ខ្យល់ព្យុះមិនទាន់ស្ងាត់នៅឡើយទេ ថ្មីៗនេះភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះ Pulasan ក្នុងរយៈពេល ២៤ ម៉ោងកាលពីព្រឹកថ្ងៃទី២១ ដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា បានធ្វើឱ្យប្រទេសកូរ៉េខាងត្បូង និងជប៉ុនបាក់ដីយ៉ាងធ្ងន់ធ្ងរបំផុត ក៏ដូចជាលិចផ្លូវ និងលិចអគារជាច្រើន។.png)
យោងតាមសារព័ត៌មាន Kyodo News បានឱ្យដឹងថា បច្ចុប្បន្នប្រទេសអាស៊ីទាំងពីរនេះកំពុងប្រឈមនឹងឥទ្ធិពលព្យុះ Pulasan យ៉ាងខ្លាំងក្លាបំផុតមិនធ្លាប់មាន បណ្តាលឱ្យតំបន់មួយចំនួនលិចលង់ដោយគ្រោះធម្មជាតិ។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា សម្ពាធត្រូពិចពីព្យុះ Pulasan បានផ្លាស់ទីទៅភាគឦសាន បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរដល់តំបន់ដីគោកមួយចំនួន ជាពិសេសគឺតំបន់ Honshu។ ទន្ទឹមនឹងនេះទីក្រុងទាំងពីរនៃ Wajima និង Suzu នៅលើឧបទ្វីប Noto ក្នុងខេត្ត Ishikawa ក៏បានកត់ត្រាបរិមាណទឹកភ្លៀងខ្ពស់បំផុត ដែលនេះនាំឱ្យមានទឹកជំនន់ទន្លេ ការបាក់ដី កាត់ផ្តាច់ផ្លូវ នៃតំបន់ដាច់ស្រយាលជាច្រើនទៀត។ បច្ចុប្បន្នទីភ្នាក់ងារឧតុនិយមជប៉ុន បានអំពាវនាវឱ្យប្រជាជននៅក្នុងតំបន់ Hokuriku រួមទាំងឧបទ្វីប Noto ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបាតុភូតធម្មជាតិនេះ។ 
អាជ្ញាធរមូលដ្ឋានបាននិយាយថា ក្នុងរយៈពេល ២៤ ម៉ោងនេះភ្លៀងបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ១០ នាក់ផ្សេងទៀតបាត់ខ្លួន ហើយមិនទាន់រកឃើញនោះទេ។ រីឯនៅប្រទេសកូរ៉េខាងត្បូងវិញ ឥទ្ធិពលព្យុះក៏បានធ្វើឱ្យប្រទេសនេះបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរកាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅ ដោយបង្ខំមនុស្សជាង ៩០០ នាក់មកពី ៥៨១ គ្រួសារនៅតំបន់ភាគខាងត្បូងត្រូវជម្លៀសចេញ។ ទោះជាយ៉ាងណាមន្ត្រីបាននិយាយថាបច្ចុប្បន្នមិនមានរបាយការណ៍នៃអ្នកស្លាប់និងរបួសនោះទេ។
យោងតាមសារព័ត៌មានកូរ៉េ Yonhap News ក៏បានឱ្យដឹងទៀតថា ផ្លូវរថភ្លើងជាច្រើនខ្សែ រួមទាំងខ្សែ Gyeongbu ដែលតភ្ជាប់ទីក្រុងសេអ៊ូល និងទីក្រុងប៊ូសាន ត្រូវបានលុបចោល បិទ ឬផ្អាកបណ្តោះអាសន្ន ហើយរថយន្តដឹងដីធំៗពីរបានក្រឡាប់ ដោយសារឥទ្ធិពលព្យុះទីហ្វុង Pulasan បណ្តាលឱ្យជន់លិចផ្លូវ និងយានជំនិះរាប់សិបគ្រឿង។ ដូច្នេះនាយករដ្ឋមន្ត្រី Han Duck-soo បានណែនាំជាបន្ទាន់ដល់មន្ត្រីឱ្យប្រើប្រាស់ធនធានដែលមានទាំងអស់ ដើម្បីកាត់បន្ថយការខូចខាត និងត្រៀមសម្រាប់ភ្លៀងធ្លាក់ខ្លាំង នៅពេលដែលព្យុះទីហ្វុង Pulasan បោកបក់មកឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស៕










