តារាចម្រៀងល្បីឈ្មោះ ជី ដេវីត បានយកវេទិកាការប្រគំតន្រ្តី PS3 THE ALBUM CONCERT របស់ខ្លួនប្រកាសប្រាប់អ្នកគាំទ្រថានេះជា Solo Concert របស់ខ្លួនដែលអ្នកគាំទ្របានស្តាប់បទចម្រៀងជាច្រើនបទដោយមិនដឹងថាពេលណានឹងមាន Solo Concert ទៀតនោះទេ។ ក្នុងនោះ ជី ដេវីត បានបង្ហើបប្រាប់ថា ម៉ាស៊ីនឡានដែលឆ្ពោះទៅមុខតែងតែមានឧបសគ្គតិចតួចហើយ។
កាលពីថ្ងៃទី៥ តុលា តារាចម្រៀង ជី ដេវីត បានរៀបចំការប្រគំតន្រ្តីទោលរបស់ខ្លួនជាមួយអ្នកគាំទ្រហើយក៏ចំថ្ងៃខួបកំណើតរបស់លោកដូចគ្នា។ ទន្ទឹមនឹងភាពសប្បាយរីករាយ ជី ដេវីត បានបង្ហើបដំណឹងសោកស្តាយមួយដល់អ្នកគាំទ្ររបស់ខ្លួនលែងមានការប្រគំតន្រ្តីទោលទៀតហើយ ប៉ុន្តែអ្នកគាំទ្រនៅតែឃើញលោកក្នុងសកម្មភាពផ្សេងៗ។ តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុក តារាចម្រៀង ជី ដេវីត បាននិយាយថា៖
លោកសុំយកឆាក PS3 THE ALBUM CONCERT ឱ្យអ្នកគាំទ្រសប្បាយឱ្យអស់ចិត្តព្រោះនេះប្រហែលជាការជួបជុំ Solo Concert ចុងក្រោយដែលអ្នកគាំទ្របានឃើញលោកសម្តែង១០ ២០ ៣០ ៤០ បទ។ ជី ដេវីត ថានេះជាការពិតមិនអាចប្រកែកបានហើយលោកសង្ឃឹមថាពេលណាមួយអាចត្រឡប់មកជួបជុំគ្នាម្តងទៀត មិនឆាប់ៗពេកបើតាមលោកស្រមៃមើល។ ម្ចាស់បទ «នារី Dior » បានលើកឡើងដែរថា អ្នកគាំទ្រអាចជួបលោកតាមរយៈការប្រគំតន្រ្តី MV ផ្សេងៗ ប៉ុន្តែ Solo Concert bye bye។ 
ជី ដេវីត បានលើកឡើងទៀតថា ជាទូទៅម៉ាស៊ីនឡានដែលឆ្ពោះទៅមុខតែងតែមានឧបសគ្គតិចតួច លោកឈឺប៉ុន្តែមិនឈឺដល់ថ្នាក់ឆ្កួតនោះទេ។
ដំណឹងដែលតារាចម្រៀង ជី ដេវីត ប្រកាសឈប់ធ្វើ Solo Concert នេះបានធ្វើឱ្យអ្នកគាំទ្ររបស់លោកបង្ហាញការសោកស្តាយផងដែរ។ គួរឱ្យដឹងថា ជី ដេវីត គឺជាតារាចម្រៀងមួយរូបដែលប្រកាសធ្វើ Solo Concert បានច្រើនមុននឹងលោកប្រកាសឈប់ផ្អាកធ្វើរយៈពេលវែងនេះ៕










