយដោយសារតែ Miss Grand មិនគោរពកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ហើយមិនសហការជាមួយភាគីកម្ពុជា។ ភាពចម្រូងចម្រាសបញ្ឈប់ពាក់កណ្តាលទីនេះបានធ្វើឱ្យផ្ទុះពេញប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈលោកស្រី អ៊ឹម សុគន្ធា និងក្រុមការងាររបស់ខ្លួនបាន Live បកស្រាយពីបញ្ហានានាដែលក្រុមការងារកម្ពុជាជួបប្រទះបញ្ហារងសម្ពាធជាច្រើនពីភាគីថៃ។
នៅក្នុងការ Live នោះបានឱ្យដឹងថា ស្ថាប័ន Miss Grand International ដឹកនាំដោយលោក ណាវ៉ាត់ មើលងាយខាងកម្ពុជា មិនថាខុសឬត្រូវក្រុមការងារតែងតែពោលពាក្យសូមទោស ខិតខំសម្របសម្រួលគ្រប់បែបយ៉ាងដើម្បីចង់ឱ្យកម្មវិធីប្រកួតបវរកញ្ញាមកពី៧៥ប្រទេសដំណើរការយ៉ាងរលូន ប៉ុន្តែលោក ណាវ៉ាត់ គិតតែពីទាមទារលើសការកំណត់ទៅទៀត។
លោកស្រី អ៊ឹម សុគន្ធា ថា ការរៀបចំក្នុងកម្រោងតែ១០ ប៉ុន្តែលោកណាវ៉ាត់ ទាមទារដល់ទៅ២០ ហើយក្រុមការងារជួយសម្របសម្រួលផ្គត់ផ្គង់គ្រប់បែបយ៉ាងម្ចាស់ស្ថាប័នទាមទារនេះ ទាមទារនោះភ្លាមៗ គ្មានការយោគយល់ថាការងារមួយចំនួនយឺតយ៉ាវដោយសារតែអាកាសធាតុ និងពិធីបុណ្យទានឡើយ។ ក្រុមការងារវិញក៏បាននិយាយដែរថា ខាងក្រុមការងារកម្ពុជាហត់ខ្លាំងណាស់ ប៉ុន្តែខាងក្រុមការងារភាគីខាងថៃវិញស្រួលទាំងការញុំានិងការគេង។
លោកស្រី អ៊ឹម សុគន្ធា ក៏បានទម្លាយដែរថា ការសម្រេចចិត្តទិញ license ធ្វើជាសហម្ចាស់ផ្ទះនេះគឺចំណាយលុយច្រើនប៉ុន្តែដោយសារតែការស្រលាញ់ ប៊ី សុធារី ទើបចង់ឱ្យនាងអាចចូល TOP ជ្រៅជាមួយនឹងសមត្ថភាពរបស់នាងបន្ថែមទៀត ប៉ុន្តែទង្វើរបស់ ស្ថាប័ន MGI មើលងាយកម្ពុជាខ្លាំងពេកមិនអាចទ្រាំបានទៀតនោះទេ។.png)
គួរឱ្យដឹងថា បវរកញ្ញាមកពី៧៥ប្រទេសបានជួបជុំគ្នានៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ ខែតុលា មកដោយបានបង្ហាញសកម្មភាពមួយចំនួននៅរាជធានីភ្នំពេញមុននឹងបវរកញ្ញាទៅខេត្តសៀមរាបប៉ុន្តែត្រូវអាក់ខានហើយបវរកញ្ញានានានឹងបង្ហាញសកម្មភាពនៅប្រទេសថៃវិញ៕










